ពលរដ្ឋកម្ពុជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ពីជំងឺសាហាវៗជាច្រើន
នៅថ្ងៃទី ២០ មេសា ២០១២ មន្រ្តីជាន់ខ្ពស់អង្គការសុខភាពមួយនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងថា គេបានរកឃើញថា ពលរដ្ឋកម្ពុជាដែលមានអាយុចន្លោះពី ២៥ឆ្នាំទៅដល់ ៦៥ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ពីជំងឺសរសៃឈាម និងបេះដូង ជំងឺសួតរ៉ាំរ៉ៃ ជំងឺមហារីកនិងជំងឺទឹកនោមផ្អែម។
លោកវេជ្ជបណ្ឌិតអ៊ុំ សុភាព នាយកប្រតិបត្តិអង្គការខាណា បានថ្លែងនៅក្នុងពិធីប្រារព្ធទិវាពណ៌ស្វាយអង្គការខាណាលើកទីមួយថា ភស្តុតាងវិទ្យាសាស្រ្ត បានបង្ហាញឱ្យឃើញថា ជំងឺទាំងនេះមានជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹងឥរិយាបថនៃការរស់នៅមានជាអាទិ៍ ការទទួលទានអាហារមិនត្រឹមត្រូវ កង្វះការហាត់ប្រាណ ការប្រើបំពានគ្រឿងស្រវឹង និងការជក់បារី។
តាមការឲ្យដឹងពីបាយការណ៍សុខភាពពិភពលោក មានមនុស្ស ៥៧លាននាក់នៅក្នុងពិភពលោកបានស្លាប់ក្នុងឆ្នាំ២០០៨ ដែលក្នុងនោះមាន៣៦លាននាក់ស្លាប់ដោយសារតែជំងឺមិនឆ្លង ជាពិសេសស្លាប់ដោយជំងឺសរសៃឈាមបេះដូង ជំងឹទឹកនោមផ្អែម ជំងឺមហារីក និងជំងឺសួតរ៉ាំរ៉ៃ។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា មរណៈភាពដែលបណ្តាលមកពីជំងឺមិនឆ្លងមានប្រមាណ ៤៧ភាគរយក្នុងឆ្នាំ២០១០ ក្នុងនោះជំងឺសរសៃឈាមបេះដូង២១ភាគរយ ជំងឺមហារីក ៧ភាគរយ ជំងឺសួតរ៉ាំរ៉ៃ៥ភាគរយ និងជំងឺទឹកនោមផ្អែម៣ភាគរយ ជំងឺប្រព័ន្ធរំលាយអាហារនិងជំងឺមិនឆ្លងផ្សេងទៀតរួមបញ្ចូលគ្នាទទួលខុសត្រូវ១១ភាគរយ៕