តុលាការរាជធានីភ្នំពេញកាត់ទោសលោកម៉ម សូណង់ដូឲ្យជាប់ពន្ធនាគារ២០ឆ្នាំ
ដោយ៖ ហេង នាង
Cambodia News
នៅថ្ងៃទី១ តុលា ២០១២នេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ ក្នុងរឿងជម្លោះដី និងការចោទប្រកាន់ពីបទបង្កើតតំបន់អបគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
នៅថ្ងៃដដែលនេះដែរតុលាការ ក៏បានប្រកាសផ្ដន្ទាទោសលោក ប៊ុន រដ្ឋា ឲ្យជាប់ពន្ធនាគារ ៣០ឆ្នាំ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ឲ្យជាប់ពន្ធនាគារពីចន្លោះ ១០ខែ ដល់ ១៥ឆ្នាំ។
ខណៈដែលសាលាដំបូងរាជធានីភ្នំពេញ កំពុងប្រកាសសាលក្រមលោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ និងជាប្រធានវិទ្យុសំបុកឃ្មុំ នៅព្រឹកថ្ងៃទី១ តុលា ២០១២ មានពលរដ្ឋប្រមាណ ៣០០នាក់នាំគ្នាលើកបដាទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ ។
នៅក្នុងថ្ងៃនេះក៏មានសមត្ថកិច្ចចម្រុះរាប់រយនាក់ត្រូវបានដាក់ពង្រាយឲ្យការពារនៅ ម្ដុំបរិវេណតុលាការ។ កំណាត់ផ្លូវព្រះមុនីរ៉េត ចាប់ពីភ្លើងស្តុបអាងទឹកអូឡាំពិក រហូតដល់ភ្លើងស្តុបនាងគង្ហីង ត្រូវបានបិទមិនឲ្យមានចរាចរណ៍៕