CCHR អំពាវនាវឲ្យបញ្ឈប់ការផ្សាយស្ប៉ត Cellcard ដែលបង្ហាញពីការរើសអើងមនុស្សភេទទីបី
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ(០៦ មីនា ២០១៤) ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អំពាវនាវឲ្យបណ្តាញស្ថានីយ៍ទូរទស្សន៍ទាំងអស់ បញ្ឈប់ការចាក់ផ្សាយស្ប៉តពាណិជ្ជកម្ម Cellcard និងរាល់ការសម្ដែងមានលក្ខណៈរើសអើងមនុស្សភេទទីបី។
ការអំពាវនាវ នេះ បានធ្វើឡើង ខណៈដែលក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) បានផលិត និងចាក់ផ្សាយស្ប៉តពាណិជ្ជកម្មមួយ នៅលើកញ្ចក់ទូរទស្សន៍កម្ពុជា រយៈពេល៦០វិនាទី ដោយបង្ហាញពីអតិថិជនពីរនាក់ ប្រើប្រព័ន្ធទូរស័ព្ទខុសគ្នា គឺ Cellcard និងប្រព័ន្ធផ្សេងមួយ ទៀត។
ស្ប៉ត ពាណិជ្ជកម្មនោះ បានលើកឡើងពី អតិថិជនម្នាក់ដែលប្រើប្រាស់ប្រព័ន្ធទូរស័ព្ទផ្សេងពី Cellcard បានខកចិត្ត នៅពេលដែលខ្លួនណាត់ជួបមនុស្សស្រីដែលខ្លួនស្គាល់តាមទូរស័ព្ទជា លើកដំបូង តែផ្ទុយទៅវិញ នារីម្នាក់នោះមនុស្សភេទទីបី។ ចំណែកបុរសម្នាក់ផ្សេងទៀត ដែលប្រើប្រព័ន្ធCellcard បាននិយាយថា «ខ្ញុំប្រើប្រព័ន្ធ Cellcard ! ដូច្នេះ ខ្ញុំមិនទទួលបានលទ្ធផលខកចិត្តដូចនេះទេ»៕