លោក Ding Xuexiang ឧបនាយករដ្ឋមន្រ្តីចិនជួបពិភាក្សាជាមួយលោក Gan Kim Yong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី ព្រមទាំងរួមគ្នាអញ្ជើញជាសហធិបតីក្នុងកិច្ចប្រជុំស្តីពីយន្តការសហប្រតិបត្តិការទ្វេភាគីចិន-សិង្ហបុរី

Cambodia News

នាថ្ងៃទី ២៣ ខែវិច្ឆិកា លោក Ding Xuexiang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្រ្តីចិន បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Gan Kim Yong នៅប្រទេសសិង្ហបុរី ព្រមទាំងរួមគ្នាអញ្ជើញជាសហធិបតីក្នុងកិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការរួមសហការទ្វេភាគីចិន-សិង្ហបុរី, កិច្ចប្រជុំលើកទី ២៧ នៃក្រុមប្រឹក្សារួមសម្រាប់ការសម្របសម្រួលអំពីសួនឧស្សាហកម្មក្រុងស៊ូចូវចិន-សិង្ហបុរី, កិច្ចប្រជុំលើកទី ១៨ នៃក្រុមប្រឹក្សារួមសម្រាប់ការសម្របសម្រួលក្រុងអេកូឡូស៊ីក្រុងធានជីន ចិន-សិង្ហបុរី និងកិច្ចប្រជុំលើកទី ១០ នៃក្រុមប្រឹក្សារួមសម្រាប់ការសម្របសម្រួលអំពីគម្រោងគំរូនៃការតភ្ជាប់យុទ្ធសាស្ត្រចិន-សិង្ហបុរី (ក្រុងChongqing) ។

លោក Ding Xuexiang បានលើកឡើងថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងសិង្ហបុរី បានទទួលសមិទ្ធផលគួរឱ្យកត់សម្គាល់។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសិង្ហបុរី ដើម្បីអនុវត្តយ៉ាងម៉ត់ចត់នូវគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ដើរតួនាទីជាគំរូយ៉ាងល្អពេញលេញនៃកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលឱ្យបានល្អ ដើម្បីស្វែងរកមធ្យោបាយសម្រាប់ពង្រឹងការតភ្ជាប់រវាងផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ របស់ប្រទេសចិននិងគម្រោងអាទិភាពនៃផែនការអភិវឌ្ឍន៍ជាតិរបស់សិង្ហបុរី ជំរុញការធ្វើឱ្យប្រសើរឡើងនិងលើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យងើបឡើងថ្មី និងបង្កើនភាពធន់នៃការអភិវឌ្ឍរបស់ប្រទេសទាំងពីរ។

លោក Gan Kim Yong បានថ្លែងថា ប្រទេសសិង្ហបុរីមានឆន្ទៈធ្វើការជាមួយប្រទេសចិនដើម្បីរិះរកមធ្យោបាយដើម្បីជំរុញឱ្យយន្តការនេះដើរតួនាទីបន្ថែមទៀត ប្រើប្រាស់គម្រោងអន្តររដ្ឋាភិបាលឲ្យបានល្អ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញទំនាក់ទំនងភាពជាដៃគូមានចក្ខុវិស័យវែងឆ្ងាយគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់ឱ្យទទួលបានផ្លែផ្កាជាក់ស្តែងកាន់តែច្រើន។

កិច្ចប្រជុំស្តីពីយន្តការពាក់ព័ន្ធបានផ្តោតលើការពិភាក្សាអំពីប្រធានបទដូចជា កិច្ចសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការអភិវឌ្ឍជានិរន្តរភាព កិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការខាងសុខាភិបាលសាធារណៈ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងគម្រោងសហប្រតិបត្តិការទ្វេភាគីថ្នាក់ជាតិជាដើម។ កិច្ចប្រជុំនេះក៏បានទទួលសម្គាល់យ៉ាងពេញលេញចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ព្រមនិងសម្រេចបានលទ្ធផលចំនួន ២៩ ក្នុងវិស័យងើបឡើងថ្មី កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ និងសុខាភិបាលជាដើម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close