តើការវិវឌ្ឍរីកចម្រើននៃបញ្ញាសិប្បនិម្មិតរបស់ចិនបាននាំមកនូវការផ្លាស់ប្តូរអ្វីខ្លះក្នុងវិស័យ​នានា ?

សារព័ត៌មាន​ Cambodia News/

ក្នុងយុគសម័យថ្មី ការអភិវឌ្ឍនៃប្រទេសជាច្រើនបានប្តូរពីការអភិវឌ្ឍបែបប្រពៃណីទៅជាការអភិវឌ្ឍបែបនវានុវត្តន៍ដើម្បីដើរឱ្យទាន់និន្នាការនៃយុគសម័យ ។

គេអាចសង្កេតឃើញថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនបាននិងកំពុងកើតមានការផ្លាស់ប្តូរជាបណ្តើរៗ ពោលគឺយើងទាំងអស់គ្នាបាននិងកំពុងស្ថិតក្នុងបរិយាកាសសង្គមមួយប្រកបដោយភាពទំនើបនិងវៃឆ្លាត ។​ ​អាស្រ័យហេតុនេះ ពាក្យថា«បញ្ញាសិប្បនិម្មិត» (AI)បានក្លាយជាប្រធានបទក្តៅនាពេលបច្ចុប្បន្ន ដែលយើងអាចនិយាយបានថា យុគសម័យ AI បានឈានចូលមកដល់ហើយ ។

កាលពីពេលមុន យើងគិតថា AI ហាក់ដូចជានៅឆ្ងាយពីយើងណាស់ ប៉ុន្តែឥឡូវនេះ AI គឺស្ថិតនៅក្បែរខ្លួនរបស់យើងគ្រប់គ្នា ជាពិសេសគឺសម្ភារៈប្រើប្រាស់ក្នុងជីវភាពរស់នៅនិងក្នុងជីវិតការងារ ឧទាហរណ៍ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ រថយន្ត និងគ្រឿងអគ្គិសនីប្រើប្រាស់ក្នុងផ្ទះជាដើម សុទ្ធសឹងតែប្រកបដោយភាពវៃឆ្លាត ។ យើងអាចនិយាយបានថា ការអភិវឌ្ឍនៃបច្ចេកវិទ្យា AI បានរួមចំណែកមិនអាចខ្វះបានដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ ជាពិសេសក្នុងវិស័យសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតសំខាន់គឺការអភិវឌ្ឍបច្ចេកវិទ្យា AI ដោយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបានចែករំលែកសមិទ្ធផលទាំងនេះជាមួយបណ្តាប្រទេសលើពិភពលោក ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា បច្ចុប្បន្ន ប្រទេសចិនបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសខ្លាំងខាងវិស័យអវកាស ដូចជាការបង្ហោះយានអវកាសផ្ទុកមនុស្ស និងការយកសំណាកពីភពព្រះចន្ទជាដើម ។ ឯការយកសំណាកដីពីផ្ទៃខាងមុខនិងផ្ទៃម្ខាងនៃភពព្រះចន្ទរបស់យានអវកាសចិនគឺប្រតិបត្តិដោយមនុស្សយន្តដែលចុះចតនិងប្រតិបត្តិដោយស្វ័យប្រវត្តិ គឺជាបច្ចេកវិទ្យា AI ដែលអាចវាស់ស្ទង់និងវិភាគទិន្នន័យយ៉ាងទៀង​ទាត់ ដែលធ្វើឱ្យប្រទេសចិនសម្រេចបាននូវសមិទ្ធផលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រដែលមនុស្សជាតិសិក្សាស្រាវជ្រាវអំពីភពព្រះចន្ទ ។

ក្នុងវិស័យដែលប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្ពស់ បច្ចេកវិទ្យា AI បានដើរតួនាទីកាន់តែសំខាន់ ។ ក្នុងការសិក្សាស្រាវជ្រាវអំពីសមុទ្រជ្រៅ ប្រសិនជាមនុស្សយើងចុះទៅផ្ទាល់ នោះត្រូវប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង តែបើប្រតិបត្តិដោយមនុស្សយន្ត AI នោះវាមិនត្រឹមតែមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែការប្រមូលយកទិន្នន័យក៏បានគ្រប់ជ្រុងជ្រោយជាងការប្រតិបត្តិដោយមនុស្សផងដែរ ។ បច្ចុប្បន្ន យានរុករកក្នុងសមុទ្រជ្រៅរបស់ចិនដែលបំពាក់បច្ចេកវិទ្យា AI បានមុជទៅជម្រៅទឹក ១០៩០៩ ម៉ែត្រដែលជាជម្រៅជ្រៅបំផុតលើពិភពលោកនៃការសិក្សាស្រាវជ្រាវនាពេលបច្ចុប្បន្ន ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់មនុស្សជាតិសិក្សាស្រាវជ្រាវអំពីមហាសាគរដ៏អាថ៌កំបាំង ។

ក្នុងវិស័យឧស្សាហកម្មនិងកម្មន្តសាល គេតែងសង្កេតឃើញថានៅតាមរោងចក្រឬរោងជាងជាច្រើននៃប្រទេសចិនគឺមានបំពាក់គ្រឿងចក្រប្រតិបត្តិដោយស្វ័យប្រវត្តិ ដែលពន្លឿនទាំងប្រសិទ្ធភាពការងារនិងសម្រួលដល់កម្លាំងពលកម្មរបស់មនុស្ស ។ ឧស្សាហកម្មធុនធ្ងន់ជាច្រើនប្រសិនបើគ្មានការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទេ នោះនឹងជះឥទ្ធិពលដល់សមត្ថភាពផលិតនិងសុវត្ថិភាពខាងផលិតកម្ម ។

បច្ចេកវិទ្យា AI ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយផងដែរនៅក្នុងវិស័យសុខាភិបាលរបស់ប្រទេសចិន និងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ ។ ការវះកាត់មួយចំនួនបានប្រើប្រាស់បច្ចេកវិទ្យា AI ដែលមិនត្រឹមតែអាចវះកាត់យ៉ាងត្រឹមត្រូវប៉ុណ្ណោះទេ ប៉ុន្តែអាចជួយកាត់បន្ថយផលប៉ះពាល់ខាងវិទ្យុសកម្មចំពោះគ្រូពេទ្យទៀតផង ដែលធ្វើឱ្យការវះកាត់ដែលមានភាពស្មុគស្មាញជាច្រើនសម្រេចបានអត្រាជោគជ័យខ្ពស់ ។

ងាកមកជីវភាពរស់នៅវិញ គេសង្កេតឃើញថា បច្ចេកវិទ្យា AI បានត្រូវប្រើប្រាស់ក្នុងការដឹកជញ្ជូនអីវ៉ាន់នៅតាមទីក្រុងមួយចំនួនរបស់ប្រទេសចិន ដ្រូនដឹកជញ្ជូនបានដឹកអីវ៉ាន់ទៅដាក់នៅទីតាំងដែលអតិថិជនបានកំណត់ ហើយអតិថិជនគ្រាន់តែស្កេន QR កូដក៏អាចបើកយកកញ្ចប់អីវ៉ាន់ ។ ​​ចំណែករថយន្តដែលមានបំពាក់បច្ចេកវិទ្យា AI អាចបើកបរដោយស្វ័យប្រវត្តិ , អាចបន្លឺសញ្ញាព្រមាននៅពេលរថយន្តស្ថិតក្នុងគម្លាតគ្រោះថ្នាក់ , អាចរយ៉ែចូលចតដោយស្វ័យប្រវត្តិ ។ល។ ឯមនុស្សយន្តដែលបំពាក់បច្ចេកវិទ្យា AI ត្រូវបានប្រើប្រាស់នៅតាមសណ្ឋាគារនិងភោជនីយដ្ឋានជាច្រើនក្នុងប្រទេសចិន ដែលបានលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាកម្ម ។

ជាច្រើនឆ្នាំកន្លងទៅនេះ ដ្រូនកសិកម្មនិងគ្រឿងយន្តកសិកម្មវៃឆ្លាតត្រូវបានកសិករចិនប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជាការស្រោចស្រព ដាក់ជី និងប្រមូលផលដំណាំជាដើម ដែលបានជួយសន្សំសំចៃ​កម្លាំងរបស់កសិករនិងលើកកម្ពស់ប្រសិទ្ធភាពនៃការបង្កបង្កើនផល ។

ក្រៅពីនេះ កម្មវិធី AI ដែលដំឡើងក្នុងទូរស័ព្ទដៃនិងកុំព្យូទ័របានផ្តល់ជាជំនួយសម្រាប់ការស្រាវជ្រាវ ,ការបង្រៀននិងការសិក្សាជាដើម គឺជាដៃគូដ៏ឆ្លាតវៃដែលអាចផ្តល់ជាការស្រាយពន្យល់ដ៏ក្បោះក្បាយ ព្រមទាំងការបំផុសគំនិតតាមរយៈឯកសារយោងដ៏ច្រើនសន្ធឹក ។

ជាការពិតណាស់ ស្របនឹងការវិវឌ្ឍរីកចម្រើនផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការផ្លាស់ប្តូរក៏បានកើតមានជារៀងរាល់ថ្ងៃ ដែលនាំមកនូវភាពទំនើបទាន់សម័យនិងភាពងាយស្រួលសម្រាប់ជីវភាពរស់នៅរបស់មនុស្សយើង ។ យើងអាចរំពឹងទុកថា ការអភិវឌ្ឍនៃ«ឧស្សាហកម្មនៅពេលអនាគត»របស់ចិន នឹងនាំមកនូវឧត្តមប្រយោជន៍កាន់តែច្រើនថែមទៀតជូនដល់ប្រជាជនចិនក៏ដូចជាសង្គមមនុស្សជាតិទាំងមូល ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close