ពលរដ្ឋ​ចោទ ​ឧកញ៉ា ភឿន ផល្លា ថា បាន​​ដើរ​​រំលោភ​​យក​​ដី​​សាធារណៈ​​របស់​​រដ្ឋ​​មក​​ធ្វើ​ជា​​កម្ម​សិទ្ធិ​​ផ្ទាល់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

ខេត្តកណ្តាល (២ សីហា ២០១៩) ៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល បាន​ចោទប្រកាន់​លោក​ឧកញ៉ា ភឿន ផល្លា ថា បាន​រំលោភ​យក​ដី​ព្រែក​សាធារណៈ​របស់​រដ្ឋ ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ដោយ​ខុសច្បាប់​។ ទន្ទឹម​នោះគេ​ក៏​ស្គាល់​ថា លោក​ឧកញ៉ា ភឿន ផល្លា អាង​អំណាច​ជា​មន្ត្រី​យោធា ពាក់​ផ្កាយ​៣ នៅ​អង្គភាព ង​៧០ ។​

​ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ផ្ទុះ​ការតវ៉ា បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន បាន​ឃុបឃិត​គ្នា​បន្លំ​ធ្វើឯកសារ​មាន ស្នាម​មេដៃ​របស់​ពួកគាត់ ដើម្បី​ធ្វើលិខិត​ផ្ទេរកម្មសិទ្ធិ​កាន់​កាន់​ដី​ព្រែក​សាធារណៈ​របស់​រដ្ឋ ទៅ​ឲ្យ​ឧកញ៉ា ភឿន ផល្លា ដោយ​ខុសច្បាប់ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ដី​ព្រែក​របស់​រដ្ឋ​ដែល​ឧកញ៉ា ភឿន ផល្លា រំលោភ​យក គឺមាន​ប្រវែង​រាប់គីឡូម៉ែត្រ នៅជាប់​ផ្លូវ​ប្រប​មាត់ទន្លេ​មេគង្គ​ត្រើយ​ខាងកើត ចាប់​ពីមុខ​វត្ត​អរិយ​ក្សត្រ រហូតដល់​មុខ​វត្ត​ខ្សាច់ និង​មាន​ទំហំ​សរុប​ជាង ១០​ហិកតា ត្រូវបាន​អាជ្ញាធរ​ឃុំ​អរិ​ក្សត្រ និង​អាជ្ញាធរ​ស្រុក​ល្វាឯម ឃុបឃិត​គ្នាន​ធ្វើ​ប័ណ្ណ​សិទ្ធិ​ដាក់ឈ្មោះ ភឿន ផល្លា តាមរយៈ​ការបន្លំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​លក់​ដោយ​ខុសច្បាប់​។​

​ប្រជាពលរដ្ឋ​បាន​ចោទ ឧកញ៉ា ភឿន ផល្លា ថា បាន​ប្រើ​អំណាច​ទឹកប្រាក់ ឲ្យ​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ដើរ​បញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ​ឲ្យ​ផ្ដិតមេដៃ នៅលើ​ឯកសារ​បញ្ជាក់ថា ពួកគាត់​បាន​យល់ព្រម​លក់​ដី​ព្រែក​របស់​រដ្ឋ​ទំហំ​ជាង​១០​ហិកតា​នេះ​ឲ្យ​ខ្លួន​ដោយ​គ្រាន់តែ​ផ្តល់ លុយ​បន្តិចបន្តួច​ឲ្យ​ពលរដ្ឋ​ប៉ុណ្ណោះ ។​

​តាម​ព័ត៌មាន​ទទួលបាន​ឲ្យ​ដឹងថា ឧកញ៉ា ភឿន ផល្លា តែងតែ​ប្រើ​រូបភាព​បញ្ចុះបញ្ចូល​ប្រជា ពលរដ្ឋ​នៅតាម​បណ្តា​ស្រុក ក្នុង​ខេត្តកណ្ដាល ដើម្បី​បោក​បញ្ឆោត​ពួកគាត់​ឲ្យ​ផ្តិតមេដៃ​លក់​ដី​បឹង ដីព្រៃ​លិច​ទឹក និង​ដី​ព្រែក ដែលជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ឧកញ៉ា ភឿន ផល្លា បាន​ប្រើ​មេខ្យល់​យ៉ាងហោចណាស់ ៣​នាក់ ឲ្យ​ដើរ​ប្រមូល​ប្រជា​ពល រដ្ឋ​នៅក្នុង​ភូមិ​ព្រែក​ថ្មី ប្រមាណ​១០០​នាក់ ដោយ​ជួបជុំគ្នា​នៅក្នុង​វត្ត​កំពង់ចម្លង ឃុំ​ជ័យ​ធំ ឲ្យ​ផ្តិតមេដៃ​លើ​ឯកសារ​លក់​ដី​បឹង​មួយ​ឈ្មោះ បឹង​ខ្យង ទំហំ​ប្រមាណ​១០០​ហិកតា ស្ថិតនៅក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ​ពលរដ្ឋ​ម្នាក់​ទទួលបាន​ប្រាក់​ចំនួន​១០០​ដុល្លារ​ពី​មេខ្យល់​ដែល​បម្រើ​ឲ្យ​ម​ហិ​ច្ឆិ​តា​របស់​ឧកញ៉ា​រូបនោះ ។​

​ប៉ុន្តែ​សកម្មភាព​ទន្ទ្រាន​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់​បែបនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ មកពី​ភូមិ​ជ័យ​តូច​, តា​គាត់​កើត​, តា​គាត់​លិច​, ព្រែក​ថ្មី និង​មកពី​ភូមិ​ជ្រៃ​លាស់ ក្នុង​ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នាំគ្នា​ផ្តិតមេដៃ​ជំទាស់​នឹង​ទង្វើ​លក់​ដី​ឲ្យ​លោក​ឧកញ៉ា ភឿន ផល្លា ដែល​បាន​ចំណាយ​ប្រាក់​រាប់ពាន់​ដុល្លារ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនេះ ដើម្បី​ឲ្យ​ផ្តិតមេដៃ​លក់​បឹង​ខ្យង ដោយ​បំពាន​ច្បាប់​។​

​គួររម្លឹកថា លោក​ឧកញ៉ា ភឿន ផល្លា ក៏​ធ្លាប់​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ប្តឹង​រឿង​ដីធ្លី​ផងដែរ​។​

​ប្រជាពលរដ្ឋ​ចំនួន ៣៧​គ្រួសារ នៅក្នុង​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ប្រតិកម្ម ចំពោះ​លោក​ឧកញ៉ា ភឿន ផល្លា និង​លោក លឹម សុជាតិ ក្រោយពី​បាន​បែកធ្លាយ​ឯកសារ​រឿង ដី​ប្រមាណ​ជិត ២០០​ហិកតា ដែល​បុគ្គល​ទាំងពីរ​នាក់​នេះ បានមក​សុំ​យក​មេដៃ​ដើម្បី​សុំ​សិទ្ធិ ស្របច្បាប់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ពួកគាត់ ប៉ុន្តែ​បែរជា​មានតែ​ឈ្មោះ​លោក​ឧកញ៉ា ភឿន ផល្លា និង​លោក លឹម សុជាតិ ក្នុងការ​គ្រប់គ្រង​ដី​ប្រមាណ​១៩២​ហិច​តា​ទៅវិញ ។​

​លោក គឹម ចំណាន តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន​៣៧​គ្រួសារ បាន​ថ្លែងថា ពួកគាត់​មិន​ស្មានថា អ្វី គឺជា​ឆាកល្ខោន សោះ ព្រោះ​កន្លងមក​ឈ្មោះ ភឿន ផល្លា និង លោក លឹម សុជាតិ បានមក​ប្រាប់​ពួកគាត់ និង​សុំអោយ​ពួកគាត់​ផ្តិតមេដៃ ដើម្បី​ដាក់​ជួន​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​កាត់​ង្វៀ​ល​ដី​ជូន​ពួកគាត់ ប៉ុន្តែ​អ្វីៗ​ផ្ទុយ​ពី​ការពិត​ទាំងអស់ ស្រាប់តែ​ថ្មីៗ​នេះ ពួកគាត់​បានទទួល​ឯកសារ​មួយច្បាប់ ដែល​មន្ទី​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ​ប្រគល់​ដីជូ​ន​តែ​ឈ្មោះ​ភឿន ផល្លា និង លោក លឹម សុជាតិ ទៅវិញ ។​

​តំណាង​ពលរដ្ឋ​បញ្ជាក់ថា អ្វី​ទាំងអស់នោះ​គឺ​ផ្ទុយ​ពី ស ជ ណ​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង ស ជ ណ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាត់​ង្វៀ​ល​ដី​ចំនួន ១៩២​ហិច​តា​នេះ ជូន​ឈ្មោះ ភឿន ផល្លា , លោក លឹម សុជាតិ រួម​ជា​ប្រជាពលរដ្ឋ​ចំនួន​២៩ គ្រួសារ​ផ្សេងទៀត​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ប្រជាពលរដ្ឋ​ទាំង​៣៧​គ្រួសារ បានស្នើ​យ៉ាង​ទ​ទួ​ច​ដល់​ស្ថាប័ន ពាក់ព័ន្ធ​ថ្នាក់លើ​ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សូមមេត្តា​ជួយ​រក យុ​ត្តិ​ធ​ម៏​ជូន​ពួកគាត់​ផង ហេតុ​អី​ពួកគាត់​រស់នៅ​អាស្រ័យ​ផល​ជាក់ស្តែង​បែរជា​ពុំមាន​ឈ្មោះ បែរជា​មានឈ្មោះ​បុគ្គល​ដែល​ពុំមាន​ទីលំនៅ​អាស្រ័យ​ផល​ទីនេះ​ទៅវិញ​។​

​ទាក់ទិន​ការចោទប្រកាន់​ខាងលើនេះ​សារព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ភឿន ផល្លា និង​លោក លឹម សុជាតិ បាន​នៅឡើយ​ទេ រហូតមកដល់​ពេលនេះ​៕

Related Articles

Back to top button
Close
Close