សម្តេចបវរធិបតី ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែតុលានេះ។
ការសម្រេចគឺធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទម្លាយពីករណីឆបោកប្រាស់របស់លោក លី សាម៉ែត ទីប្រឹក្សាម្នាក់របស់សម្តេច ដែលយកឈ្មោះសម្តេចទៅប្រើប្រាស់ដើម្បីបោកប្រាស់ ហើយក្នុងចំណោមអ្នកផ្តល់សំណូកនោះ ក៏មាន លោក កន សុខកាយ ផងដែរ។
សេចក្តីសម្រេចបញ្ចប់តំណែងលោក កន សុខកាយ គឺដោយសារតែសាម៉ឺខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងសារដែលរៀបរាប់ពីករណីឆបោករបស់លោក លី សាម៉េត សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានទទួលវីដេអូពីលោក កន សុខកាយ ដែលប្រាប់សម្តេចថា លោក លី សាម៉េត យកប្រាក់ពីខ្លួន ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឱ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ៕