សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន
Cambodia News
(ភ្នំពេញ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ រៀបចំដំណើរទស្សនកិច្ចសិក្សារបស់ដៃគូសង្គមស៊ីវិលកម្ពុជាចំនួន ២៥រូប ទៅកាន់ភូមិភាគស្វយ័តក្វាងស៊ី និងខេត្តស៊ីឈួន ប្រទេសចិន រយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងចំណងមិត្តភាពប្រជាជននិងប្រជាជន និងស្វែងយល់ពីបទពិសោធន៍កាត់បន្ថយភាពក្រីក្រ។
កិច្ចពិភាក្សាត្រៀមលក្ខណៈចុងក្រោយនៃដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមវត្តមាន ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការ វ.ស.ស. និងជាតំណាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. ជាមួយ លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងលម្អិតលើកម្មវិធីទស្សនកិច្ច ដែលផ្តោតសំខាន់លើការស្វែងយល់ពីបទពិសោធន៍ជាក់ស្តែងរបស់ប្រទេសចិន ក្នុងការអភិវឌ្ឍជនបទ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
ឯកឧត្តម ដួង វិរ័ត្ន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាឱកាសសម្រាប់ដៃគូសង្គមស៊ីវិលកម្ពុជា ក្នុងការសិក្សាឈ្វេងយល់ពីសមិទ្ធផលដ៏អស្ចារ្យនៃការអភិវឌ្ឍជនបទរបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។
ឯកឧត្តមបានបន្ថែមថា បទពិសោធន៍ដ៏សម្បូរបែបរបស់ចិនលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល និងការបង្កើតឱកាសសេដ្ឋកិច្ចនៅមូលដ្ឋាន នឹងក្លាយជាចំណេះដឹងដ៏មានតម្លៃសម្រាប់អង្គការសង្គមស៊ីវិលកម្ពុជា យកមកអនុវត្តក្នុងបរិបទអភិវឌ្ឍន៍របស់ខ្លួន។
ជាការឆ្លើយតប លោកស្រី Wang Yahui បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ វ.ស.ស. នាពេលកន្លងមក ដែលបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មូលនិធិចិន ក្នុងការបន្តគាំទ្រសកម្មភាពផ្លាស់ប្តូរ និងកសាងសមត្ថភាពរវាងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ ដើម្បីចូលរួមចំណែកដល់ការពង្រឹងចំណងមិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្រោមក្របខ័ណ្ឌ «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន»៕

