ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ-យុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការស្ថាបនាខ្លួនរបស់បក្សកុម្មុយនីស្តចិន
Cambodia News
មនុស្សគ្រប់គ្នាសុទ្ធតែដឹងពីហេតុផលមួយ គឺថាបើចង់មានសុខភាពល្អរយៈពេលយូរ វាមិនមែនផ្អែកលើការព្យាបាលនៅពេលឈឺនោះទេ ប៉ុន្តែអាស្រ័យទៅលើការហាត់ប្រាណជាប្រចាំនិងការថែទាំសុខភាពប្រចាំថ្ងៃ។សម្រាប់បក្សកុម្មុយនីស្តចិនដែលបានកាន់អំណាចអស់រយៈពេលជាយូរមកហើយ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺប្រៀបបាននឹង “ការហាត់ប្រាណរបស់បក្ស”ជាប្រចាំ។នេះមិនមែនជាយុទ្ធនាការពិសេសដែលមានកំណត់ពេលវេលានោះទេ ប៉ុន្តែគឺជាទម្រង់នៃការកែទម្រង់ខ្លួនរបស់បក្សកុម្មុយនីស្តចិន។
អ្នកអាចនឹងគិតថា “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”គឺជាគំនិតនយោបាយដែលពិបាកយល់ ប៉ុន្តែខ្លឹមសារស្នូលគឺសាមញ្ញណាស់។ប្រៀបបាននឹងការថែទាំសុខភាពដោយគ្រប់ជ្រុងជ្រោយអ៊ីចឹង ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺជា “ការថែទាំសុខភាព”ដោយគ្រប់ជ្រុងជ្រោយសម្រាប់សមាជិកបក្សទាំងមូល។
ចំណេះដឹងស្តីពីការគ្រប់គ្រងខ្លួនឯងនេះមានឫសគល់យ៉ាងជ្រៅពីវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ប្រទេសចិន។តាំងពីសម័យបុរាណមក ប្រទេសចិនបានគោរពតាមឡូហ្ស៊ីកទំនាក់ទំនងនិងអភិបាលកិច្ចដែលផ្អែកលើគោលការណ៍ថា មនុស្សម្នាក់ត្រូវកែតម្រូវខ្លួនឯងជាមុនសិនមុននឹងព្យាយាមកែតម្រូវអ្នកដទៃ។ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺជាការបន្តវេននិងច្នៃប្រឌិតថ្មីនៃប្រាជ្ញាចិនបុរាណពាក់ព័ន្ធនឹងការអប់រំកែលម្អខ្លួនឯងនិងអភិបាលកិច្ចជាតិ។វាបានប្រែក្លាយគំនិតបុរាណស្តីពីការដាក់កំហិតខ្លួននិងគិតពិចារណាកំហុសរបស់ខ្លួនទៅជារបបនិងជាការអនុវត្តរយៈពេលវែងសម្រាប់ការគ្រប់គ្រងបក្សនយោបាយក្នុងសម័យទំនើប។
ហេតុអ្វីបក្សកុម្មុយនីស្តចិនអាចប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ?ចម្លើយគឺស្ថិតក្នុងឡូហ្ស៊ីកនៃអភិបាលកិច្ចជាតិ។គន្លឹះសំខាន់នៃអភិបាលកិច្ចជាតិគឺបក្សកាន់អំណាច។សម្រាប់បក្សនយោបាយដ៏ធំមួយដែលមានសមាជិកជាង១០០លាននាក់ និងដឹកនាំប្រជាជនចំនួន១,៤ប៊ីលាននាក់ក្នុងដំណើរការអភិវឌ្ឍន៍ ភាពស្អាតស្អំនៃសមាជិកគឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍជាតិ ប្រសិទ្ធភាពនៃអភិបាលកិច្ចសង្គមនិងសុខុមាលភាពរបស់ប្រជាជន។ការកាន់អំណាចក្នុងរយៈពេលវែងគឺជាការសាកល្បងមួយ ដែលបក្សកាន់អំណាចរយៈពេលវែងភាគច្រើននៅលើពិភពលោកតែងតែជួបប្រទះបញ្ហាដូចៗគ្នា គឺការិយាល័យនិយមនិងការនៅឆ្ងាយពីប្រជាជន។ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយជាចម្លើយស្នូលរបស់បក្សកុម្មុយនីស្តចិនក្នុងការដោះស្រាយបញ្ហាពិបាកក្នុងយុគសម័យ។ចាប់ពីលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកឡើងគំនិតនេះនៅឆ្នាំ២០១៤ រហូតដល់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលធ្វើឱ្យប្រព័ន្ធគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយមានសុក្រឹតភាព និងកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានផ្តោតលើប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងមិនមែនជាប្រតិបត្តិការរយៈពេលខ្លីនោះទេ ប៉ុន្តែវាគឺជាយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីការពារដំណើរការធ្វើទំនើបកម្មតាមបែបផែនចិន។
ស្វ័យបដិវត្តន៍គឺជាទម្រង់នៃភាពក្លាហានដែលកម្របំផុតនិងជាប្រភពនៃភាពរស់រវើកដ៏រយៈពេលយូរ។ខុសពីការរង់ចាំដោះស្រាយបញ្ហានៅពេលដែលបានកើតឡើងរួចហើយ ឬការចាត់វិធានការកែតម្រូវនៅពេលក្រោយ បក្សកុម្មុយនីស្តចិនបាន “ពង្រឹងសុខភាព” ដែលស្វែងរកបញ្ហា កែតម្រូវកំហុសនិងសម្អាតសមាជិកជាប្រចាំ ដើម្បីធានាពីភាពរស់រវើកនិងរឹងមាំ។
នៅទូទាំងពិភពលោក តើត្រូវរក្សាបំណងដើមរបស់ខ្លួន និងចៀសវាងហានិភ័យនៃអំពើពុករលួយក្នុងរយៈពេលវែងដោយរបៀបណាគឺជាបញ្ហាប្រឈមរួមមួយរបស់គណបក្សកាន់អំណាចនៃប្រទេសនានា។តាមរយៈការដាក់កំហិតលើខ្លួនឯងនិងស្វ័យបដិវត្តន៍ឥតឈប់ឈរ គណបក្សកុម្មុយនីស្តចិនបានដើរតាមផ្លូវអភិបាលកិច្ចថ្មីរបស់គណបក្សនយោបាយដ៏ធំមួយ។
ស្នូលនៃការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ គឺការពារបំណងដើមនៃការកាន់អំណាចតាមរយៈការដាក់កំហិតខ្លួនឱ្យគោរពវិន័យជាប់រហូត។រូបមន្តគ្រប់គ្រងខ្លួនឯងនេះបានចាក់ឫសក្នុងវប្បធម៌ប្រពៃណី សមស្របនឹងការអភិវឌ្ឍក្នុងសម័យទំនើប និងផ្អែកលើភាពជាក់ស្តែងនៃការគ្រប់គ្រងដែលមិនត្រឹមតែពង្រឹងមូលដ្ឋានគ្រឹះនៃប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវដំណោះស្រាយបែបចិនដែលមានលក្ខណៈជាក់ស្តែងនិងអាចអនុវត្តបានសម្រាប់ការគ្រប់គ្រងគណបក្សនយោបាយនានានៅទូទាំងពិភពលោកទៀតផង៕




