ខេម នឹងធ្វើសន្និសីទកាសែតបកស្រាយការពិតជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ 06 មិថុនា 2016) ៖ តារាចម្រៀងល្បីលោក ប៊ុន សុណារិន្ទ ហៅ ខេម បានបញ្ជាក់ថា លោកនឹងបកស្រាយរឿងរ៉ាវដែលបានកើតឡើងពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានអ្នកបើកបរម្នាក់ ស្លាប់ឲ្យអស់ ដើម្បីបញ្ចប់ការជេរប្រមាថមកលើរូបលោកថា ជាអ្នកខុសតែម្នាក់ឯង។
ការបំភ្លឺទាំងនោះនឹងត្រូវធ្វើឡើងនៅក្នុងវេទិកាសន្និសីទកាសែតដែលរូបលោក និងផលិតថោន នឹងរៀបចំឡើង ប៉ុន្តែមិនច្បាស់ថា ធ្វើថ្ងៃណា ឬពេលណាឲ្យច្បាស់នោះទេដោយសារតែការរៀបចំនៅមិនទាន់កំណត់ច្បាស់។
ការប្រកាសពាក់ព័ន្ធនឹងវេទិកាសន្និសីទនេះ គឺបន្ទាប់ពីមានការដាក់បណ្ដឹងពីសំណាក់ភាគីជនរងគ្រោះ និងបន្ទាប់ពីមានការរិះគន់ខ្លាំងថា លោកបានធ្វើឲ្យមនុស្សស្លាប់ម្នាក់បែរជាសុំគេបង់ត្រឹមតែ៤ពាន់ដុល្លារ ក្នុងពេលដែលខាងភាគីជនរងគ្រោះទាមទារ២៥០០០ដុល្លារ ដែលមិនខុសពីការប្រមាថអាយុជីវិតមនុស្ស។
លោក ខេម បានបញ្ជាក់ថា លោកនឹងធ្វើការបកស្រាយពាក់ព័ន្ធនឹងចម្ងល់នេះឲ្យអស់ ហើយលោកក៏នឹងបញ្ជាក់ពីថ្ងៃធ្វើសន្និសីទកាសែត និងទីកន្លែងនៅពេលកំណត់បាននោះផង៕