ខ្ចី​ម៉ូតូ​បាត់​ជិត​មួយ​ខែ​ម្ចាស់​ឃើញ​ចាប់​ឲ្យ​សម្ថកិច្ច​

ភ្នំពេញ៖ សម្លាញ់ទើបតែ ស្គាល់គ្នាថ្មោងថ្មី ខ្ចីម៉ូតូ ទៅដឹកស្រីស្នេហ៍ដើរលេង ហើយយក  ទៅបាត់អស់ជិតមួយខែ ទីបំផុតម្ចាស់តាមរកឃើញ ក្របួចបានទាំងមនុស្ស និងម៉ូតូ ប្រគល់ឲ្យ អាវុធហត្ថខណ្ឌ៧មករា ដុសក្អែលចេញកុំឲ្យពូកែ ដើរបោកគេពេក។

មន្ដ្រីអាវុធខណ្ឌ៧មករា បានឲ្យដឹងថា ឈ្មោះ ទិត្យ សុខរាជ អាយុ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង០៥ និង៣០នាទីព្រឹក ថ្ងៃទី១៦ ធ្នូ ២០១២ នៅមុខពហុកីឡាដ្ឋានជាតិ ស្ដាតអូឡាំពិក ដោយម្ចាស់ម៉ូតូឈ្មោះ សេង ផានិន ភេទប្រុសអាយុ២៤ឆ្នាំ ជានិសិ្សត និងជាមិត្ដភក្ភិ ដែលទើបតែស្គាល់គ្នាថ្មីៗជាមួយជនសង្ស័យ។

ជនសង្ស័យ ឈ្មោះ ទិត្យ សុខរាជ បានខ្ចីម៉ូតូម៉ាក់ស្កុបពីពណ៌ខ្មៅ លាយទឹកដោះគោ ពាក់ស្លាកខេភ្នំពេញ ១អា គុយ ២២៦៩ ពីជនរងគ្រោះនៅមុខសួនសុបិន្ដចំការព្រីង កាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយប្រាប់ថា ទៅឌុបស្រីស្នេហ៍រួចក៏យកទៅបាត់រហូត។ លុះដល់ថ្ងៃទី១៦ ធ្នូ ២០១២ ស្រាប់តែជនរងគ្រោះ ប្រទះឃើញជនសង្ស័យជិះម៉ូតូមកស្ដាតអូឡាំពិក ក៏ចាប់ឃាត់ខ្លួន ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌតែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថខណ្ឌ៧មករា កសាងសំណុំរឿង បញ្ជូនទៅរាជអាវុធរាជធានីភ្នំពេញ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

ជនសង្ស័យដែលត្រូវម្ចាស់ម៉ូតូឃើញហើយចាប់ឲ្យសម្ថកិច្ច (រូប dap) ។

Related Articles

Back to top button
Close
Close