ការធ្វើស្វ័យបដិវត្តន៍ ៖ ចម្លើយនៃតម្រិះប្រាជ្ញាបូព៌ាប្រទេសដែលជួយបក្សកាន់អំណាចធំៗឱ្យពុះពារបញ្ហាលំបាកនៃការធ្វើអភិបាលកិច្ច
Cambodia News
បើសិនជាប្រៀបធៀបគណបក្សនយោបាយជាដើមឈើដ៏ធំមួយដើម នោះ ការធ្វើស្វ័យបដិវត្តន៍ គឺប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងដោយត្រង់ៗ ជីកយកដង្កូវចេញដោយម្ចាស់ការ និងកាត់មែកងាប់ៗចោល ដើម្បីឱ្យដើមឈើធំរក្សាជីវិតបានយូរ។ ការធ្វើស្វ័យបដិវត្តន៍មិនមែនការកែកំហុសដោយអសកម្មក្រោមការបង្ខិតបង្ខំនៃកម្លាំងខាងក្រៅនោះទេ ផ្ទុយទៅវិញគឺដោះស្រាយបញ្ហាផ្ទៃក្នុងដោយសកម្មនិងម្ចាស់ការ ។
ទាក់ទិននឹងការធ្វើស្វ័យបដិវត្តន៍របស់បក្សកាន់អំណាច លោក Xi Jinping ធ្លាប់ធ្វើការប្រៀបធៀបដ៏រស់រវើកថា៖ « គឺដោយទឹកចិត្តអង់អាចដែលហ៊ានកោសឆ្អឹងដើម្បីព្យាបាលជាតិពុល និងភាពក្លាហានដែលហ៊ានកាត់ដៃខ្លួនឯង កសាងឥរិយាបថស្អាតស្អំក្នុងបក្សនិងប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងមាត់រហូតដល់ទីបំផុត » ។ យើងអាចមើលឃើញថា ការធ្វើស្វ័យបដិវតន៍ផ្តោតលើការលុបបំបាត់បញ្ហាលំបាកដែលស្ថិតនៅទីជ្រៅក្នុងបក្ស បើនិយាយឱ្យសាមញ្ញគឺវះកាត់ផ្ទៃក្នុង ដែលចែកជា ៤ ជំហាន៖ ស្វ័យសម្អាត ស្វ័យកែលម្អ ស្វ័យកំណែទម្រង់និងលើកកម្ពស់ដោយខ្លួនឯង ដើម្បីរ៉ាប់រងភារកិច្ចគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាតិឱ្យកាន់តែល្អប្រសើរ។
ការអនុវត្តជាក់ស្តែងនៃការប្រឆាំងអំពើពុករលួយនៃបក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីអាចនិយាយបានថាជាគំរូនៃការធ្វើស្វ័យបដិវតន៍។ ការធ្វើសកម្មភាពប្រឆាំងអំពើពុករលួយជាការកាត់ចោលមែកធាងពុកផុយ។ ការត្រួតពិនិត្យដាក់ពិន័យយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីពុករលួយគឺស្វ័យសម្អាត ។ ការកែសម្រួលយន្តការទាំងត្រួតពិនិត្យវិន័យនិងអធិការកិច្ចគឺជាស្វ័យកែលម្អ ។ ការកម្ទេចខ្សែសង្វាក់ផលប្រយោជន៍នៃការដោះដូប្រាក់-អំណាច គឺជាស្វ័យកំណែទម្រង់ ។ ខណៈការដែលអប់រំនិងផ្សព្វផ្សាយឱ្យសមាជិកបក្សគ្រប់រូបសុទ្ធតែគោរពច្បាប់ វិន័យបក្ស និងលក្ខន្តិកៈបក្ស គឺជាការលើកកម្ពស់ដោយខ្លួនឯង ។
សម្រាប់គណបក្សមិនតិចនៅលើពិភពលោក កាលណាជួបនឹងបញ្ហាផ្ទៃក្នុងតែងរង់ចាំផ្លាស់វេនជាមួយបក្សផ្សេង រំពឹងទុកថាបញ្ហាទំនាស់នឹងត្រូវដោះស្រាយតាមរយៈ “ការផ្លាស់វេនឱ្យមនុស្សក្រុមផ្សេងឡើងកាន់អំណាច”។ ប្រទេសចិនបានដើរតាមមាគ៌ាខុសគ្នា ៖ ផ្អែកលើការឃ្លាំមើលរបស់ប្រជាជន និងការធ្វើស្វ័យបដិវត្តន៍ ដែលជាយុទ្ធសាស្ត្រគ្រប់គ្រងទាំងផ្ទៃក្នុងនិងខាងក្រៅ ដើម្បីក្លាយជាការធានាផ្នែករបប។
មានជំនឿចិត្តលើខ្លួន ដូចនេះហ៊ានកាត់ជាតិពុលចេញ ហ៊ានកាត់ដៃខ្លួនឯង គឺដោយសារតែ ទីមួយ បក្សកុម្មុយនីស្តចិនមិនដែលពិចារណាពីផលប្រយោជន៍នៃបក្សទេ ពីដើមដល់ចប់គឺគិតតែការសម្រេចបំណងដើមអំពីការបម្រើប្រទេសជាតិ ប្រជាជាតិ និងប្រជាជន។ទីពីរ អនុវត្តតាមតម្រិះប្រាជ្ញាអភិបាលកិច្ចប្រពៃណីចិន ពោលគឺ បង្ក្រាបអំពើទុច្ចរិត ទើបមហាជនមានភាពសុខសាន្តត្រាណ។
គណបក្សនយោបាយដែលកាន់អំណាចអស់រយៈពេលយូរ គួរបង្ការហានិភ័យលាក់កំបាំងដោយម្ចាស់ការ កាន់តែត្រូវមានភាពក្លាហានក្នុងការកាត់ចោលមែកពុកផុយដោយម្ចាស់ការ។ ការធ្វើស្វ័យបដិវត្តន៍ ជា “ លេខសម្ងាត់ ” ស្នូលនៃបក្សកម្មុយនីស្តិចិនដែលជំរុញឱ្យរក្សាកម្លាំងចលករជានិច្ចផង ក៏បានផ្តល់ជាបទពិសោធ ដែលអាចរៀនសូត្របានចំពោះគណបក្សនានាលើពិភពលោកដែលចង់ដោះស្រាយបញ្ហាលំបាកអំពី « ការកាន់អំណាចរយៈពេលយូរ» ផងដែរ ៕




