កុំនាំចចកចូលផ្ទះ៖ ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវការការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់
Cambodia News
ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការដោះស្រាយបញ្ហាដោយសន្តិវិធីគឺត្រូវធ្វើឡើងតាមទម្រង់ពិគ្រោះពិភាក្សាឬសន្ទនាប្រកបដោយមិត្តភាពនិងស្មើភាព។ ដោយឡែក ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដែលជាបញ្ហារសើបក្នុងតំបន់វារឹងរឹតតែត្រូវការការសហការនិងការពិគ្រោះពិភាក្សាប្រកបដោយមិត្តភាព ដើម្បីចៀសវាងការផ្ទុះជម្លោះខ្លាំងក្លា។
ជាពិសេស ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសក្នុងតំបន់រួមមានប្រទេសចិននិងបណ្តាប្រទេសអាស៊ានបានធ្វើការពិគ្រោះពិភាក្សាអស់ពេលជាយូរឆ្នាំទើបឈានដល់ការចុះហត្ថលេខាលើឯកសារនយោបាយដែលហៅថា«សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង»នៅក្នុងឆ្នាំ២០០២ នៅប្រទេសកម្ពុជា ដែលបានកំណត់ជាក់លាក់នូវគំនិតឯកភាពរួមរបស់បណ្តាភាគីស្តីពីការរួមគ្នាគាំពារស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះតាមរយៈការពិគ្រោះពិភាក្សាដោយមិត្តភាព។ នេះជាសមិទ្ធផលដ៏ធំធេងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងរយៈពេលយូររបស់ប្រទេសក្នុងតំបន់ ហើយក៏ជាសញ្ញាសបញ្ជាក់ផងដែរថា ប្រទេសក្នុងតំបន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី។
យ៉ាងណាមិញ បើទោះបីជាប្រទេសចិនដែលមានអធិបតេយ្យភាពពេញលេញនៅប្រជុំកោះនានានិងដែនទឹកជុំវិញនៅសមុទ្រចិនខាងត្បូងជារឿងដែលមានភស្តុតាងជាក់លាក់ទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ ហើយចិនមានឆន្ទៈធ្វើការជាមួយប្រទេសក្នុងតំបន់ដើម្បីអភិវឌ្ឍសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការក្តី ប៉ុន្តែស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូងរមែងតែងប្រឈមនឹងរឿងល្អក់កករខ្លះដោយសារការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់ និងការទាមទារមិនសមហេតុផលរបស់ប្រទេសមួយពីរក្នុងតំបន់។
ក្នុងបរិបទដែលប្រទេសចិននិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ បាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»ក្នុងពេលឆាប់ៗ ក្នុងគោលបំណងបង្កើតជាយន្តការប្រកបដោយបទដ្ឋានខ្ពស់សម្រាប់ការធ្វើអភិបាលកិច្ចសមុទ្រចិនខាងត្បូងដោយផ្អែកតាមច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ ដើម្បីរួមគ្នាគាំពារស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែក្នុងមួយរយៈពេលកន្លងទៅនេះ ប្រទេសហ្វីលីពីនបែរជាបានអូសទាញកម្លាំងក្រៅតំបន់ដូចជាអាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម ឱ្យចេញសេចក្តីថ្លែងការណ៍រួមស្តីពីការរំលឹកខួប១០ ឆ្នាំនៃការប្រកាសពីអ្វីដែលហៅថា«ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»ទៅវិញ។ ការឃោសនាបំប៉ោងពីការកាត់ក្តីដោយខុសច្បាប់បែបនេះវាមិនត្រឹមតែមិនបានរួមចំណែកអ្វីសម្រាប់ជាផលប្រយោជន៍នៃប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្កភាពតានតឹងជាថ្មី។
គួរបញ្ជាក់ថា មិនថា«ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»ដែលជាឧបាយកលនយោបាយជ្រកក្រោមស្លាកផ្លូវច្បាប់ និងជាការកាត់ក្តីរបស់តុលាការមជ្ឈត្តកម្មដែលរំលោភដែនយុត្តាធិការរបស់ខ្លួន ឬក៏ការចូលឡូកឡំរបស់ប្រទេសក្រៅតំបន់ក្តី គឺមិនអាចកែប្រែអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងនោះឡើយ។ បើតាមឯកសារប្រវត្តិសាស្ត្រ តាំងពីសតវត្សរ៍ទី២ មុនគ្រិស្តសករាជមក ក៏មានជនជាតិចិនធ្វើដំណើរតាមសមុទ្រចិនខាងត្បូង ព្រមទាំងប្រទះឃើញប្រជុំកោះនានានៅទីនោះ។ ចិនជាប្រទេសដំបូងបង្អស់ដែលបានអនុវត្តអធិបតេយ្យភាពនិងគ្រប់គ្រងប្រជុំកោះនៅសមុទ្រចិនខាងត្បូងដោយសន្តិភាពជាប់រហូតមក នេះជាគំនិតឯកភាពរួមជាទូទៅរបស់សហគមន៍អន្តរជាតិតាំងពីដើមមកម្ល៉េះ។
ពាក្យចាស់ពោលថា«កុំនាំចចកចូលផ្ទះ»។ ការដែលប្រទេសក្នុងតំបន់ទៅសមគំនិតនិងអូសទាញប្រទេសក្រៅតំបន់ឱ្យមកលូកលាន់រឿងផ្ទៃក្នុង វាមិនអាចនាំមកនូវផលប្រយោជន៍អ្វីនោះទេ ផ្ទុយទៅវិញ ប្រទេសក្រៅតំបន់ដែលមានមហិច្ឆតាចង់កេងចំណេញខាងភូមិសាស្ត្រនយោបាយប្រាកដជានឹងកកូរកកាយស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ បូករួមទាំងអ្នកដែលនាំ«ចចក»ចូលផ្ទះផងដែរ។ ជឿជាក់ថា ប្រទេសភាគច្រើនក្នុងតំបន់សុទ្ធតែយល់ដឹងច្បាស់ពីផលវិបាកដែលកើតឡើងពីការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅ ហើយមុខជាមិនគាំទ្ររឿងដែល«ចង់ចំណេញ ដាច់ចំណង»បែបនេះទេ។
ជារួម បញ្ហាផ្ទៃក្នុងត្រូវដោះស្រាយដោយភាគីពាក់ព័ន្ធនានា ពោលគឺមិនថាជម្លោះទ្វេភាគីឬពហុភាគីក្តី ក៏គួរតែអង្គុយនៅមុខតុចរចា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ មិនថាសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរនៅសមុទ្រចិនខាងត្បូង ឬការកសាងសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះនោះទេ គឺតម្រូវឱ្យប្រទេសក្នុងតំបន់ធ្វើការជាមួយគ្នាដោយស្មោះត្រង់និងគោរពគ្នា តែមិនមែនអូសទាញកម្លាំងខាងក្រៅឱ្យមកបំផ្លាញកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសក្នុងតំបន់នោះឡើយ។ អាស្រ័យហេតុនេះ ការឈានដល់គំនិតឯកភាពស្តីពី«ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»ទើបជារឿងចាំបាច់ដែលប្រទេសក្នុងតំបន់គួរខិតខំសម្រេចក្នុងពេលឆាប់ៗ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន
