និស្សិតជំនាន់ថ្មីជាង ២០០ នាក់ ទទួលសញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ពីសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ

Cambodia News/

រាជធានីភ្នំពេញ ៖ និស្សិតជំនាន់ថ្មីចំនួនជាង ២០០នាក់ ក្នុងនោះមាននិស្សិតបរទេសចំនួន ៣រូបផងនោះបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) ដែលជាសាកលវិទ្យាល័យឈានមុខគេនៅកម្ពុជា ។

ពិធីប្រគល់សញ្ញាបត្រនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី ១០ ខែឧសភា ឆ្នាំ ២០២៥ ដោយមានវត្តមាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកបណ្ឌិត Malcolm Mclver សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ (AUPP) និងមានអ្នកចូលរួមជា គណៈគ្រប់គ្រង សាស្ត្រាចារ្យ អាណាព្យាបាល ក្រុមគ្រួសារ និងភ្ញៀវកិត្តិយជាង ៧០០នាក់ ដើម្បីអបអរសាទរដល់និស្សិតទាំង ២១៣នាក់ ដែលបានទទួលសញ្ញាបត្រលើមុខជំនាញ ៖ ទំនាក់ទំនងអន្តរជាតិ និងការទូត ការគ្រប់គ្រងព័ត៌មានវិទ្យា នីតិសាស្ត្រ ធុរកិច្ច បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ចុងក្រោយគឺទេសចរណ៍ និងបដិសណ្ឋារកិច្ច ។

ក្នុងពិធីនោះឯកឧត្តម កែវ រតនៈ បានសាទរចំពោះនិស្សិតបញ្ញវន្តដែលបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យ AUPP ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា «គ្រួសារមួយដែលផ្តល់ការអប់រំ ចេះលើកទឹកចិត្តកូនតាំងពីនៅមតេយ្យសិក្សារហូតដល់ទទួលបានបរិញ្ញាបត្រនាពេលនេះ គឺជាការផ្តល់ភាពកក់ក្តៅឱ្យកូនចៅរៀនសូត្រ ។ ទន្ទឹមនោះឯកឧត្តមក៏បានអំពាវនាវផងដែរដល់គ្រួសារខ្មែរ សូមផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រដល់ប្អូនៗ ក្មួយៗ ដែលជាកុមារា កុមារី និងយុវជនជំនាន់ថ្មីឱ្យមានឱកាសរៀនសូត្រ» ។

ដោយឡែក សាកលវិទ្យាធិការ លោកបណ្ឌិត Malcolm Mclver បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់និស្សិតដោយថ្លែងថា «ក្រៅពីសមិទ្ធផលនៅក្នុងការសិក្សា យើងទាំងអស់គ្នាក៏សូមចូលរួមកោតសរសើរនូវភាពជាអ្នកដឹកនាំ បុគ្គលិកលក្ខណៈ និងទស្សនៈដ៏ឈ្លាសវៃ ដែលក្មួយៗទទួលបានពីសាកលវិទ្យាល័យ AUPP» ។

លោកស្រីបណ្ឌិត Jeni McRay សាកលវិទ្យាធិការរង ផ្នែកអន្តរជាតូបនីយកម្ម និងផ្ដួចផ្ដើមយុទ្ធសាស្ត្រ នៃសាកលវិទ្យាល័យ Fort Hays State ដែលជាសាកលវិទ្យាល័យដៃគូមួយរបស់ AUPP នៅសហរដ្ឋអាមេរិក ក៏បានចូលរួមថ្លែងសុន្ទរកថា អបអរសាទរដល់និស្សិតទាំង ២១៣ រូបផងដែរ ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធីសិក្សាអាមេរិក និងកម្មវិធីសញ្ញាបត្រពីរ គឺសញ្ញាបត្រមួយផ្តល់ដោយសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសញ្ញាបត្រមួយទៀតផ្តល់ដោយសាកលវិទ្យាល័យដៃគូនៅសហរដ្ឋអាមេរិក។ និស្សិតមានឱកាសជ្រើសរើសមុខជំនាញចំនួន ១៣មុខផ្សេងៗគ្នា នៅក្នុងមហាវិទ្យាល័យធុរកិច្ច បច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close