ការគ្រប់គ្រងបក្សដោយតឹងរ៉ឹង ជា«លេខសម្ងាត់»នៃភាពជោគជ័យនៃអភិបាលកិច្ចជាតិចិន

Cambodia News

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា រដ្ឋាភិបាលនៃប្រទេសដ៏ច្រើនលើសលប់លើពិភពលោកត្រូវបានដឹកនាំដោយគណបក្សនយោបាយដែលមានរបបនយោបាយស្រដៀងគ្នាឬទីទៃគ្នាទៅតាមលក្ខខណ្ឌជាតិជាក់ស្តែងរបស់ខ្លួន។ ហេតុដូច្នេះ គេអាចនិយាយបានថា កម្មវិធីនយោបាយរបស់បក្សកាន់អំណាចនិងឥរិយាបថរបស់ថ្នាក់ដឹកនាំនិងសមាជិកបក្សកាន់អំណាចគឺផ្សារភ្ជាប់ជាមួយនឹងទិសដៅអភិវឌ្ឍន៍និងជោគវាសនារបស់ប្រទេសជាតិ។

និយាយចំពោះបក្សកុម្មុយនីស្តចិនដែលជាបក្សនយោបាយធំជាងគេលើពិភពលោកដែលត្រូវដឹកនាំប្រជាជនចំនួន១,៤០០ លាននាក់ ការកាច់ចង្កូតតម្រង់ទិសដៅនាវាចិនឱ្យឆ្ពោះទៅរកវិបុលភាពរួមនិងទំនើបកម្មវាជាភារកិច្ចដ៏ធ្ងន់ដែលត្រូវធ្វើកិច្ចខិតខំប្រឹងប្រែងរយៈពេលយូរដើម្បីសម្រេចបាន។ ក្នុងនោះ កិច្ចប្រជុំពេញអង្គមួយលើកៗរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជានីតិវិធីដ៏សំខាន់មួយសម្រាប់ការពិនិត្យពិភាក្សាលើរបៀបវារៈផ្សេងៗនិងបូកសរុបការងារពាក់ព័ន្ធ ដើម្បីដាក់ចេញទិសដៅការងារថ្មីស្របតាមស្ថានភាពជាក់ស្តែងនៃដំណាក់កាលខុសៗគ្នា។

តួយ៉ាងដូចជាកិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែតុលា ឆ្នាំ២០២២ បានផ្តោតលើរបៀបវារៈជ្រើសរើសសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ការជ្រើសរើសសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ការជ្រើសរើសអគ្គលេខាធិការបក្ស, ការអនុម័តឈ្មោះសមាជិកលេខាធិការដ្ឋានមជ្ឈិមបក្ស និងសមាជិកគណៈកម្មាធិការយោធាមជ្ឈិម ព្រមទាំងអនុម័តបេក្ខជនលេខាធិការនិងលេខាធិការរងនៃគណៈកម្មការត្រួតពិនិត្យវិន័យនៃមជ្ឈិមបក្សជាដើម។

ក្នុងកិច្ចប្រជុំពេញអង្គលើកទី២ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តោតសំខាន់លើការពិនិត្យពិភាក្សានិងអនុម័តអំពីបញ្ជីឈ្មោះថ្នាក់ដឹកនាំស្ថាប័នរដ្ឋដែលត្រូវដាក់ជូនមហាសន្និបាតនៃសភាទាំងពីរដើម្បីពិនិត្យពិភាក្សានិងអនុម័ត ព្រមទាំងពិនិត្យពិភាក្សាអំពី«ផែនការស្តីពីកំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ»ជាដើម។

ក្នុងកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកក្កដា ឆ្នាំ២០២៤ បានផ្តោតសំខាន់លើការពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការជំរុញថែមទៀតនូវការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។

ក្នុងកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែតុលា ឆ្នាំ២០២៥ បានផ្តោតសំខាន់លើការពិនិត្យពិភាក្សានិងអនុម័តលើ«សំណើរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ៥ ឆ្នាំទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ»។

ដោយឡែក សម្រាប់កិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលានេះ បានផ្តោតសំខាន់លើការសិក្សាអំពីបញ្ហាសំខាន់មួយចំនួយស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ ព្រមទាំងពិនិត្យពិភាក្សាអំពីសេចក្តីព្រាងនៃ«ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។

តាមរយៈកិច្ចប្រជុំមួយលើកៗ គេអាចយល់ដឹងពីកម្មវិធីនយោបាយសំខាន់ៗរបស់បក្សកុម្មុយនីស្តចិនតាមដំណាក់កាលនីមួយៗ។ ក្នុងចំណោមនោះ ប្រហែលជាមានគេចោទជាសំណួរថា តើការគ្រប់គ្រងបក្សដោយតឹងរ៉ឹងវាមានទំនាក់ទំនងអ្វីជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ បានជាត្រូវលើកយកមកធ្វើជារបៀបវរៈដាច់ដោយឡែកក្នុងកិច្ចប្រជុំពេញអង្គមួយលើក? តើវាមានសារៈសំខាន់អ្វីចំពោះការអនុវត្តផែនការជាតិ? និយាយចំពោះបក្សកាន់អំណាច មិនថាបក្សកុម្មុយនីស្តចិនឬគណបក្សនៃប្រទេសណានោះទេ ប្រសិនបើមិនគ្រប់គ្រងបក្សដោយតឹងរ៉ឹងទេ នោះវាងាយនឹងកើតមានបញ្ហាប្រព្រឹត្តខុសវិន័យ រហូតដល់ការរំលោភអំណាចនិងពុករលួយជាដើម។ ក្នុងចំណោមនោះ បញ្ហាពុករលួយជា«ដំបៅមហារីក»របស់បក្សនិងជាតិ អំពើពុករលួយវាដូចជាសត្វកណ្តៀរដែលចោះស៊ីមូលដ្ឋានគ្រឹះរបស់បក្សនិងជាតិ ហើយបើមិនព្យាបាលទេវានឹងពុកផុយហើយបាក់រលំជាមិនខាន។ ដូច្នេះ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺជាការដាក់ថ្នាំបង្ការកុំឱ្យ«ជំងឺពុករលួយ»រីករាលដាលរហូតបាត់ការគ្រប់គ្រង។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា «ការគ្រប់គ្រងបក្សកាន់តែមានប្រសិទ្ធភាព នោះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនឹងកាន់តែទទួលបានការធានា» ដែលបានបកស្រាយយ៉ាងច្បាស់អំពីឡូហ្ស៊ីកផ្ទៃក្នុងរវាងការគ្រប់គ្រងបក្សនិងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ការដាក់អំណាចទៅក្នុង«ទ្រុងនៃរបប»ពោលគឺការដាក់អំណាចឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់ និងក្រោមការឃ្លាំមើលរបស់បក្សនិងប្រជាជន ដើម្បីបង្ការការរំលោភអំណាច និងការប្រើអំណោចដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ការអនុវត្តជាក់ស្តែងនូវយន្តការ«បីមិនពុករលួយ»ពោលគឺមិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយទើបអាចឱ្យសមាជិកបក្សប្រើអំណាចដោយស្អាតស្អំ និងបម្រើដល់ប្រយោជន៍របស់ប្រជាជនយ៉ាងប្រាកដប្រជា។
ការអនុវត្តជាក់ស្តែងរបស់បក្សកុម្មុយនីស្តចិនបានបញ្ជាក់ម្តងហើយម្តងទៀតថា ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងវាមិនមែនជាចំណងរឹតត្បិតការអភិវឌ្ឍនោះទេ តែផ្ទុយទៅវិញវាជាអាវុធដ៏មុតស្រួចសម្រាប់ធានាដល់ការអភិវឌ្ឍ។ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងវាមិនត្រឹម
តែមិនបានកាត់បន្ថយកម្លាំងចិត្តរបស់សមាជិកនិងកម្មាភិបាលបក្សនោះទេ តែវានឹងផ្តល់ជាវេទិកាសម្រាប់អ្នកដែលចង់ធ្វើការដោយពិតប្រាកដ ហើយអ្នកដែលអាចធ្វើការបាននឹងទទួលបានការគោរព ឯអ្នកដែលធ្វើការបានល្អនឹងទទួលបានការទទួលស្គាល់។
អ្វីដែលគួរឱ្យកត់សម្គាល់ បក្សកុម្មុយនីស្តចិនបានប្រែក្លាយការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយឱ្យទៅជាវិធីសាស្ត្រអភិបាលកិច្ចជាតិដ៏មានប្រសិទ្ធភាព ដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សនិងធ្វើឱ្យសង្គមមានស្ថិរភាពយូរអង្វែង។ នេះជាបទពិសោធដ៏មានតម្លៃដែលកើតចេញពីប្រាជ្ញាចិនដែលបានរួមចំណែកសម្រាប់ការបំផុសគំនិតដល់ការកែលម្អអភិបាលកិច្ចសកលនិងយុទ្ធសាស្ត្រកាន់អំណាចរបស់គណបក្សកាន់អំណាចលើពិភពលោក។ ជារួម ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងមិនត្រឹមតែមិនប៉ះពាល់ដល់ការរីកចម្រើនរបស់បុគ្គលឬប្រទេសជាតិប៉ុណ្ណោះទេ តែផ្ទុយទៅវិញវាជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ប្រទេសជាតិ៕
អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close