ក្រសួងសុខាភិបាលប្រកាសរកឃើញករណីឆ្លងកូវីដ ១ករណីថ្មីទៀត នាំចូលពីហ្វីលីពីន

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២២ ឧសភា ២០២០)  នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងកូវីដ១៩ថ្មី ១ករណីទៀត ដែលបានធ្វើដំណើរវិលត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជា ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ មករាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលទទួលបាននៅមុនបន្តិច។

តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីកូវីដ១៩ ទី១២៣នៅកម្ពុជានេះ កើតឡើងលើបុរសម្នាក់ អាយុ២៦ឆ្នាំ ដែលមានទីលំនៅ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។

បុរសខ្មែរដែលឆ្លងជំងឺកូវី១៩ថ្មីនេះ គឺជាអ្នកដំណើរដែលបានវិលត្រឡប់ពីប្រទេសហ្វីលីពីន មកកាន់ប្រទេសកម្ពុជាវិញ ដោយបន្តជើងហោះហើរពីសារធារណរដ្ឋកូរ៉េ កាលពីវេលាម៉ោង២២៖០០យប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺកាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅនេះ មានអ្នកដំណើរសរុបចូលកម្ពុជាមានចំនួន៦៣នាក់ (ស្រី១៤នាក់) ដែលមានជនជាតិកូរ៉េ២៣នាក់ (ស្រី៣នាក់) ខ្មែរ៣៤នាក់ (ស្រី១០នាក់) មានការត្រួតពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ និងបានដាក់ឱ្យរង់ចាំកន្លែងធ្វើចត្តាឡីស័ក នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅពេលមកដល់រាជធានីភ្នំពេញភ្លាម ហើយបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ ដែលជាលទ្ធផលបង្ហាញថា មានវិជ្ជមានវីរុសកូវីដ១៩លើបុរសជនជាតិខ្មែរម្នាក់ខាងលើនេះតែម្តង។

ជាថ្មីម្តងទៀត ក្រសួងសុខាភិបាល បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តវិធានការការពារខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត ហើយក្រសួងសុខាភិបាល នឹងបន្តជូនដំណឹងដល់សាធារណជន អំពីការវិវឌ្ឍនៃបញ្ហាសុខភាព តាមទំព័រហ្វេសបុក និងវេបសាយរបស់ខ្លួនជាបន្តបន្ទាប់ទៀត៕

Related Articles

Back to top button
Close
Close