ឯកឧត្តម កែវ រតនៈ ៖ រាជរដ្ឋាភិបាល រក្សាជំហរបញ្ចុះតម្លៃអគ្គិសនីជូនពលរដ្ឋ ខណៈវិស័យរ៉ែកំពុងរីកចម្រើន
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃ២១ វិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលរក្សាជំហរក្នុងការបញ្ចុះតម្លៃថាមពលអគ្គិសនីជូនប្រជាពលរដ្ឋទៀត ខណៈ វិស័យរ៉ែកំពុងតែរីកចម្រើន។
ឯកឧត្តម បានបន្តថា ដើម្បីជួយជំរុញផ្នែកទេសចរណ៍ឲ្យ ងើបឡើងវិញក្រោយជំងឺកូវីដ រាជរដ្ឋាភិបាលបានរុញការបញ្ចុះថ្លៃអគ្គិសនីរយៈពេល៣ខែទៀត ចាប់ពីខែធ្នូឆ្នាំ២០២៣ និងខែមករា-កុម្ភៈឆ្នាំ២០២៤ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់វិស័យទេសចរណ៍ដូចជា ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ និងអគារពាណិជ្ជកម្មធំៗឲ្យខិតខំប្រឹងប្រែង ក្នុងការទាក់ទាញភ្ញៀវទេសចរដែលចំណុចនេះធ្វើឲ្យគាត់ទទួលបានការបញ្ចុះថ្លៃ១៥%ទៀតចំពោះតម្លៃអគ្គិសនី ចំពោះគោលនយោបាយនេះ អាជ្ញាធរអគ្គិសនីបានកំពុងតែដាក់ចេញនូវគោលការណ៍ប្រតិបត្តិហើយ»។
ជាមួយគ្នានោះដែរ ឯកឧត្តមបានឲ្យដឹងទៀតថា ការជួយជំរុញលើវិស័យទេសចរណ៍នេះ ធ្វើឲ្យរដ្ឋាភិបាលជួយចេញខាតថវិកាជំនួសពលរដ្ឋចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២២អស់ថវិកាប្រមាណ៦២៩លានដុល្លារ។ តាមរយៈអគ្គិសនីនៅជនបទរាជរដ្ឋាភិបាលបានជួយពង្រឹងបណ្តាញ នៅជនបទក្នុងតម្លៃថវិកាជាង១០២លានដុល្លារផងដែរ ដោយមិនទាន់រាប់បញ្ចូលនឹងការចំណាយផ្សេងៗទៀតនោះទេ។
ឯកឧត្តមបន្តទៀតថា អ្វីដែលរដ្ឋលក់តម្លៃអគ្គិសនីក្នុងតម្លៃមួយគីឡូតម្លៃ៣៨០រៀល ឬ៤៨០រៀល ឬ៦៨០រៀល គឺជាការចេញខាតជំនួសទៅកាន់សេវាករ។ ឯកឧត្តមបានអះអាងថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរក្នុងការមិនតម្លៃឡើងថ្លៃអគ្គិសនីនោះទេ ហើយមិនត្រឹមតែតម្លៃទេ គឺកំពុងតែគិតគូរក្នុងការបញ្ចុះតម្លៃឲ្យថែមទៀត ក្នុងវិស័យមួយចំនួន ដូចឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។
ឯកឧត្តមបញ្ជាក់ថា «បងប្អូនដឹងទេ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមក លោកបានខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញការសន្យា និងក៏បានធ្វើលើសផងដែរ។ អីចឹងតាមការប្តេជ្ញារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺគាត់ថា ត្រូវធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីរក្សានៅតម្លៃដដែលហើយបន្តចុះ ដើម្បីធ្វើយ៉ាងណាជួយដល់សេដ្ឋកិច្ចជាតិ» ដោយវិស័យរ៉ែបាននាំយកថវិកាចូលជាតិរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ៕ ដោយ ៖ ហេង នាង