នារី​ម្នាក់​ប៉ង​លួច​ម៉ូតូ​តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ចាប់​ឃាត់​ខ្លួន​

ភ្នំពេញ ៖ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី១២ ខែធ្នូ នារីម្នាក់ជាជនសង្ស័យបានធ្វើ សកម្មភាពលួចយកម៉ូតូរបស់គេត្រូវ ម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ រដ្ឋបាល ស្ថិតនៅសង្កាត់ដង្កោ ស្ថិតក្នុងបុរីតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យដែលធ្វើសកម្មភាពលួចម៉ូតូខាងលើនេះមានឈ្មោះ ប៉ក់ រិទ្ធី (ហៅរ័ត្ន) ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរធ្វើជាកម្មកររោងចក្រ មានស្រុកកំណើតនៅឃុំព្រែកហូរ ស្រុកតា ខ្មៅ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាក គុបជ្រុង C70 ពណ៌បៃតង ពាក់ស្លាក លេខ ឈ3772 ភ.ព1 ជនរងគ្រោះមានឈ្មោះ និន ពៅ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខ របរជាកម្មកររោងចក្រដូចគ្នា ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។

មុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅក្នុងរោងចក្រខាងលើ ហើយបានចូលទៅ ធ្វើការរហូតដល់ម៉ោង២០យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ ជនរងគ្រោះចេញពីធ្វើការដើរមក កន្លែងទុកម៉ូតូនៅក្នុងរោងចក្រ ក៏ស្រាប់តែបាត់មិនឃើញម៉ូតូរបស់ខ្លួន ពេលនោះរូបគេក៏ បានឆោឡោឡើង ហើយជនរងគ្រោះបានធ្វើការឆែកមើលតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព របស់ រោងចក្រ ក៏ដឹងថាជនសង្ស័យរូបនេះបានលួចម៉ូតូរបស់ខ្លួនហើយក៏ចាប់ឃាត់ខ្លួន យកមកឲ្យនគរបាលតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌដង្កោ ធ្វើ ការកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅសាលាដំបូងរាជធានី ភ្នំពេញចាត់ការទៅ តាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close