កំពុងប្រោះព្រំជាមួយស្រីថ្មីប្រពន្ធតាមទាន់
សារព័ត៌មាន Cambodia News/
កំពត (១៨ វិច្ឆិកា ២០១៦) ៖ បុរសជាប្តីម្នាក់ត្រូវប្រពន្ធតាមទាន់ពេលអង្គុយសំពះផ្ទឹមទទួលការប្រោះព្រំពីព្រះសង្ឃក្នុងលំនៅស្ថានស្រីជាគូកំណាន់កាលពីយប់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៦ក៏ប្តឹងឲ្យសមត្ថកិច្ចបានឃាត់ខ្លួនតាមបណ្តឹងរបស់ប្រពន្ធក្រោមបទចោទប្រកាន់នូវអំពើផិតក្បត់ បង្កឲ្យមានភាពភ្ញាក់ផ្អើលនៅភូមិដំបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច។
បុរសជាប្តីលួចផិតក្បត់ក្នុងសំណុំរឿងខាងលើឈ្មោះទេព ផាត អាយុ ៥២ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិកន្លង់ ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាសខេត្តកំពត។ស្ត្រីឈ្មោះជាវណ្ណឌឿនអាយុ៥៣ឆ្នាំជាប្រពន្ធបុរសនោះបានរៀបរាប់ថានាអំឡុងពេលចុងក្រោយនេះប្តីរបស់គាត់មានអាការៈកាន់តែប្លែកខ្លាំងបន្ទាប់ពីបានធ្វើទុក្ខបុកម្នេញ និងបង្ករឿងរ៉ាវក្នុងគ្រួសារមិនចេះចប់មិនចេះហើយអស់រយៈកាលជាយូរកន្លងមក។
ដោយសារទិដ្ឋភាពបែបនោះ គាត់បានតាមដាន និងដឹងច្បាស់ថាប្តីរបស់គាត់លបលួចមានស្រីម្នាក់ឈ្មោះច្រឹប អាយុប្រហែលជាង៤០ឆ្នាំ រស់នៅភូមិដំបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ហើយបម្រុងនឹងសែនព្រេនយកគ្នាជាប្តីប្រពន្ធទៀតផង។ ស្ត្រីវណ្ណឌឿនបានបញ្ជាក់ថាតាមពិតឈ្មោះច្រឹបនោះមានប្តីជាអាណិកជនដោយយកគ្នារហូតមានកូនប្រុសម្នាក់អាយុ១២ឆ្នាំ និងថ្មីៗនេះប្តីរបស់គេមកសាងសង់ផ្ទះឱ្យទើបតែហើយរួចរាល់ទៀតផង។
ស្ត្រីដដែលបានបន្តថាដោយសារតែបញ្ហានេះ គាត់បានដាក់ពាក្យបណ្តឹងចូលស្នងការដ្ឋាននគរបាលខេត្តកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងបានតាមទាន់ហេតុការណ៍សែនព្រេននៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ទំនាក់ទំនងហៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្តង៕