ពលរដ្ឋដែលធ្វើដំណើរពីតំបន់ផ្ទុះ​កូវីដ​១៩​ ចូល​ខេត្តកណ្ដាល​តម្រូវ​ឲ្យ​អនុវត្ត​វិធាន​ការសុខាភិបាល​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១០ មេសា ២០២១) ៖ អាជ្ញាធរខេត្តកណ្តាលបានឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតំបន់ពាក់ព័ន្ធនឹងការផ្ទុះឆ្លងរាលដាលជំងឺកូវីដ១៩ តម្រូវឱ្យអនុវត្តវិធានការសុខាភិបាលដោយត្រួតពិនិត្យសុខភាពនិងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ចូលភូមិសាស្ត្រខេត្តកណ្ដាល។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះសូមបងប្អូននៅជួបជុំតែក្នុងចំណោមសមាជិកដែលរស់នៅក្នុងលំនៅឋានជាមួយគ្នាចៀសវាងការធ្វើដំណើរចេញក្រៅផ្ទះដោយមិនចាំបាច់។

រដ្ឋបាលខេត្តក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានធ្វើការតាមដាន និងហាមដាច់ខាតការប្រមូលផ្ដុំរៀបចំកម្មវិធីកម្សាន្តបែបប្រពៃណីកម្មវិធីរាំច្រៀងពិធីជប់លៀងការជួបជុំគ្រប់ប្រភេទដែលមានសភាពអ៊ូអរមានមនុស្សចូលរួមច្រើន ។

​ពុទ្ធបរិស័ទសាសនិកនានាដែលចេញចូលតាមវត្តអារាម ព្រះវិហារ សាលាឆាន់ កុដិនីៗត្រូវពាក់ម៉ាសជាប្រចាំមុនចេញចូលវត្តនិងលាងដៃនឹងសាប៊ូអាកុលឬជែល មានការវាស់កំដៅនិងស្កេន QR កូដទប់ស្កាត់ជំងឺកូវីដ១៩នៅខ្លោងទ្វារចូលនៅតាមទីវត្តអារាមផងដែរ។

រាជរដ្ឋាភិបាលបានបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល​១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត លើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមិនស្ថិតនៅក្រោមវិសាលភាព នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ទៅវិញទៅ៕

Related Articles

Back to top button
Close
Close