អាមេរិកអំពាវនាវឲ្យជប៉ុន និងកូរ៉េខាងត្បូងកាត់បន្ថយភាពតានតឹងរវាងគ្នា
លោកស្រីប្រមុខការទូតអាមេរិក Hillary Clinton បានអំពាវនាវឲ្យប្រទេសជប៉ុន និង កូរ៉េខាងត្បូងចេះអត់ធ្មត់ និងកាត់បន្ថយភាពតានតឹងជុំវិញរឿងដណ្តើមកោះ គ្នានៅសមុទ្រជប៉ុន។ សេចក្តីអំពាវនាវរបស់ប្រមុខការទូតអាមេរិកត្រូវបានធ្វើឡើង នៅក្នុងជំនួបជាមួយប្រមុខរដ្ឋកូរ៉េខាងត្បូង និងប្រមុខរដ្ឋាភិបាលជប៉ុននាឱកាស ជំនួបកំពូល Apec ក្នុងប្រទេសរុស្ស៊ី។
លោកស្រីប្រមុខការទូតអាមេរិក Hillary Clinton បានបញ្ជាក់ថា លោកស្រីពិតជា បានលើកយកបញ្ហាជម្លោះដណ្តើមកោះគ្នារវាងជប៉ុន និងកូរ៉េខាងត្បូងទៅ ជជែកជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-Bak និងលោកនាយក រដ្ឋមន្រ្តីជប៉ុន Yoshihiko Noda ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់ អាមេរិក ដូចគ្នា។ កិច្ចសន្ទនានោះបានត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នានាឱកាសជំនួប កំពូល Apec ក្នុងប្រទេសរុស្ស៊ី។ « ខ្ញុំបានលើកយកសំណុំរឿងនេះទៅនិយាយ ម្តងម្នាក់ៗ ដោយបានរំលឹកប្រាប់ពួកគេថា គឺក្នុងផលប្រយោជន៍រួមទំាងអស់ គ្នា ដែលម្នាក់ត្រូវតែចេះអត់ធ្មត់ និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិ វិធី » នេះជាការថ្លែងរបស់លោកស្រី Hillary Clinton នាឱកាសជំនួបកំពូល Apec ក្នុងប្រទេសរុស្ស៊ីដែលត្រូវបិទបញ្ចប់នៅថ្ងៃអាទិត្យ ទី៩ កញ្ញានេះ។ លោក ស្រីបានបន្ថែមថា លោកស្រីសង្ឃឹមថា ពួកគេពិតជាស្តាប់បាន និងយល់ច្បាស់ នូវអ្វីដែលលោកស្រីបាននិយាយ។
គួរជម្រាបជូនថា កោះតូចមួយមិនសូវមានមនុស្សរស់នៅច្រើននៅក្នុងសមុទ្រ ជប៉ុន ដែលត្រូវបានទីក្រុងតូក្យូឲ្យឈ្មោះថា Takeshima និងទីក្រុងសេអ៊ូលហៅ Dokdo កំពុងស្ថិតក្រោមការកាន់កាប់របស់កូរ៉េខាងត្បូង តែកំពុងត្រូវបានជប៉ុនទាម ទារថា ជាកម្មសិទ្ធរបស់ខ្លួនដែរ។ ជប៉ុនដែលបានធ្វើអាណានិគមនៅឧបទ្វីបកូរ៉េ ចន្លោះ ឆ្នំា ១៩១០ និង១៩៤៥។ កាលពីថ្ងៃទី ១០ សីហាកន្លងទៅថ្មីនេះៗ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-Bak ដែលជាអ្នកអភិរក្សនិយមបាន ទៅធ្វើទស្សនកិច្ច លើកោះតូចនោះ។ តែទស្សនកិច្ចរបស់ប្រមុខរដ្ឋកូរ៉េខាង ត្បូងកាលណោះ មិនបានធ្វើឲ្យជប៉ុនសប្បាយចិត្តទេ។ រីឯសហរដ្ឋអាមេរិក វិញ ធ្លាប់បានគូសបញ្ជាក់ជាច្រើនលើក ច្រើនសារថា ទីក្រុងវ៉ាស៊ីតោនបានតាមដាន យ៉ាងយកចិត្តទុកដាក់ជាទីបំផុតនិងចេញមុខគំាទ្រភាគីមួយនៅក្នុងជម្លោះ ទឹកដីនេះ។
តាមពិតទៅបើគេនិយាយពីជម្លោះទឹកដីនៅក្នុងទ្វីបអាស៊ីគេច្រើនតែឮពីជម្លោះ ដណ្តើមទីប្រជុំកោះគ្នានៅក្នុងសមុទ្រចិនខាងត្បូងរវាងចិន និងប្រទេសអាស៊ី មួយចំនួន។ ត្រង់ចំណុចនេះ លោកស្រី Hillary Clinton បានគូសបញ្ជាក់ថា សារ របស់អាមេរិក គឺមានតែមួយដូចគ្នានោះគឺ វាល្មមដល់ពេលដែលគ្រប់ភាគី ពាក់ព័ន្ធ ប្រឹងប្រែងដោះស្រាយបញ្ហាដោយ សន្តិវិធី និងពង្រឹងឡើងវិញនូវទំនាក់ទំនងការ ទូតរវាងគ្នា។
លោកស្រីប្រមុខការទូតអាមេរិកបានបន្ថែមថា ថ្នាក់ដឹកនំាទំាងអស់នៅក្នុង ជំនួបកំពូល Apec យល់យ៉ាងច្បាស់ថា យើងមិនអាចទុកបណ្តោយឲ្យ បញ្ហា ចេះតែអូសបន្លាយយ៉ាងដូច្នេះបានទេ។ សម្រាប់លោកស្រី Clinton ទំាង សហរដ្ឋអាមេរិក ទំាងគ្រប់ប្រទេសនៅក្នុងទ្វីបអាស៊ី ក៏ដូចជាប្រទេសទំាងអស់ ក្នុងលោក គឺគ្មានអ្នកណាម្នាក់ចង់បាន និងចង់ឃើញតំបន់អាស៊ីប៉ាស៊ីហ្វិក ស្គាល់អស្ថរភាព និងគ្មានសន្តិភាពនោះទេ៕ ដោយ គួច គន្ធារ៉ា (RFI)