អ៊ីស្រាអែលត្រៀមបើកប្រតិបត្តិការទ័ពជើងគោក នៅក្នុងទឹកដីហ្កាហ្សា
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្រកាសនៅថ្ងៃអាទិត្យទី១៨វិច្ឆិកានេះថាកងទ័ព អ៊ីស្រាអែលបានត្រៀមរួមហើយដើម្បីផ្តើមប្រតិបត្តិការយោធាដើម្បីប្រយុទ្ធប្រឆាំង នឹងពួកហាម៉ាសនៅក្នុងតំបន់ហ្កាហ្សា។នៅថ្ងៃអាទិត្យនេះប្រជាជន ប៉ាឡេស្ទីន៦នាក់ ក្នុងនោះមានកុមារ៤នាក់បានស្លាប់នៅក្នុងទម្លាក់គ្រាប់ បែករបស់ យន្តហោះអ៊ីស្រាអែល។
រដ្ឋាភិបាលអ៊ីស្រាអែលបានកោះប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃអាទិត្យ ដើម្បីបើក ភ្លើងខៀវឲ្យក្រសួងការពារជាតិប្រកាសប្រមូលកងទ័ពបម្រុងបន្ថែមទៀតសម្រាប់ ត្រៀមប្រលូកចូលវាយលុកក្នុងតំបន់ហ្កាហ្សា។ រហូតមកដល់ពេលនេះ មានកង ទ័ពបម្រុងអ៊ីស្រាអែលប្រមាណជាង ២ម៉ឺននាក់ត្រូវបានប្រមូលឲ្យចូលជួរនិងពង្រាយ ជាមួយកងរថក្រោះនៅតាមជួរព្រំដែនជាមួយតំបន់ហ្កាហ្សារួចហើយ។តាមគម្រោង រដ្ឋាភិបាលអ៊ីស្រាអែលនឹងប្រមូលទ័ពបម្រុងដល់ទៅជាង៧ម៉ឺន៥ពាន់សម្រាប់ត្រៀម ប្រយុទ្ធជើងគោក ទៅក្នុងតំបន់ហ្កាហ្សា។
នៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសថ្លែងអំណរគុណដល់ប្រទេសមហាអំណាចដែលបានសំដែងការគាំទ្រដល់ បុព្វហេតុរបស់អ៊ីស្រាអែល ដែលបានបើកការវាយប្រហារទៅលើក្រុមហាម៉ាសក្នុង បំណងការពារខ្លួន។ក្នុងន័យនេះអ៊ីស្រាអែលចង់សំដៅទៅប្រធានាធិបតី អាមេរិក ដែលបានប្រកាសគាំទ្រអ៊ីស្រាអែល។ អង់គ្លេសវិញ តាមរដ្ឋមន្រ្តីការពារជាតិបាន បង្ហាញ ការមិនគាំទ្ររបស់អង់គ្លេសទៅលើប្រតិបត្តិការវាយលុកជើងគោកទៅ តំបន់ហ្កាហ្សា។ តាមលោកWilliam Hague ការវាយសម្រុកចូលរបស់ទ័ពជើង គោក របស់អ៊ីស្រាអែលទៅក្នុងតំបន់ហ្កាហ្សា នឹងអាចធ្វើអ៊ីស្រាអែលបាត់បង់ការ គាំទ្រ របស់ខ្លួន នៅក្នុងឆាកអន្តរជាតិ។
រហូតមកថ្ងៃអាទិត្យ ឥស្សរជននយោបាយជាន់ខ្ពស់របស់សហគមន៍អន្តរជាតិ បានធ្វើដំណើរ បន្តបន្ទាប់គ្នាទៅកាន់អ៊ីស្រាអែលនិងតំបន់ហ្កាហ្សាដើម្បីធ្វើ យ៉ាងណាបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យបញ្ឈប់ការវាយប្រហារគ្នា។ បន្ទាប់ ពីនាយករដ្ឋមន្រ្តីអេហ្ស៊ីប និងរដ្ឋមន្រ្តីការបរទេសទុយនីស៊ី គណៈប្រតិភូរបស់ សម្ព័ន្ធអារ៉ាប់ កំពុងផ្តើមការងារការទូតរបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា។ ប្រទេសអារ៉ាប់ភាគច្រើនបានសំដែងការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននិងថ្កោល ទោសការវាយប្រហាររបស់ទាហានអ៊ីស្រាអែល។
ទីក្រុងតេអេរ៉ង់វិញដែលជាសត្រូវរបស់អ៊ីស្រាអែលលែងនិយាយពីការចរចាផ្នែកការទូត ប៉ុន្តែបានប្រកាសឲ្យប្រទេសនៅក្នុងតំបន់បំពាក់អាវុធដល់យុទ្ធជន ប៉ាឡេស្ ទីន ដើម្បីប្រយុទ្ធតបនឹងអ៊ីស្រាអែល។
នៅថ្ងៃនេះបណ្តាញសកម្មជនប៉ាឡេស្ទីនបានអះអាងថាខ្លួនបានបាញ់គ្រាប់ រុក្កែតចូលទៅក្នុងទីក្រុង Tel Aviv។ គ្រាប់រ៉ុក្កែតនេះផលិតនៅក្នុងប្រទេស អៀរ៉ង់ ដោយវាមានរត់បានចម្ងាយឆ្ងាយជាងគ្រាប់ផ្លោងដែលក្រុមប៉ា ឡេស្ទីន ចេះ កែច្នៃ។ យ៉ាងណាក៏ដោយ នៅភាគីអ៊ីស្រាអែល មីស៊ីលបានបាញ់ ស្ទាក់ ទម្លាក់គ្រាប់ផ្លោងទាំងពីរគ្រាប់របស់ក្រុមហាម៉ាស ដែលហោះសំដៅ ទីក្រុងTel Aviv។
តាមតុល្យការចុងក្រោយរបស់ទាហានអ៊ីស្រាអែលមានយ៉ាងហោចគ្រាប់ផ្លោង ជាង៧០០គ្រាប់ត្រូវពួកចលនាហាម៉ាសបាញ់ចេញពីហ្កាហ្សាចូលក្នុងទឹកដីអ៊ីស្រា អែល។ប៉ុន្តែ មានតែជាង៤០០គ្រាប់ប៉ុណ្ណោះដែលធ្លាក់ចូលក្នុងប្រទេស អ៊ីស្រាអែល ក្រៅពីនោះ គឺត្រូវមីស៊ីលរបស់អ៊ីស្រាអែលអាចបាញ់ស្ទាក់ ទម្លាក់មុន នឹងទៅដល់ទិសដៅ៕ដោយ ឈាង បុប្ផា (RFI)