សិស្សថ្នាក់ទី១០ នៃសាលា AUPP Liger ផ្តួចផ្តើមរៀបចំកិច្ចប្រជុំកំពូលសុវត្ថិភាពសាយប័រ Saharka ឆ្នាំ២០២៦ ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានសិក្សា និងសហគមន៍ឌីជីថលកម្ពុជា

​Cambodia News

កិច្ចប្រជុំកំពូលស្តីពីសុវត្ថិភាពសាយប័រ Saharka Cyber Safety Summit 2026 ត្រូវបានផ្តួចផ្តើម និងរៀបចំឡើង ផ្ទាល់ដោយ តាមរយៈគំនិតផ្តួចផ្តើម Saharka របស់សិស្សថ្នាក់ទី១០ នៃសាលា AUPP Liger Leadership Academy។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៣១ ខែតុលា នៅបរិវេណសាលា AUPP Liger ដោយមានអ្នកចូលរួមជាង ៣៥០ នាក់ ក្នុងនោះរួមមានសិស្សមកពីសាលារៀនផ្សេងៗ អ្នកជំនាញផ្នែកបច្ចេកវិទ្យា តំណាងស្ថាប័ន និងអ្នកតាំងពិព័រណ៍នានា ដើម្បីជួបជុំគ្នាពិភាក្សាអំពីបញ្ហាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិត ការគំរាមកំហែងតាមប្រព័ន្ធសាយប័រ និងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ក្រោមប្រធានបទ «ការបញ្ឈប់ គឺជាការចាប់ផ្តើមរួមគ្នា» (To Stop Is to Start Together) កិច្ចប្រជុំកំពូលនេះដំណើរការជាភាសាពីរផ្សេងគ្នា ដោយបែងចែកជាពីរវគ្គ គឺវគ្គពេលព្រឹកជាភាសាខ្មែរ និងវគ្គពេលរសៀលជាភាសាអង់គ្លេស ដែលវគ្គនីមួយៗផ្តោតលើប្រធានបទខុសៗគ្នាពាក់ព័ន្ធនឹងសុវត្ថិភាពសាយប័រ និងការយល់ដឹងអំពីប្រព័ន្ធឌីជីថល។ តាមរយៈសិក្ខាសាលា កិច្ចពិភាក្សាជាក្រុម និងសកម្មភាពនានា អ្នកចូលរួមបានស្វែងយល់ពីហានិភ័យឌីជីថល ផ្លាស់ប្តូរការយល់ឃើញ និងពិចារណាលើវិធីសាស្ត្រជាក់ស្តែងនានាក្នុងការធ្វើឱ្យលំហអនឡាញកាន់តែមានសុវត្ថិភាព។

Saharka ត្រូវបានផ្តួចផ្តើមឡើងផ្អែកលើគំនិតដែលថាយុវជនគួរតែចូលរួមជាចំណែកមួយនៃកិច្ចពិភាក្សាអំពីសុវត្ថិភាពឌីជីថលរបស់ពួកគេផ្ទាល់។ ក្រុមសិស្សដែលជាអ្នករៀបចំមានបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពសាយប័រឱ្យដល់យុវជនដែលមានវ័យស្របាលគ្នានឹងខ្លួន តាមរយៈការការពារខ្លួនពី ហានិភ័យ និងបញ្ហាប្រឈមលើប្រព័ន្ធអ៊ីនធឺណិតដែលពួកគេជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងការរៀបចំនេះ សិស្សថ្នាក់ទី១០ បានសហការគ្នាយ៉ាងសកម្មតាំងពីការរៀបចំពេលវេលាកម្មវិធី សម្របសម្រួលវាគ្មិន ស្វែងរកអ្នកឧបត្ថម្ភ និងអ្នកតាំងពិព័រណ៍ ផ្សព្វផ្សាយព្រឹត្តិការណ៍ ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័ននានាមកពីវិស័យចម្រុះ។

អំឡុងពេលដំណើរការកម្មវិធី ពួកគេក៏បានបែងចែកទំនួលខុសត្រូវរៀងៗខ្លួនដូចជា ធ្វើជា ពិធីករ អ្នកធ្វើបទបង្ហាញ អ្នកសម្របសម្រួលកិច្ចពិភាក្សា និងអ្នកចាត់ចែងសកម្មភាពនានាផងដែរ។ បទពិសោធន៍នេះបានក្លាយជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការអនុវត្តភាពជាអ្នកដឹកនាំជាក់ស្តែង តាមរយៈការមានទំនួលខុសត្រូវ ការធ្វើការងារជាក្រុម និងការប្រែក្លាយគំនិតផ្តួចផ្តើមឱ្យទៅជាសកម្មភាពជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាដែលមានសារៈសំខាន់ចំពោះយុវជនជំនាន់ក្រោយ។

កម្មវិធីនៃកិច្ចប្រជុំកំពូលត្រូវបានរៀបចំឡើងដើម្បីជួយអ្នកចូលរួមឱ្យស្គាល់ច្បាស់ពីការគំរាមកំហែងឌីជីថល និងពិចារណាលើរបៀបឆ្លើយតបក្នុងស្ថានភាពជាក់ស្តែង។ ក្នុងនោះ កិច្ចពិភាក្សាដំបូងៗបានលើកយកហានិភ័យនៃការបៀតបៀន និងការកេងប្រវ័ញ្ចតាមអ៊ីនធឺណិតមកពិភាក្សា រួមទាំងការវិវត្តនៃការប្រាស្រ័យទាក់ទងផ្ទាល់ខ្លួនទៅជាស្ថានភាពនៃការគំរាមកំហែង និងការជំរិតទារប្រាក់។

ទន្ទឹមនឹងនេះ កម្មវិធីក៏មានការរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ «នៅពីក្រោយការលួចចូលប្រព័ន្ធ៖ ការស្វែងយល់ពីការគំរាមកំហែងតាមប្រព័ន្ធសាយប័រ និងការរក្សាសុវត្ថិភាព» (Behind the Hack: Understanding Cyber Threats and Staying Safe) ដែលដឹកនាំដោយលោក អ៊ក សេងហ៊ួត អ្នកវិភាគសន្តិសុខការពារ (Defensive Security Analyst) និងលោក សុខ សុវណ្ណា ប្រធានផ្នែកសន្តិសុខវាយលុក (Offensive Security Lead) មកពីស្ថាប័ន Komnot។ តាមរយៈការបង្ហាញការអនុវត្តផ្ទាល់ និងការលើកឧទាហរណ៍ជាក់ស្តែង អ្នកចូលរួមបានសិក្សាស្វែងយល់ពីរបៀបដែលការវាយប្រហារតាមអ៊ីនធឺណិតកើតឡើង ហានិភ័យនៃគណនីដែលត្រូវបានគេលួចចូល និងវិធីសាស្ត្រនានាក្នុងការការពារព័ត៌មានផ្ទាល់ខ្លួនលើបណ្តាញអនឡាញ។

នៅក្នុងកិច្ចពិភាក្សាជាមួយអ្នកជំនាញក្រោមប្រធានបទ «ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជាដោយមិនទុកនរណាម្នាក់ចោល» (Growing Cambodia’s Digital Economy Without Leaving People Behind) ដែលសម្របសម្រួលដោយសិស្សសាលា AUPP Liger គឺយុវតី មិត ពុទ្ធី បានប្រមូលផ្តុំវាគ្មិនកិត្តិយសរួមមានលោក សុខ កុសល ប្រធានផ្នែកព័ត៌មានវិទ្យានៃធនាគារ អេ អឹម ខេ, លោក សំ អាម៉ារីន នាយកប្រតិបត្តិនៃក្រុមហ៊ុន Meksys និងលោក បាន សុធា វិស្វករផ្នែក Backend នៃក្រុមហ៊ុន Morakot Technology។

វាគ្មិនទាំងអស់បានជជែកពិភាក្សាអំពីឧបសគ្គក្នុងការទទួលបានសេវាឌីជីថល និងសារៈសំខាន់នៃការជួយប្រជាពលរដ្ឋឱ្យប្រើប្រាស់លំហអនឡាញប្រកបដោយសុវត្ថិភាព រួមទាំងការកំណត់សម្គាល់ និងការទប់ស្កាត់ការគំរាមកំហែងតាមអ៊ីនធឺណិត។ ជាមួយគ្នានេះ កិច្ចពិភាក្សាជាក្រុមមួយទៀតស្តីពី «ការរក្សាសុវត្ថិភាពលើប្រព័ន្ធអ៊ីនធឺណិតក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» (Staying Safe Online in the Age of Artificial Intelligence) ត្រូវបានសម្របសម្រួលដោយសិស្សសាលា AUPP Liger គឺយុវជន ប៉ោ ជូសាន រួមជាមួយវាគ្មិនលោក អ៊ក សេងហ៊ួត និងលោក ចាន់ ឯកមង្គល ដោយបានស្វែងយល់ស៊ីជម្រៅអំពីរបៀបដែលបច្ចេកវិទ្យា AI កំពុងផ្លាស់ប្តូរសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងបញ្ហាប្រឈមថ្មីៗដែលកើតមានឡើង។

អ្នកចូលរួមក៏បានយកចំណេះដឹងមកអនុវត្តជាក់ស្តែងតាមរយៈកម្មវិធីប្រកួតប្រជែងដោះស្រាយស្ថានភាពសុវត្ថិភាពសាយប័រ (Cyber Safety Scenario Challenge) ដោយបានធ្វើការជាក្រុមដើម្បីពិភាក្សាអំពីស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងតំណភ្ជាប់គួរឱ្យសង្ស័យ គណនីដែលរងការលួចចូល និងករណីឆបោកផ្សេងៗ ព្រមទាំងចែករំលែកមូលហេតុ និងវិធានការឆ្លើយតបប្រកបដោយសុវត្ថិភាព។ បន្ថែមលើនេះ កម្មវិធីប្រកួតប្រជែងសកម្មភាពយុវជន (Youth Action Challenge) ក៏បានលើកទឹកចិត្តឱ្យពួកគេបង្កើតគំនិតផ្តួចផ្តើមសម្រាប់កសាងសហគមន៍ឌីជីថលដែលមានសុវត្ថិភាពជាងមុន។ សកម្មភាព និងវគ្គពិភាក្សាទាំងនេះ គូសបញ្ជាក់ពីសារៈសំខាន់នៃការយល់ដឹងអំពីឌីជីថល ការធ្វើសេចក្តីសម្រេចចិត្តដោយផ្អែកលើការយល់ដឹងច្បាស់លាស់ និងការទទួលខុសត្រូវរួមគ្នាក្នុងការបង្កើតលំហអនឡាញឱ្យកាន់តែមានសុវត្ថិភាព។

ព្រឹត្តិការណ៍នេះក៏បាននាំយកអង្គការ ធុរកិច្ចបង្កើតថ្មី (Startups) គម្រោងសិស្សានុសិស្ស និងសហគ្រាសនានាក្នុងវិស័យសន្តិសុខសាយប័រ បច្ចេកវិទ្យា ការអប់រំ និងសេវាកម្មឌីជីថលមកជួបជុំគ្នា។ ការតាំងពិព័រណ៍ក្នុងកម្មវិធីបានបើកឱកាសឱ្យអ្នកចូលរួមស្វែងយល់ពីការងាររបស់ស្ថាប័នទាំងនោះ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមឌីជីថលជាក់ស្តែង ដោយមានការចូលរួមពីស្ថាប័នតាំងពិព័រណ៍ដូចជា Karpia, Komnot, SongKet , CABS Consulting, Vendora ព្រមទាំង Domner, Jobify, KHsint., DELIGHTECH, MOVIA, Daun Penh Cloud និងមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP (AUPP Technology Center)។ ការតាំងបង្ហាញទាំងនេះបានណែនាំអ្នកចូលរួមឱ្យស្គាល់សេវាកម្មជាច្រើន រួមមានដំណោះស្រាយសន្តិសុខសាយប័រ ឧបករណ៍ជំនួយសុវត្ថិភាពលើអ៊ីនធឺណិត សេវាហិរញ្ញវត្ថុឌីជីថល ថ្នាលផ្គូផ្គងការងារ និងបច្ចេកវិទ្យា Cloud។

កិច្ចប្រជុំកំពូលនេះទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីស្ថាប័ននានាមកពីវិស័យផ្សេងៗ ដោយក្នុងនោះ សហគ្រិនខ្មែរ (Khmer Enterprise) បានចូលរួមជាដៃគូសហការ, ធនាគារ អេ អឹម ខេ (AMK Bank), ក្រុមហ៊ុនធានារ៉ាប់រង Forte, ធនាគារ វីង (Wing Bank) និងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank Cambodia) ជាអ្នកឧបត្ថម្ភ, Tech for Kids Academy ជាដៃគូផ្សព្វផ្សាយទៅកាន់សហគមន៍, MUNiverse និង RULErs Community ជាដៃគូប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំង Khmer Coders Community ជាដៃគូសហគមន៍។

សម្រាប់សាលា AUPP Liger កិច្ចប្រជុំកំពូល Saharka Cyber Safety Summit 2026 គឺជាព្រឹត្តិការណ៍ដែលលើសពីការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពលើអ៊ីនធឺណិត តែថែមទាំងឆ្លុះបញ្ចាំងពីសក្តានុពលយុវជននៅពេលដែលពួកគេត្រូវបានផ្តល់ឱកាសក្នុងការផ្តួចផ្តើមគំនិត ប្រមូលផ្តុំមនុស្សជុំវិញខ្លួន និងចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាដែលប៉ះពាល់ដល់សហគមន៍របស់ពួកគេ។

កិច្ចប្រជុំកំពូលនេះក៏បានផ្តល់ឱកាសឱ្យសិស្សានុសិស្សក្លាយជាចំណែកមួយនៃកិច្ចពិភាក្សាលើបញ្ហាដែលជះឥទ្ធិពលផ្ទាល់ដល់ពួកគេ មិនមែនត្រឹមតែក្នុងនាមជាអ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែក្នុងនាមជាអ្នកផ្តួចផ្តើមគំនិត និងជាអ្នកបង្កើតវេទិកាសម្រាប់ឱ្យអ្នកដទៃបានរៀនសូត្រ និងចែករំលែកទស្សនៈ។ សារនៅពីក្រោយ Saharka ដែលលើកឡើងថា «ការបញ្ឈប់ គឺជាការចាប់ផ្តើមរួមគ្នា» បានឆ្លុះបញ្ចាំងពីគោលបំណងនៃគំនិតផ្តួចផ្តើមនេះយ៉ាងច្បាស់។

កញ្ញា គង់បូរមី (Korngbormey) សិស្សសាលា AUPP Liger ដែលជាប្រធានគ្រប់គ្រងគម្រោងនៃកិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ថា ការធ្វើការងាររួមគ្នាមានន័យថា «ការចែករំលែកនូវអ្វីដែលយើងបានរៀនសូត្រ និងការជួយគ្នាទៅវិញទៅមកឱ្យដឹងពីកន្លែងដែលត្រូវស្វែងរកជំនួយនៅពេលមានបញ្ហាកើតឡើង»។

ការកសាងលំហឌីជីថលប្រកបដោយសុវត្ថិភាពទាមទារលើសពីការយល់ដឹង ពោលគឺទាមទារឱ្យមនុស្សគ្រប់គ្នាយល់ច្បាស់ពីការទទួលខុសត្រូវរបស់ខ្លួន និងចាត់វិធានការរួមគ្នា ហើយសិស្សថ្នាក់ទី១០ ទាំងនេះបានបង្ហាញឱ្យឃើញជាក់ស្តែងថាយុវជនពិតជាអាចដើរតួនាទីយ៉ាងសកម្មក្នុងការកសាងការផ្លាស់ប្តូរដែលពួកគេចង់ឃើញ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close