រលកស៊ូណាមិ វាយប្រហារប្រទេសជប៉ុនបន្ទាប់ពីប្រទេសឈីលី
សារព័ត៌មាន Cambodia News/
ជប៉ុន (០៣ មេសា ២០១៤) ៖ បន្ទាប់ពីបានវាយប្រហារទៅលើឆ្នេរសមុទ្រភាគខាងជើង នៃប្រទេសឈីលីរួចមក ពេលនេះកម្លាំងនៃគ្រោះរញ្ជួយដី ដែលបង្កជារលកស៊ូណាមិ បានវាយប្រហារទៅលើកំពង់ផែ អាយវ៉េត ដែលលាតសន្ធឹងលើឆ្នេរសមុទ្រប៉ាស៊ីហ្វិក ស្ថិតនៅភាគឦសានប្រទេសជប៉ុនទៀតហើយ។
បើតាមការបញ្ជាក់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា រញ្ជួយដីដែលមានកម្លាំង៨.២រ៉ិចទ័រ បានបង្កឱ្យក្លាយជារលកស៊ូណាមិ មានទំហំ៤០សង់ទីម៉ែត្រហើយ មកដល់ថ្ងៃទី០៣ខែមេសានេះ។
បើតាមការបញ្ជាក់ ពីភ្នាក់ងារឧតុនិយមជប៉ុនវិញ បានឱ្យដឹងដែរថា កម្រិតនៃរលកស៊ូណាមិនេះ ត្រូវបានគេប្រកាសអាសន្ន នៅតំបន់ឆ្នេរប៉ាស៊ីហ្វិក នៃកោះ ហុកកៃដូ និងតំបន់ តូហូគូ។ តំបន់មួយចំនួនទៀត ដែលអាចរងផលប៉ះពាល់ដូចគ្នាដែរគឺ តំបន់ កានតុ រួមនឹងកោះ អ៊ីហ្ស៊ូ និងអូហ្កាសាវ៉ារ៉ា។
ក្រៅពីនេះ បើយោងទៅលើសារព័ត៌មានជប៉ុនក្យូដូ បានឱ្យដឹងថា នៅច្រកគូជិ អាយវ៉េត របស់ជប៉ុន ក៏គេសង្កេតឃើញមានកម្លាំងរលក មានទំហំប្រមាណជា២០សង់ទីម៉ែត្រដែរ នៅព្រឹកម៉ោងជិត៧ថ្ងៃទី០៣ខែមេសានេះ។ រីឯទំហំនៃរលក ដែលវាអាចកើនឡើងកម្រិតណានោះ នឹងត្រូវធ្វើការត្រួតពិនិត្យនៅពេលក្រោយ៕