ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ៖ សម្តេចមហាបវរធិបតីមានការយកចិត្តទុកដាក់លើធនធានមនុស្ស ជាសំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ

ខេ្តត្បូងឃ្មុំ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃច័ន្ទ​ ១៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រមទាំង​ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ចំនួនសរុបប្រមាណ ៣០០នាក់។​ សិក្ខាសាលានេះ រៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ។

ឯកឧត្តមបានលើកឡើងថា សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណង (១) បង្ហាញពិកិច្ចខំប្រឹងប្រែង និង សមិទ្ធផលធំៗ របស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា (២) បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ (៣) បញ្រ្ជាបការយល់ដឹងបន្ថែមដល់អង្គភាព ថ្នាក់ក្រោមជាតិ ឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស និង (៤) ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការអនុវត្ត សេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា កម្ពុជាបានទទួលយកកតិកាសញ្ញា អនុសញ្ញាអន្តរជាតិចំនួន ៨លើ៩ និងខ្លឹមសារនៃកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញជាតិរបស់កម្ពុជា មានន័យថា ក្រោយពីកម្ពុជាទទួលយកនូវកតិកាសញ្ញា អនុសញ្ញាអន្តរជាតិទាំងនេះ កម្ពុជាត្រូវជាប់កាតព្វកិច្ចដ៏ធំនោះគឺការធ្វើរបាយការណ៍ជាតិស្ដីពីសិទ្ធិមនុស្សជូនអង្គការសហប្រជាជាតិ ដែលនេះជាការងារចាំបាច់ផងដែររបស់ គ.ស.ម.ក. ក្នុងការសរសេររបាយការណ៍ជាតិនេះ។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនារយៈពេលកន្លងមក និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាសត្យានុម័ត ដូចយើងបាននិងកំពុងឃើញជាក់ស្តែង គ្មានទេការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់មនុស្សនៅក្នុងភ្នក់ ភ្លើងសង្គ្រាម សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិចម្បងគេ ក៏មិនត្រូវបានធានាផងដែរ។ ហេតុនេះ ការចូលរួមថែរក្សានិងការពារសន្តិភាព គឺជាកាតព្វកិច្ចរបស់យើង ទាំងអស់គ្នា ដើម្បីធានាបាននូវឱកាសក្នុងការទទួលបាន និងប្រើប្រាស់សិទ្ធិសេរីភាពជាមូលដ្ឋាន និងវឌ្ឍនភាពរបស់ប្រជាជនកម្ពុជា។ ម៉្យាងវិញទៀតសម្តេចបវរធិបតីមានការយកចិត្តទុកដាក់លើធនធានមនុស្សជាសំខាន់ ក្នុងកិច្ចអភិវឌ្ឍសង្គមជាតិ។

នៅក្នុងឱកាសនៃសិក្ខាសាលានេះឯកឧត្តមបានបញ្ជាក់ថា អ្វីដែលយើងគ្រប់គ្នាគួរ មានមោទនភាពបំផុតក្នុងនាមជាប្រជាជនខ្មែរនោះគឺ ប្រទេសកម្ពុជាយើងពុំមានទោសប្រហារជីវិតដូចប្រទេសដទៃឡើយ ដែលការលុបចោលទោសប្រហារជីវិតនេះ គឺជាការបំពេញកាតព្វកិច្ច មួយដ៏សំខាន់បំផុតស្របតាមនិយាមនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា ក៏មិនត្រូវបានរើសអើងនោះទេចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ហើយនេះជាធម្មជាតិចំពោះបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានពីកំណើតមក ដូច្នេះពួកគាត់មិនគួរត្រូវបានទទួលការរើសអើងពីសំណាក់មជ្ឈដ្ឋានជុំវិញនោះទេ ប៉ុន្តែគួរតែត្រូវបានលើកទឹកចិត្ត និងការពារពួកគាត់ដូចពលរដ្ឋដទៃទៀតដែរ។ មួយវិញទៀត គ.ស.ម.ក. ក៏តែងតែចូលរួមចំណែកដ៏សំខាន់នេះ​ ដោយការចូលរួមការពារសិទ្ធិរបស់បងប្អូនអ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីឱ្យសិទ្ធិបងប្អូនអ្នកស្រឡាញ់ភេទដូចគ្នាត្រូវបានធានា និងទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញ។ ដោយឡែកសេរីភាពនៃជំនឿ សាសនា ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសិទ្ធិ និងសេរីភាពពេញលេញក្នុងការគោរពផងដែរ។

ឯកឧត្តម បានធ្វើការកោតសរសើរចំពោះការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដែលបានបង្កបរិយាកាសឱ្យមានការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងនៃមន្ត្រីចំណុះឱ្យរដ្ឋបាលខេត្តទាំងមូលផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី​ បានបញ្ចាក់ផងដែរថា កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូសន្ទនាបែបស្ថាបនា ជាមួយរាល់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close