គ.ជ.ប ទទួលទឹកខ្មៅលប់មិនជ្រះពីឥណ្ឌា
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី១៩ មិថុនា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅ កាត់ថា គ.ជ.ប បានទទួលការឧបត្ថម្ភទឹកខ្មៅលប់មិនជ្រះពីប្រទេស ឥណ្ឌា ប្រមាណ៤ម៉ឺនដប ដែលតម្លៃជាង៨៨ម៉ឺនដុល្លារអាម៉េរិក សម្រាប់រៀបចំការបោះឆ្នោតថ្នាក់ជាតិ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ២០១៣។
ប្រធានគ.ជ.ប លោក អ៊ឹម សួស្តី បានថ្លែងនៅក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលទឹកខ្មៅនោះថា ទឹកខ្មៅលុបលាងមិនជ្រះ គឺជាសម្ភារៈសំខាន់មួយក្នុងចំណោមសម្ភារៈសំខាន់ៗទាំងប្រាំមុខ ដែលមិនអាចខ្វះបាននៅក្នុងនោះ គឺសន្លឹកឆ្នោត, ត្រាសម្ងាត់, បញ្ជីបោះឆ្នោត, ហិបឆ្នោត និងទឹកខ្មៅលុបលាងមិនជ្រះ។
លោកបន្តថា ប្រសិនបើខ្វះសម្ភារៈណាមួយក្នុងចំណោមសម្ភារៈទាំងនេះ នោះស្ថានីយបោះឆ្នោតនឹងមិនអាចដំណើរការបានទេ។
លោក អ៊ឹម សួស្តី បានហៅទឹកខ្មៅ នោះថា ជានិមិត្តសញ្ញាសត្យានុម័តមួយ ដែលបង្ហាញពីសុច្ចរិតភាព និងតម្លាភាព នៅក្នុងដំណើរការបោះឆ្នោតតាមរយៈការជួយឱ្យមន្រ្តីបោះឆ្នោត និងភាគីពាក់ព័ន្ធ ដែលតាមឃ្លាំមើលដំណើរការបោះឆ្នោតនៅតាមស្ថានីយបោះឆ្នោតនីមួយៗ បានដឹងថា អ្នកបោះឆ្នោតនោះពិតជាបានបោះឆ្នោតរួចហើយ ថែមទាំងជួយបង្ការទប់ស្កាត់ មិនអោយមានការបោះឆ្នោតលើសពីមួយដងថែមទៀត៕