មេបក្សប្រឆាំងបរិហារអាក្រាត អំពីរបៀបរស់នៅដ៏ហ៊ឺហារបស់លោកប្រមុខរដ្ឋពូទីន
ខ្លឹមសារនៃការបរិហារនេះ ធ្វើលើទំព័រកាសែតថ្ងៃនេះ ដោយមេដឹកនាំបក្សប្រឆាំង គឺថាលោកពូទីន“កំពុងបាត់បង់ប្រជាប្រិយភាព”ហើយ“នៅតោងអំណាចដូចខ្មោច ចូល” ចំណែកមូលហេតុមួយនៃបាតុភាពនេះ គឺមកពី”បរិយាកាសនៃទ្រព្យសម្បត្តិ និងភាពស្តុកស្តម្ភដែលគាត់ទម្លាប់ទៅហើយ រួចដែលគាត់មិនព្រមបណ្តោយ ឲ្យវារបូតពីខ្លួនគាត់ឡើយ”។
មេបក្សប្រឆាំងនេះគឺឈ្មោះ Boris Niemtsov ក្នុងទសវត្សរ៍ទី៩០ ធ្លាប់ធ្វើជា អភិបាលខេត្ត និងជាឧបនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្ន ជាសហប្រធាននៃ សម្ព័ន្ធ “គណបក្សសាធារណរដ្ឋស្តាំនិយម” និង “គណបក្សប្រជាសេរីភាព PARNAS”។ រូបគាត់ល្បី ដោយក្នុងអង្គមីទ្ទិញ និងបាតុកម្មតែងបន្លឺឡើងនូវ ការទាមទារពីលោកពូទីនឲ្យចុះចេញពី អំណាចទៅ ក្រោមពាក្យស្លោកថា “ ប្រទេសរុស្ស៊ីឥតត្រូវការរូបពូទីនទេ”។ លើទំព័រកាសែត Kommersant លេខថ្ងៃនេះ គាត់សរសេរហែកកេរ្តិ៍លោកពូទីនថា លោកពូទីន ក្នុងសម័យឃោសនាបោះ ឆ្នោត ប្រធានាធិបតីកាលពីខែមិនាកន្លងទៅ បានបោកប្រាស់ប្រជាជនម្ចាស់ ឆ្នោ តដោយប្រកាសជាសាធារណៈថា មានប្រាក់ចំណូលក្នុង១ឆ្នាំតែ៤លាន រូប្ល៍ ឬស្មើនឹង ១២៥.០០០ដុល្លារប៉ុណ្ណោះ។ តាមមេបក្សប្រឆាំង បើខ្ទង់ ចំណូលតែប៉ុណ្ណឹង ហេតុម៉េចក៏ពូទីនរស់នៅដូចជីវភាពពួកស្តេចនៃប្រទេសតំបន់ ឈូងសមុទ្រ Persique អ៊ីចឹង!
របាយការណ៍មេបក្សប្រឆាំងនោះ ធ្វើការបូកគុណដូចតទៅ ៖សព្វថ្ងៃសម្រាប់ តម្រូវការលោកពូទីន គឺមានវិមានភូម៌គ្រឹះនិវេសនដ្ឋាន សរុបទៅ២០កន្លែងដែល ពីក្នុងនោះ វិមាន៩កន្លែងត្រូវបានសង់ឡើងគឺ សម័យក្រោមអំណាចពូទីន តែម្តង។ ក្នុងយានដ្ឋានបម្រើការហោះហើរលោកពូទីន គឺមាន យន្តហោះ ៤៣ គ្រឿង និងឧទ្ធម្ភាគចក្រ ១៥គ្រឿងដែលតម្លៃសរុបរបស់វាគឺ ១.០០០លាន ដុល្លារ។ នៅមាននាវាកំសាន្តតូចៗ ៤ទៀត តម្លៃប្រមាណ ១០០.០០០ ដុល្លារ។
មេបក្សប្រឆាំងថែមទាំងរាប់អំពីចំនួននាឡិកាដៃលោកពូទីនទៅផង ដែលសរុប ទៅមានចំនួន ១១ ក្នុងតម្លៃសរុប ២២លានរូប្ល៍ ទាំងផ្គើនឲ្យលោកពូទីន ទៅផងថា គ្រាន់តែដើម្បីទិញនាឡិកាទាំងនេះ លោកពូទីនត្រូវចំណាយប្រាក់ខែខ្លួន ទាំងស្រុងអស់៦ឆ្នាំជាប់ ដោយធ្វើពលីកម្មមិនហូប មិនចុក ពេញទាំង៦ឆ្នាំនោះ។ របាយការណ៍នោះ ភាគច្រើន គឺជារូបថតដែលចំណងជើងវា សុទ្ធតែយោងទៅ លើប្រភពជាក់លាក់ ដើម្បីបញ្ចៀសឲ្យផុតពីការចោទប្រកាន់ តាម”បទមួល បង្កាច់” ដែលច្បាប់ស្តីអំពីប្រការ”មួលបង្កាច់” នេះ អាចផ្តន្ទាទោសឲ្យជាប់ ពន្ធនាគាររហូតដល់៣ឆ្នាំឯណោះ។
អ្នកនាំពាក្យផ្លូវការរបស់វិមានក្រេមឡាំងបានប្រតិកម្មទៅហើយ តបនឹងរបាយ ការណ៍មេបក្សប្រឆាំងគឺថា រាល់អ្វីៗដែលប្រធានាធិបតីជាប់ឆ្នោតប្រើប្រាស់សម្រាប់ តម្រូវការខ្លួន គឺសុទ្ធតែជាកម្មសិទ្ធិរបស់រដ្ឋទេតើ។ គឺថ្ងៃស្អែក ទី២៨ សីហាដែលនឹងប្រព្រឹត្តទៅ ពិធីបង្ហាញរបាយការណ៍នោះ ដែលបោះពុម្ព ផ្សាយតែចំនួន ៥ពាន់ច្បាប់ប៉ុណ្ណោះ ប៉ុន្តែពួកប្រឆាំងរំពឹងទៅលើការផ្សព្វ ផ្សាយវា ឲ្យបានខ្ចរខ្ចាយតាមបណ្តាញសង្គម៕ដោយ កែវ ឆាយា (RFI)