ខណៈវិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើន កង្វះអ្នកជំនាញក្លាយជាបញ្ហាប្រឈមថ្មី
Cambodia News
ភ្នំពេញ៖ ខណៈវិស័យធានារ៉ាប់រងកម្ពុជាមានការរីកចម្រើនឡើង និងទាក់ទាញអ្នកវិនិយោគកាន់តែច្រើន មន្ត្រីជាន់ខ្ពស់ផ្នែកនិយ័តកម្មបានព្រមានថា កង្វះធនធានមនុស្សជំនាញ និងការយល់ដឹងនៅមានកម្រិតរបស់សាធារណជន អាចក្លាយជាឧបសគ្គសំខាន់មួយដល់ការអភិវឌ្ឍរយៈពេលវែងរបស់វិស័យនេះ ប្រសិនបើមិនមានការវិនិយោគបន្ថែមលើការអប់រំ និងការបណ្តុះបណ្តាលជំនាញ។
លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជាកំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែនៅតែស្ថិតក្នុងដំណាក់កាលដំបូង បើប្រៀបធៀបទៅនឹងប្រទេសជិតខាង និងទីផ្សារអន្តរជាតិ។
លោកបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៩ និងក្រុមហ៊ុនអន្តរការីធានារ៉ាប់រងចំនួន ៦៥ កំពុងប្រតិបត្តិការ ខណៈបុព្វលាភធានារ៉ាប់រងសរុបសម្រេចបានប្រមាណ ៣៦៧ លានដុល្លារ កើនឡើង ២,៨ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ ទោះជាយ៉ាងណា អត្រាភាគទានរបស់វិស័យនេះនៅក្នុងសេដ្ឋកិច្ចជាតិ និងការប្រើប្រាស់សេវាធានារ៉ាប់រងក្នុងចំណោមប្រជាពលរដ្ឋនៅមានកម្រិតទាបនៅឡើយ។
លោកឱ្យដឹងថា: «វិស័យធានារ៉ាប់រងកម្ពុជានៅមានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍ ប៉ុន្តែក៏នៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន រួមមានការខ្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការខ្វះធនធានមនុស្សជំនាញក្នុងវិស័យនេះ»។
ការលើកឡើងនេះធ្វើឡើងក្នុងឱកាសដែលនិយ័តករធានារ៉ាប់រងកម្ពុជា និងសាកលវិទ្យាល័យ បៀលប្រាយ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យធានារ៉ាប់រង។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកឡើងថា បញ្ហាកង្វះអ្នកជំនាញមិនមែនជាបញ្ហាថ្មីនោះទេ ប៉ុន្តែកំពុងកាន់តែច្បាស់ឡើង ខណៈវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងរីកចម្រើនលឿនជាងប្រព័ន្ធអប់រំដែលត្រូវការពេលវេលាដើម្បីផលិតកម្លាំងពលកម្មមានជំនាញសមស្រប។
លោក ច័ន្ទភីរូ បានឱ្យដឹងថា ដើម្បីឆ្លើយតបនឹងបញ្ហានេះ និយ័តករធានារ៉ាប់រងកម្ពុជាបានដាក់បញ្ចូលការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់អក្ខរកម្មធានារ៉ាប់រងជាអាទិភាពសំខាន់មួយនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៥-២០៣០។
លោកបន្តថា យុទ្ធសាស្ត្រនេះរួមមានការពង្រីកការអប់រំសាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងការជំរុញឱ្យមានការបញ្ចូលមុខវិជ្ជាពាក់ព័ន្ធទៅក្នុងកម្មវិធីសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ដើម្បីត្រៀមកម្លាំងពលកម្មសម្រាប់តម្រូវការទីផ្សារនាពេលអនាគត។
លោក ឌៀប សីហា សាកលវិទ្យាធិការសាកលវិទ្យាល័យ បៀលប្រាយ បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការនេះអាចជួយបង្កើតឱកាសថ្មីៗសម្រាប់និស្សិត តាមរយៈការស្រាវជ្រាវ កម្មសិក្សា ការបណ្តុះបណ្តាលជំនាញ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញក្នុងវិស័យធានារ៉ាប់រង។
លោកថា: «យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងជួយបណ្តុះបណ្តាលធនធានមនុស្សដែលមានទេពកោសល្យសម្រាប់វិស័យធានារ៉ាប់រង និងលើកកម្ពស់ការយល់ដឹងអំពីការគ្រប់គ្រងហានិភ័យក្នុងចំណោមយុវជនកម្ពុជា»៕

