លោក ឆាយ សុផល សូមផ្តល់យោបល់ខ្លះៗ ជូនសម្តេចតេជោ ហ៊ុន សែន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មិថុនា ២០១៧) ៖ លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មាន និងអ្នកនិពន្ធសៀវភៅ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានគោរពជម្រាបជូន សម្តេចតេជោ ហ៊ុន សែន នូវយោបល់ខ្លះ ការដែលគណបក្សមិនកាន់អំណាច អាចទទួលបានតំណែងខ្លះជាមេឃុំ និងចៅសង្កាត់នោះ គឺមិនបណ្តាលមកពីបញ្ហា របស់អាជ្ញាធរឃុំ-សង្កាត់ឡើយ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់ លោក ឆាយ សុផល។
បញ្ហាទាំងនោះរួមមាន៖ ១. សេវាមន្ទីរពេទ្យ និងមន្ទីរពេទ្យបង្អែកខ្លះរបស់រដ្ឋមិនល្អ (គ្រូពេទ្យមួយចំនួន [មិន ទាំងអស់ទេ] អសីលធម៌។ អ្នកជំងឺគ្មានប្រាក់ ពេទ្យខ្លះមិនយកចិត្តទុកដាក់….) ២. ក្រុមហ៊ុនសម្រាម – យកសម្រាមមិនទាន់ពេល ទាំងនៅតាមផ្ទះ និងទីប្រជុំជន ដោយទុកឲ្យស្អុយរយៈពេលយូរ នៅពេលខ្លះ (មិនគ្រប់ពេលទេ)។ ៣. អគ្គិសនីនៅកម្ពុជា – ដាច់ភ្លើងមិនបានប្រាប់មុន (មិនគ្រប់ពេលទេ) ហើយបើផ្ទះណាដាច់ភ្លើង មិនជាសមូហភាព ភ្នាក់ងារអគ្គីសនីនៅតាមតំបន់ខ្លះ (មិនទាំងអស់ទេ) ធ្វើឫក ធ្វើរាង ទាល់តែមានលុយទឹកតែ ទើបមកពិនិត្យទាន់ពេល បើគ្មានលុយនៅងងិតសិនទៅ។ ពេលខ្លះលើសថ្ងៃបង់ប្រាក់បន្តិចបន្តួច ផ្តាច់គ្មានមេត្តា ហើយពិន័យ បើចង់ភ្ជាប់អគ្គីសនីវិញ (នេះជាច្បាប់ឬគោលការណ៍ របស់អគ្គីសនីកម្ពុជា)។ ពេលខ្លះ បើចង់ប្តូរអំពែពីតូចទៅធំ ឬប្តូរឈ្មោះម្ចាស់បង់វិក្កយបត្រ ក៏មានបញ្ហាខ្លះដែរ នៅតាមតំបន់មួយចំនួន (មិនទាំងអស់ទេ)។ អគ្គីសនីកម្ពុជាបានដាក់លេខទូរស័ព្ទ ឲ្យទាក់ទង បើមានបញ្ហាមិនប្រក្រតីណាមួយ តែបើអ្នកជួបបញ្ហាអគ្គីសនីតែម្នាក់ឯង មិនបានទូរស័ព្ទតវ៉ាច្រើនទេ ព្រោះគិតថា អាចស៊ិពេលគ្មានភ្លើងប្រើ ព្រោះភ្នាក់ងារអគ្គីសនីតាមតំបន់ខ្លះ (មិនទាំងអស់ទេ) ទូទាំងប្រទេសជាប់រវល់ គឺមិនមែនតែផ្ទះមួយឯណា។ ចំណុចនេះមិនមែនជាកំហុស របស់សង់ត្រាល់ EDC នៅក្បែរវត្តភ្នំឡើយ។ ៤. មន្រ្តីតាមក្រសួង មន្ទីរ ស្រុក ខណ្ឌមួយចំនួន (មិនទាំងអស់ទេ) ក៏គាបស៊ីពលរដ្ឋតាមជំនាញដែរ សូម្បីតែមន្រ្តីក្រោមឱវាទខ្លួន ក៏មិនលើកលែង។ មន្រ្តីតាមក្រសួង មន្ទីរ ស្រុក ខណ្ឌមួយចំនួន (មិនទាំងអស់ទេ) មិនអើពើមន្រ្តីក្រោមឱវាទ វាយឫក អាងអំណាច បង្កើតជាបក្ខពួក បង្កភាពភ័យខ្លាច បង្កើតអំពើពុករលួយត្រង់ៗ គ្មានតម្លាភាពក្នុងមុខតំណែង ធ្វើដូចអំណាចទាំងនោះ ជាកេរ្តិ៍មរតកដូនតារបស់ខ្លួនចែកឲ្យ។ ៥. មន្រ្តីធំៗ និងអ្នកមានលុយខ្លះ ដោយរួមទាំងសមាជិកគ្រួសាររបស់គេ មួយចំនួនផង (មិនទាំងអស់ទេ) មហាឈ្លើយរកលេខដាក់គ្មាន បើកបររថយន្តទំនើបៗ មិនគោរពច្បាប់ចរាចរណ៍ ជិះបញ្ច្រាសទិស ហើយគំរាមគេឯង។
ហ្វេសប៊ុកបន្តថា ចំណុច៦. ឈ្មួញធំមួយចំនួន (មិនទាំងអស់ទេ) ចង់តែបាន ដោយឃុបឃិតជាមួយមន្រ្តីជំនាញ រាជធានី ក្រុង ខេត្ត ខណ្ឌ និងក្រសួងមន្ទីរខ្លះ (មិនទាំងអស់ទេ) ស៊ីដាច់ដីពលរដ្ឋគ្មានស្រណោះ និងសងសំណងមិនសមរម្យ។ ៧. នគរបាល និងកងរាជអាវុធហត្ថខ្លះ (មិនទាំងអស់ទេ) នៅតាមក្រសួង រាជធានី ខេត្ត ក្រុង និងខណ្ឌ ធ្វើបាបពលរដ្ឋចាស់ដៃដែរ ពិសេសការធ្វើអត្តសញ្ញាណប័ណ្ណ ប័ណ្ណស្នាក់នៅ និងប័ណ្ណគ្រួសារ ហើយនៅពេលមានបញ្ហាព្រហ្មទណ្ឌខ្លះ ឆ្លៀតឱកាសគាបស៊ីតាមជំនាញ។ ចំណែកឯនរគបានចរាចរណ៍វិញ ខ្លះទៀត (មិនទាំងអស់ទេ) ក៏ឆ្លៀតគាបស៊ីអ្នកបើកបរយានយន្តដែរ នៅពេលមានបញ្ហាចរាចរណ៍ ម្តងៗ។ នេះមិនទាន់គិតពីរឿងសុំលុយ សុំភេសជ្ជៈស្រវឹងពីអាជីវករខ្មែរ ចិន យួន ពេលមានបុណ្យទានម្តងៗ ដោយសំអាងថា នៅប្រចាំការ និងការពារសន្តិសុខ (វាមិនដែលប្រចាំការ និងការពារសន្តិសុខ បែរជាផឹកភេសជ្ជៈស្រវឹងនោះទេ)។ ៨. នៅតាមផ្សារ ប្រធានផ្សារ និងសន្តិសុខមួយចំនួន (មិនទាំងអស់ទេ) ជាស្តេចក្រាញ់ក្នុងតំបន់ ដែលធ្វើឲ្យអាជីវករដាក់បណ្តាសា ហើយរងចាំឱកាសដើម្បីតបស្នងវិញ។
លោកបន្ថែមទៀតថា ក្នុងនោះក៏នៅមានបញ្ហាជាច្រើនទៀត ហើយបញ្ហាទាំងអស់នេះ ធ្វើឲ្យពលរដ្ឋក្តៅក្រហាយ និងចង់ឃើញឲ្យមានការផ្លាស់ប្តូរ ដែលចំណុចទាំងនេះ មិនមែនជាបន្ទុក និងជាកំហុស របស់អាជ្ញាធម៌ឃុំ-សង្កាត់ឡើយ។ លោកបញ្ជាក់ថា “ ខ្ញុំគិតថា ការលើកឡើងនេះ ពិតជាអាចធ្វើឲ្យមន្រ្តីជំនាញ និងល្អៗគ្រប់ស្ថាប័ន មិនសប្បាយចិត្តទេ តែអ្វីដែលខ្ញុំបាទលើកឡើងខាងលើ គឺសំដៅតែថា “ខ្លះ” “មិនទាំងអស់” និង “មិនគ្រប់ពេលទេ” ហើយការលើកឡើងរបស់ខ្ញុំនេះ ទំនងជាអាចខុស ព្រោះនេះគ្រាន់តែជាទស្សនៈ របស់បុគ្គលម្នាក់ប៉ុណ្ណោះ ដែលមើលឃើញមួយជ្រុង ក្នុងសង្គមនៃយើង។
*** ប្រសិនបើបញ្ហានេះ អាចដោះស្រាយបាន ចាប់ពីពេលនេះតទៅ នោះពិតជាប្រពៃណាស់ នាឆ្នាំ២០១៨។ សូម សម្ដេចតេជោ មេត្តាទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ និងសូមជូនពរឲ្យសម្ដេចតេជោ និងគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ នៅឆ្នាំ២០១៨”៕