អង្គការ​តម្លាភាព​ឧស្សាហ​កម្ម​និស្សារណ​កម្ម​ចេញ​បទដ្ឋាន​ថ្មី

វ៉ាស៊ីនតោន៖ នៅ​ថ្ងៃទី​២៣ ​ខែ​ឧសភា​មាន​ការ​ប្រកាស​បទដ្ឋាន​ប្រតិបត្តិ​ថ្មី​សម្រាប់​ក្រុមហ៊ុន​ប្រេង ឧស្ម័ន​ និង​រ៉ែ ​ដោយ​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​បង្កើន​តម្លាភាព​ក្នុងការ​ធ្វើ​ជំនួញ។ ​

អង្គការ​តម្លាភាព​ឧស្សាហកម្ម​និស្សារណ​កម្ម​គឺ ​Extractive Industries Transparency Initiative ​(EITI) បាន​សម្រេច​បទដ្ឋាន​ថ្មី​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ Sydney ​ប្រទេស​អូស្ត្រាលី។ ​អង្គការ ​EITI ​នេះ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ រាប់​បញ្ចូល​រដ្ឋាភិបាល​ ក្រុម​ជំនួញ ​និង​អ្នក​តំណាង​សង្គម​ស៊ីវិល​ជា​សមាជិក​របស់​ខ្លួន។​

អ្នកស្រី ​Alexadria​ Gilles​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ឲ្យ​មាន​បទដ្ឋាន​តឹងរឹង។​ អ្នកស្រី ​គឺ​ជា​ប្រធាន​អភិបាល​កិច្ច​នៅ​វិទ្យាស្ថាន​តាម​ដាន​ប្រាក់​ចំណូល​ ដែល​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​យក​រ៉ែ​ជា​ច្រើន។ ​«អង្គការ ​EITI កំណត់​បទដ្ឋាន​ស្ម័គ្រ​ចិត្ត​សម្រាប់​លាត​ត្រដាង​អំពី​ផលិត​កម្មប្រេង​ រ៉ែ និង​ឧស្ម័ន។​ ប្រទេស​ហត្ថលេខី​ព្រមព្រៀង​គ្នា​លាតត្រដាង​ព័ត៌មាន​ខ្លះ​អំពី​ផ្នែក​យក​រ៉ែ​ របស់​គេ»។​

រហូត​ដល់​ពេល​នេះ ​អង្គការ​ EITI ​គ្រាន់តែ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​លាត​ត្រដាង​អំពី​ទិន្នន័យ​ប្រាក់​ចំណូល​តែ​ប៉ុណ្ណោះ។

«ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ថា ​ខ្លួន​បាន​ចំណូល​ប៉ុន្មាន​ពី​ក្រុមហ៊ុន​ប្រេង​ ឧស្ម័ន​ និង​រ៉ែ  ហើយ​ក្រុម​ហ៊ុន​ត្រូវ​បង្ហាញ​ថា​ ខ្លួន​ចំណាយ​ប៉ុន្មាន​ឲ្យ​រដ្ឋាភិបាល។​  បន្ទាប់​មក ​តួលេខ​នេះ​ត្រូវ​ពិនិត្យ​ដោយ​សវនករ​ឯករាជ្យ។ ​ ដូច្នេះ​នេះ​គឺ​ពិតជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​តម្លាភាព​ថា ​តើ​រដ្ឋាភិ បាល​បាន​ចំណូល​ប៉ុន្មាន»។​

អ្នកស្រី ​Gilles ​និយាយ​ថា ​ព័ត៌មាន​ប៉ុណ្ណេះ​មិន​គ្រប់​គ្រាន់​ដើម្បី​ធានា​ឲ្យ​មាន​តម្លា​ភាព​ទេ។
«ដូច​យើង​ដឹង​ហើយ ​ឧស្សាហ​កម្មប្រេង ​ឧស្ម័ន​ រ៉ែ​ស្មុគ្រស្មាញ​ណាស់ ​គឺ​វា​ពាក់ព័ន្ធ​ការ​សម្រេច​ចិត្ត​ច្រើន​លំដាប់ ​ហើយ​ដែល​ធ្វើ​ឡើង​ដើម្បីឲ្យ​ប្រទេស​នានា​ទទួល​បាន​ផល​ប្រយោជន៍​ពីប្រភព​ ធនធាន»។​

តាម​បទដ្ឋាន​ថ្មី ​ក្រុមហ៊ុន​នានា​ត្រូវ​បញ្ចេញ​ព័ត៌មាន​អំពី​បរិមាណ​ផលិត​កម្ម ការ​ចំណាយ​លើការ​ទទួល​ខុសត្រូវ​សង្គម​របស់​សាជីវ​កម្ម​ និង​ការ​ផ្ទេរ​ថវិកា​ជាតិ​ទៅ​រដ្ឋាភិបាល​មូលដ្ឋាន។

អង្គការ​នេះ​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​នានា​បង្ហាញ​អំពី​អាជ្ញា​បណ្ណ​ដែល​ខ្លួន​បាន​ចេញ​ឲ្យ​ក្រុមហ៊ុន​ដែរ។

«តម្រូវ​ការ​នេះ​ស្តាប់​ទៅ​ដូចជា​សាមញ្ញណាស់​ ​ ប៉ុន្តែ​នៅ​ប្រទេស​មួយ​ចំនួន​ ដូចជា​ Kazakhstan ​និង​Mozambique ​យើង​មិន​ដឹង​ថា ​ក្រុមហ៊ុន​ណា​មាន​អាជ្ញា​បណ្ណ​ ហើយ​ក្រុម​ហ៊ុន​ណា​មិន​មាន​ទេ»។​

អ្នកស្រី​និយាយ​ថា​ កាល​ពីមុន ​អង្គការ ​EITI ​ធ្វើការ​មិន​បាន​ល្អ​ទេ​ក្នុង​ការ​ត្រួត​ពិនិត្យ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ។ ​ អ្នកស្រី​និយាយ​ថា ​ក្រុមហ៊ុន​ប្រេងកាត​ជាតិ​ដើរ​តួ​សំខាន់​នៅ​ក្នុង​ប្រទេស​នានា ​ដូច​ជា​អ៊ីរ៉ាក់ ​និង​នីហ្សេរី។ ​

«នៅ​ក្នុង​ប្រទេស​សម្បូណ៌​ធនធាន​ មាន​ប្រជាជន​ជាង​១​ពាន់លាន​នាក់​រស់​នៅ​ដោយ​មាន​ប្រាក់ ចំណូល​មិន​ដល់​៥​ ដុល្លារ​ទេ​ក្នុង​មួយ​ថ្ងៃ។ ​ដូច្នេះ​គេត្រូវ​ប្រឈម​មុខ​បញ្ហា​អភិវឌ្ឍន៍​ទ្រង់ទ្រាយ​ធំ​ដើម្បី​ ប្រែក្លាយ​ប្រភព​ធន​ធាន​ប្រេង ​ឧស្ម័ន​ និង​រ៉ែ​នេះ​ឲ្យ​ទៅ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​ដើម្បី​កាត់​បន្ថយ​ភាព​ ក្រីក្រ​ និង​បង្កើន​សេដ្ឋ​កិច្ច។​ ឥឡូវ​នេះ កំណើត​សេដ្ឋកិច្ច​អាច​កើតមាន​បាន​ ​លុះត្រាតែ​ប្រភព​ធនធាន​ទាំងនេះ​ត្រូវ​គេគ្រប់​គ្រង​បាន​ត្រឹមត្រូវ»។​ ​

មាន​ប្រទេស​ជិត​៤០​ រួមមាន​ស.រ.អា.​ផង​បាន​ចូលរួម​ក្នុង​អង្គការ ​EITI ​នេះ។​ ចំពោះ​ប្រទេស​ខ្លះ ​គេ​ត្រូវ​ការ​អន្តរ​កាល​មួយឆ្នាំ​ដើម្បី​បំពេញ​តាម​តម្រូវការ​ថ្មី​ទាំង​ អស់​នេះ៕​ប្រែសម្រួលដោយពិន ស៊ីសុវណ្ណ (VOA)

Related Articles

Back to top button
Close
Close