តូចចិត្តនឹងម្តាយមិនដណ្តឹងប្រពន្ធឲ្យ ទៅដេកលើផ្លូវរថភ្លើងត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ០៦ កក្កដា ២០១៥) ៖ យុវជនម្នាក់រស់នៅភូមិត្រាញ់តាបាញ់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ តូចចិត្តនឹងម្តាយរបស់ខ្លួនមិនព្រមដណ្តឹងប្រពន្ធឲ្យតាមបំណងប្រាថ្នា ក៏បានទៅដេកលើផ្លូវរថេភ្លើង បណ្តាលឲ្យរថភ្លើងកិនដាច់ក្បាលស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនៅវេលាព្រឹកព្រលឹម នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ រឿន បុរី អាយុ២១ឆ្នាំ មុខរបរជាកម្មកររោងចក្រ ហើយយុវជនគិតខ្លីរូបនេះបន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិកាលពីរាត្រីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញរួចមក ក៏បានរំអុកម្តាយរបស់ខ្លួនឲ្យដណ្តឹងប្រពន្ធឲ្យខ្លួន ប៉ុន្តែត្រូវម្តាយនិយាយអង្វរករថា ចាំឆ្នាំក្រោយសិន ។
ទំនងជាតូចចិត្តនឹងម្តាយមិនព្រមដណ្តឹងប្រពន្ធឲ្យខ្លួនក្នុងឆ្នាំនេះតាមបំណងប្រាថ្នា ទើបយុវជនគិតខ្លីរូបនេះដាច់ចិត្តទៅដេកលើផ្លូវរថភ្លើង បណ្តាលឲ្យរថភ្លើងកិនដាច់ក្បាលស្លាប់យ៉ាងអាណោចអាធ័មតែម្តងទៅ ៕