ក្លិប​អ្នកកាសែត​កម្ពុជា​ប្រកាស​រក​អ្នក​ថត​រូប​ជើង​ឯក​ឆ្នាំ២០២៣ ​ដើម្បី​ផ្សព្វផ្សាយ​ជួយ​ទេសចរណ៍​ខ្មែរ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ជាលើកទី១ហើយដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូបស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់​នៅកម្ពុជាបញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់រហូតដល់ ៣ លានរៀល សម្រាប់​ជ័យ​លាភី​លេខ១​ និងពានជើងឯក។

ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបីក្នុងអណត្តិរាជរដ្ឋាភិបាលថ្មីឆ្នាំ ២០២៣៖ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក.អ.ក បានប្រកាសរៀបចំការប្រកួតរូបថតក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែទូលំទូលាយទាំងក្នុងនិងក្រៅប្រទេសអំពីសម្រស់ធម្មជាតិរបស់កម្ពុជា។

តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជនដោយមិនកែច្នៃ ឬរៀប​ចំឈុត​ឆាក​ថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬ​ក៏​បង្ហាញ​ពី​បរិស្ថានស្អាត រួមទាំងតំបន់អភិវឌ្ឍជាដើម។

ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែល​មិន​ជាប់​ជ័យ​លាភី​ក៏​នឹង​ទទួលបានការលើកទឹកចិត្តផងដែរ។ រូបថតដែលផ្ញើរមកគណកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់​មក​នឹងយកទៅផ្សព្វផ្សាយទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យនិងល្អៗពីកម្ពុជា ជា​ពិសេស​សម្រាប់​វិស័យទេសចរណ៍តែម្តង។

ក្លិបអ្នកកាសែតកម្ពុជា សូមអំពាវនាវដល់អ្នកថតរូបមេត្តារួសរាន់​ផ្ញើរ​រូប​ថត​ដើម្បី​ដាក់​ចូល​ប្រកួត​យក​ពាន់​រង្វាន់​និង​ស្នាដៃ​ឯក​សម្រាប់​ឆ្នា២០២៣នេះ។ ក.អ.ក ក៏សូមស្វាគមដល់ស្ថាប័នរដ្ឋ និងឯកជនដែលមានបំណង​ចូលរួម​តាម​ទម្រង់​ផ្សេងៗ​ដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯកផ្នែកថតរូបនេះកាន់តែធំ និងទូលំទូលាយសម្រាប់ជាតិយើង។ សម្រាប់​ព័ត៌មាន​បន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទនិងតេទ្បេក្រាមលេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១ ៕

Related Articles

Back to top button
Close
Close