សម្ដេចតេជោ ហ៊ុន សែន ណែ​នាំ​ឲ្យ​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ជូន​ខ្មែរ​នៅ​ក្រៅ​​ប្រទេស​

និងផ្ដាំឲ្យទៅចូលរួមបោះឆ្នោតដោយផ្ទាល់នៅកម្ពុជា

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដា នាទី​ក្រុង​វ៉ាស៉ីន​តោន​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា  បាន​ណែនាំ​ឲ្យ​សិក្សា​ធ្វើ​អត្ត​សញ្ញាណ​បណ្ណ​ជូន​ប្រជា​ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ពិសេស​​អាមេរិក​ និងកាណាដាជាដើម។

សម្ដេចតេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍បន្ត​ថា ការធ្វើអត្តសញ្ញាណបណ្ណនេះគឺ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់ពួកគាត់ ដែល​ចង់​ទិញ​អចលន​ទ្រព្យនៅ​ពេល​ត្រឡប់មកប្រទេសកំណើតវិញ នៅ​ថ្ងៃ​ណា​មួយ ខណៈ​ពួក​គាត់​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៅ​កម្ពុជា​ឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ត្រូវ​ធ្វើ​ការជាមួយស្ថាប័នពាក់ព័ន្ធ ពិសេសផ្នែកអត្តសញ្ញាណកម្ម ដើម្បីសម្រួលការងារនេះ ក្រោយ​ពី​សម្ដេច​បាន​ឮ​ពីការ​លំបាក​របស់​ប្រជាពលរដ្ឋខ្មែរអាមេរិក។

​សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស នៅ​ពេល​ទទួល​បាន​អត្ត​សញ្ញាណ​សញ្ជាតិខ្មែរហើយនោះ ត្រូវ​ទៅចុះឈ្មោះបោះឆ្នោត ហើយការបោះឆ្នោតនេះទៀតសោត ត្រូវ​ទាមទារសិទ្ធិបោះឆ្នោតដោយផ្ទាល់ មិន​អាច​បោះ​ឆ្នោត​តាម​ប្រៃស​ណីយនោះទេ ព្រោះ​ជា​ច្បាប់​បោះ​ឆ្នោត​របស់កម្ពុជា គឺត្រូវបោះឆ្នោតផ្ទាល់៕

Related Articles

Back to top button
Close
Close