សិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន
Cambodia News/
ព្រះសីហនុ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ក្របខណ្ឌសមត្ថភាពឌីជីថលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ក្នុងគោលបំណងជំរុញដល់ការអនុវត្ត និងការរៀបចំកម្មវិធីសិក្សាផ្នែកឌីជីថល កម្មវិធីលើកកម្ពស់ការយល់ដឹងនានាដោយប្រើប្រាស់ក្របខណ្ឌ អ.ឌ.ប.ពដែលបានរៀបចំ និងដាក់ចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្របខណ្ឌសមត្ថភាពអក្ខរកម្មឌីជីថល ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (អ.ឌ.ប.ព.) ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអង្គការយូណេស្កូ។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។ ក្របខណ្ឌសមត្ថភាពនេះបានកំណត់ស្តង់ដាសមត្ថភាពចាំបាច់ដែលពលរដ្ឋកម្ពុជាគួរមាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពវិវត្តនៅកម្រិតតំបន់ និងសកលលោក ព្រមទាំងស្របតាមទិសដៅគោលនយោបាយ និងយុទ្ធសាស្រ្តដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងនោះមានចក្ខុវិស័យប្រែក្លាយសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅជា សេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយកនិងការធ្វើបរិវត្តកម្មឌីជីថល នៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ធុរជន និងពលរដ្ឋ។
ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. គឺជាឯកសារយោងដ៏មានសារៈសំខាន់សម្រាប់ក្រសួងស្ថាប័ន គ្រឹះស្ថានអប់រំសាធារណៈនិងឯកជន រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀត ក្នុងការពិនិត្យឡើងវិញនិងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល វាយតម្លៃកម្រិតសមត្ថភាព អ.ឌ.ប.ព. និងប្រើប្រាស់ជាមូលដ្ឋានដាក់ចេញនូវគោលនយោបាយឬយុទ្ធសាស្ត្រលើកកម្ពស់ អ.ឌ.ប.ព. ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្របខណ្ឌសមត្ថភាព អ.ឌ.ប.ព. បានបែងចែកជា ៨ ចង្កោមធំៗ ដែលមានសមត្ថភាពសរុបចំនួន ១១៤ និងមាន៣កម្រិត គឺកម្រិតមូលដ្ឋាន កម្រិតមធ្យម និងកម្រិតខ្ពស់។
សូមជម្រាបថា សិក្ខាសាលាខាងលើនេះ បានប្រមូលផ្តុំអ្នកបង្កើតកម្មវិធីបណ្តុះបណ្តាល កម្មវិធីអប់រំផ្សព្វផ្សាយ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍកម្មវិធីលើកកម្ពស់សមត្ថភាពឌីជីថលប្រកបដោយស្តង់ដារ សុវត្ថិភាពនិងការទទួលខុសត្រូវ។
មន្ត្រីជំនាញបានលើកទ្បើងថា អ្វីជាលទ្ធផលដែលទទួលបានពីសិក្ខាសាលាខាងលើនេះរួមមាន៖ កម្មវិធីអប់រំ កម្មវិធីបណ្តុះបណ្តាលជំនាញ និងកម្មវិធីលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថលទាំងអស់ នឹងត្រូវបានរៀបចំ ឬកែលម្អស្របតាមស្តង់ដារសមត្ថភាពដែលមានកំណត់ក្នុងក្របខណ្ឌសមត្ថភាពអ.ឌ.ប.ព។ ប្រជាពលរដ្ឋ និងសិស្សានុសិស្សមានសមត្ថភាពឌីជីថលសមស្រប តាមការវិវត្តរបស់បច្ចេកវិទ្យា ដែលអាចឲ្យពួកគេចូលរួមបានយ៉ាងសកម្ម ទទួលបានផលប្រយោជន៍ខ្ពស់ ពីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល និងអាចចៀសផុតពីហានិភ័យ គ្រោះថ្នាក់នានាដែលកើតមានឡើងនៅលើប្រពន្ធអនឡាញ។
សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីលោក ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល អង្កការដៃគូនានា ប្រមាណជាង ៧០ នាក់ ខណៈសិក្ខាសាលាត្រូវបានរៀបចំធ្វើទ្បើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ៕