សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សម្របសម្រួលដល់និស្សិត WiDcy ធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុនកែច្នៃសំបុកត្រចៀកកាំរបស់អ្នកវិនិយោគចិននៅកម្ពុជា

Cambodia News

‎ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមកិច្ចសម្របសម្រួលពីសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន គណៈគ្រប់គ្រង និងនិស្សិតវិទ្យាស្ថានWiDcy សរុបចំនួន៥៥រូបបានអញ្ជើញធ្វើទស្សនកិច្ចសិក្សានៅ ក្រុមហ៊ុនកែច្នៃសំបុកត្រចៀកកាំ Cambodian Promising Thriving Bird’s Net ស្ថិតនៅសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសិក្សាស្វែងយល់អំពីដំណើរការផលិត ការគ្រប់គ្រងគុណភាព ការអនុវត្តស្តង់ដារអនាម័យ និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកែច្នៃសំបុកត្រចៀកកាំ។

‎ទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង បង្កើនការយល់ដឹងរបស់និស្សិតអំពីឧស្សាហកម្មកែច្នៃសំបុកត្រចៀកកាំ និងលើកកម្ពស់សមត្ថភាពរបស់យុវជនឱ្យឆ្លើយតបនឹងតម្រូវការនៃទីផ្សារការងារនាពេលអនាគត។

‎ក្នុងឱកាសនោះ លោក Feng Yanming អគ្គនាយក ក្រុមហ៊ុនកែច្នៃសំបុកត្រចៀកកាំ Cambodian Promising Thriving Bird’s Net បានទទួលស្វាគមន៍គណៈប្រតិភូនិស្សិតយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញអំពីប្រវត្តិនៃការបង្កើតក្រុមហ៊ុន ចក្ខុវិស័យ បេសកកម្ម សកម្មភាពអាជីវកម្ម និងសក្តានុពលនៃឧស្សាហកម្មសំបុកត្រចៀកកាំនៅកម្ពុជា។ ក្រុមហ៊ុនក៏បានចែករំលែកបទពិសោធន៍ក្នុងការអនុវត្តស្តង់ដារផលិតកម្ម ការគ្រប់គ្រងគុណភាព និងការពង្រីកទីផ្សារទាំងក្នុងស្រុក និង ទាំងត្រៀមនាំចេញទៅក្នុងលេីទីផ្សារអន្តរជាតិ ។

‎បន្ទាប់ពីបទបង្ហាញ និស្សិតបានចុះទស្សនាផ្ទាល់នៅតាមខ្សែសង្វាក់ផលិតកម្ម ដោយសិក្សាអំពីការទទួល និងជ្រើសរើសវត្ថុធាតុដើម ការសម្អាត និងកែច្នៃសំបុកត្រចៀកកាំ ការត្រួតពិនិត្យគុណភាព ការអនុវត្តស្តង់ដារអនាម័យ និងសុវត្ថិភាពស្បៀងអាហារ ព្រមទាំងការវេចខ្ចប់ និងការរៀបចំផលិតផលសម្រាប់ទីផ្សារ។

‎អ្នកជំនាញរបស់ក្រុមហ៊ុនបានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីការគ្រប់គ្រងសហគ្រាស ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិត ការបង្កើតតម្លៃបន្ថែមលើផលិតផល និងឱកាសការងារក្នុងវិស័យកែច្នៃសំបុកត្រចៀកកាំ។ និស្សិតបានចូលរួមសួរសំណួរ និងផ្លាស់ប្តូរយោបល់យ៉ាងសកម្ម ដែលបានបង្កើនការយល់ដឹង និងទស្សនវិស័យអំពីការអភិវឌ្ឍអាជីព និងសហគ្រិនភាព។

‎លោក រៃ គិមហ៊ាន់ នាយកវិទ្យាស្ថាន WiDcy បានមានប្រសាសន៍ថា៖

‎«កម្មវិធីទស្សនកិច្ចនេះផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សដែលមានទាំងចំណេះដឹង ទាំងជំនាញអនុវត្ត និងសមត្ថភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់វិស័យឧស្សាហកម្ម។ ទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតក្នុងការរៀនពីបទពិសោធន៍ផ្ទាល់ ស្វែងយល់ពីបច្ចេកវិទ្យាទំនើប ការគ្រប់គ្រងផលិតកម្ម និងការអភិវឌ្ឍអាជីវកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងអាជីពនាពេលអនាគត។»

‎លោកនាយក បានបន្ថែមថា វិទ្យាស្ថាន WiDcy នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាស និងវិស័យឯកជន ដើម្បីបង្កើនឱកាសសិក្សាបែបអនុវត្ត ការស្រាវជ្រាវ និងការបណ្តុះបណ្តាលជំនាញ ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់កម្ពុជា។

‎ជាលទ្ធផល និស្សិតបានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងអំពីដំណើរការផលិត ការគ្រប់គ្រងសហគ្រាស ការធានាគុណភាព និងការបង្កើតតម្លៃបន្ថែមលើផលិតផល។ ទស្សនកិច្ចនេះក៏បានជំរុញស្មារតីសហគ្រិនភាព ការគិតបែបច្នៃប្រឌិត និងការត្រៀមខ្លួនរបស់និស្សិតសម្រាប់ការងារ និងការបង្កើតអាជីវកម្មនាពេលអនាគត។

‎ទស្សនកិច្ចសិក្សាបានបញ្ចប់ដោយជោគជ័យ និងសម្រេចបានតាមគោលបំណងដែលបានកំណត់។ សកម្មភាពនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានWiDcy ក្នុងការលើកកម្ពស់ការអប់រំបែបអនុវត្ត និងការកសាងភាពជាដៃគូជាមួយវិស័យឯកជន ដើម្បីអភិវឌ្ឍយុវជនកម្ពុជាឱ្យក្លាយជាធនធានមនុស្សដែលមានគុណភាព សមត្ថភាព និងភាពប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចថ្មី៕ ‎វិទ្យុជាតិកម្ពុជា៖ លោកចេម ២៦ ៧ ២០២៦

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close