លោក មូល ធន អភិបាលរងខេត្តបាត់ដំបងលើកទឹកចិត្តដល់ក្រុមហ៊ុនធានារ៉ាប់រងផ្សេងទៀតបើកសាខានៅខេត្តភាគពាយព្យមួយនេះ

Cambodia News/

បាត់ដំបង ៖ ថ្លែងនៅក្នុងទិវាធានារ៉ាប់រងកម្ពុជាដែលបានរៀបចំធ្វើទ្បើងនៅខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ លោក មូល ធន អភិបាលរងខេត្តបាត់ដំបងបានលើកទឹកចិត្តដល់ក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀតដែលមិនទាន់មានសាខានៅខេត្តបាត់ដំបង មកបើកសាខានៅខេត្តភាគពាយព្យមួយនេះ ដើម្បីចូលរួមផ្តល់ការការពារដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវកម្មក្នុងខេត្ត។

លោក អភិបាលរងបានឲ្យដឹងថាបច្ចុប្បន្ន ខេត្តបាត់ដំបង់មានសាខាក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៦ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន ២ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន ៤ ដែលកំពុងផ្ដល់សេវាធានា-រ៉ាប់រងជូនប្រជាជនក្នុងខេត្តបាត់ដំបង។

ផ្តើមពីនោះលោកក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមប្រើប្រាស់សេវាធានារ៉ាប់រងឱ្យបានច្រើនបន្ថែមទៀត ជាពិសេស សម្រាប់អ្នកដែលមិនទាន់មានការធានារ៉ាប់រង ដោយហេតុថា ការធានារ៉ាប់រងនេះ នឹងផ្ដល់នូវស្ថេរភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុពីហានិភ័យនានាដែលអាចកើតមានឡើង, ផ្ដល់នូវសន្តិភាពផ្លូវចិត្តដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ព្រមទាំងជួយគាំទ្រ និងជំរុញសកម្មភាពអាជីវកម្ម ក៏ដូចជាបង្កើនការវិនិយោគក្នុងសេដ្ឋកិច្ច។

លោក មូល ធន ក៏បានបង្ហាញនូវក្តីសង្ឃឹមថា ទិវាធានារ៉ាប់រងកម្ពុជា ២០២៥ នឹងជួយជម្រុញការយល់ដឹង ការផ្សព្វផ្សាយ និងពង្រឹងប្រសិទ្ធភាពលើវិស័យធានារ៉ាប់រងឱ្យបន្តរីកចម្រើនជាមួយនឹងការបោះជំហានទៅមុខ ប្រកបដោយភាពរឹងមាំ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close