វិស័យធានារ៉ាប់រងដាក់អាទិភាពលើការអនុវត្តច្បាប់ ក្នុងផែនការអភិវឌ្ឍន៍ ២០២១–២០៣០
Cambodia News
ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា បានប្រកាសដាក់អាទិភាពលើការពង្រឹងអនុវត្តច្បាប់ «ធានារ៉ាប់រងជាកាតព្វកិច្ច» ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១–២០៣០ ដោយគូសបញ្ជាក់ថា ការអនុវត្តនៅតែមានកម្រិតទាប បើទោះបីច្បាប់បានចេញអនុវត្តជាងពីរដប់ឆ្នាំមកហើយក៏ដោយ។
ការបញ្ជាក់នេះ ត្រូវបានលើកឡើងដោយ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា ក្នុងពេលថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ។
លោកបានថ្លែងថា ទោះបីសេដ្ឋកិច្ចសកលនៅបន្តជួបប្រទះបញ្ហាប្រឈម កម្ពុជានៅតែអាចរក្សាកំណើនសេដ្ឋកិច្ចបានប្រមាណ៦% ក្នុងឆ្នាំ២០២៤។ ក្នុងបរិបទនេះ វិស័យធានារ៉ាប់រងត្រូវបានចាត់ទុកថា ជាសមាសភាគសំខាន់មួយក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតសំណាញ់សុវត្ថិភាព និងបង្កើនភាពធន់ហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ និងអាជីវកម្ម។
លោកបានថ្លែងថា៖ «ការពង្រឹងអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច គឺជាអាទិភាពមួយក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២១–២០៣០ តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងស្ថាប័នពាក់ព័ន្ធ»។
យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានអនុម័តតាំងពីឆ្នាំ២០០០ និងបានធ្វើវិសោធនកម្មនៅឆ្នាំ២០១៤ កម្ពុជា បានកំណត់ការធានារ៉ាប់រងជាកាតព្វកិច្ចចំនួន៣ ប្រភេទ រួមមាន ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្តសម្រាប់ម្ចាស់យានយន្តប្រកបអាជីវកម្ម ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ និងការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានសាងសង់។
ច្បាប់បានកំណត់ឱ្យម្ចាស់អាជីវកម្ម និងម្ចាស់ការដ្ឋាន ត្រូវទិញធានារ៉ាប់រងដើម្បីធានាសំណងជូនតតិយជន ក្នុងករណីមានការខូចខាតលើរូបរាងកាយ ឬទ្រព្យសម្បត្តិ បណ្តាលមកពីសកម្មភាពអាជីវកម្មរបស់ខ្លួន ហើយក៏មានទោសទណ្ឌចំពោះការមិនអនុវត្តផងដែរ។
លោក ច័ន្ទភីរូ បានបន្ថែមថា៖ «ទោះជាយ៉ាងណា និយ័តករធានារ៉ាប់រងកម្ពុជា បានអះអាងថា ការអនុវត្តនៅមានកម្រិតទាប ដោយសារកត្តាចម្បង៣ រួមមាន កង្វះការយល់ដឹងរបស់ម្ចាស់អាជីវកម្មអំពីកាតព្វកិច្ចត្រូវទិញធានារ៉ាប់រង ការផ្សព្វផ្សាយមិនទូលំទូលាយ និងស្ថាប័នអនុវត្តមិនទាន់យល់ច្បាស់អំពីតួនាទីរបស់ខ្លួនក្នុងការត្រួតពិនិត្យអនុវត្តច្បាប់»។
លោកបន្ដថា ក្នុងន័យនេះ ការរៀបចំអង្គសិក្ខាសាលាផ្សព្វផ្សាយត្រូវបានមើលឃើញថា ជាជំហានមួយក្នុងការបង្កើនការសម្របសម្រួលអន្តរក្រសួង និងជំរុញឱ្យស្ថាប័នមានសមត្ថកិច្ច អនុវត្តតួនាទីតាមច្បាប់បានកាន់តែប្រសើរ។
លោកបានលើកឡើងថា វិស័យធានារ៉ាប់រងមិនត្រឹមតែជាមេកានិចការពារហានិភ័យបុគ្គលនោះទេ ប៉ុន្តែជាឧបករណ៍សំខាន់ក្នុងការចែករំលែកហានិភ័យក្នុងសង្គម ដើម្បីធានាថា នៅពេលកើតមានហេតុការណ៍មិនបានរំពឹងទុក បុគ្គល ឬអាជីវកម្ម មិនត្រូវទទួលបន្ទុកខាតបង់ដោយឯង។
ការដាក់អាទិភាពលើការអនុវត្តច្បាប់ក្នុងអំឡុងពេលឆ្នាំ២០២១–២០៣០ ត្រូវបានមើលឃើញថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ស្តង់ដារអាជីវកម្ម ការពារសិទ្ធិតតិយជន និងបង្កើនទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុជាតិ ខណៈកម្ពុជាកំពុងបន្តដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងរឹងមាំ៕



