សម្តេចតេជោ ៖ កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៥ មេសា ២០២២) ៖ ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងជាង១លានដូសពីអ៊ីតាលី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជានឹងត្រូវទទួលវ៉ាក់សាំងកូវីដ-១៩ចំនួន២០លានដូសបន្ថែមទៀត ហើយវ៉ាក់សាំងទាំងនោះ នឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ ខណៈដែលវ៉ាក់សាំង មានស្រាប់នៅក្នុងឃ្លាំងស្តុកវ៉ាក់សាំងនៅរាជធានីភ្នំពេញមានជាង១១លានដូស។
ក្នុងពិធីទទួលវ៉ាក់សាំងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញផ្នែកសុខាភិបាល កុំឱ្យគិតតែទៅលើផ្នែកសុខភាពពេក ដោយមិនគិតពីបញ្ហា សេដ្ឋកិច្ច សង្គម និងចិត្តសាស្ត្រពលរដ្ឋ ខណៈដែលនៅកម្ពុជាការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតនៃការគ្រប់គ្រងបានយ៉ាងល្អ និងករណីឆ្លងប្រចាំថ្ងៃមានកម្រិតតិចតួច។
យោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៩២,២៦៤នាក់។
ក្នុងនោះរួមមានចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៨៤,០២៧នាក់, ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣២,១២៦នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥១,៥២៥នាក់, អាយុ៥ឆ្នាំ ៣៨៤,៧០០នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៣៩,៨៩៦នាក់៕