ក្រសួងអប់រំ ៖ ការសិក្សានៅតែបន្តដំណើរការ ទោះសាលាត្រូវបិទទ្វារ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១២ ឧសភា ២០២១) ៖ សិស្សានុសិស្សនៅតែអាចបន្តការសិក្សា បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបិទសាលា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយក្រសួងបានបន្តប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពធ្វើយ៉ាងណាធានាបាននូវការរក្សាសុវត្ថិភាពជូនបុគ្គលិកអប់រំ និងសិស្សានុសិស្ស ទន្ទឹមនឹងការរក្សានូវគុណភាពអប់រំ ក្នុងស្ថានភាពដ៏លំបាកនេះ តាមរយៈការជំរុញការអនុវត្តវិធីសាស្ត្របង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរៀបចំកិច្ចប្រជុំលើកផែនការ និងដាក់ចេញយុទ្ធសាស្ត្រ ព្រមទាំងជំរុញការរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញជាបន្តបន្ទាប់ ដើម្បីបង្កើតសមត្ថភាពលោកគ្រូ អ្នកគ្រូ ឱ្យប្រើប្រាស់បច្ចេកវិទ្យាបម្រើដល់ការងាររៀន និងបង្រៀន ដើម្បីពង្រឹងការអប់រំតាមបែបឌីជីថល។

សូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូទូទាំងប្រទេសដែលបានប្តេជ្ញាចិត្តអភិវឌ្ឍសមត្ថភាព ស្វែងយល់ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងមធ្យោបាយនានា ដើម្បីបន្តជួយជំរុញការសិក្សារបស់សិស្សទោះបីសាលាត្រូវបានបិទទ្វារជាបណ្ដោះអាសន្នក្ដី។

ក្រៅពីការសិក្សាជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏អាចទាញយកឯកសារ និងមេរៀនយ៉ាងសម្បូរបែបពីកម្មវិធីទូរសព្ទដៃផ្សេងៗ ដូចជា MoEYS e-learning បណ្ដាញសង្គមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការសិក្សាដោយខ្លួននៅតាមផ្ទះ ក្នុងអំឡុងនៃស្ថានភាពដ៏លំបាកនេះ៕ ប្រភព ៖ ពីផេកហ្វេសប៊ុកក្រសួងអប់រំ

Related Articles

Back to top button
Close
Close