ចាប់ពីថ្ងៃ១ កក្កដា ក្រសួងសេដ្ឋកិច្ច នឹងចុះអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីលើកញ្ចប់បារី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មិថុនា ២០១៩) ៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា នឹងចុះអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ចំពោះម្ចាស់សហគ្រាស ផលិតផលិតបារីក្នុងស្រុក បារីនាំចូល អ្នកលក់ និងអ្នកចែកចាយក្នុងស្រុកទាំងអស់ ។
យោងតាមសេចក្ដីជូនដំណឹង ស្ដីពី ការចុះអនុវត្តកាតព្វកិច្ច បិទតែមប្រិ៍អាករប្រភេទថ្មី សម្រាប់បារី របស់ក្រសួងសេដ្ឋកិច្ចកាលពីថ្មីៗនេះ បានឲ្យដឹងថា មានសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី អ្នកលក់ និងអ្នកចែកចាយ ក្នុងស្រុកមួយចំនួនធំ បានអនុវត្តត្រឹមត្រូវតាមច្បាប់កំណត់ ប៉ុន្តែនៅមានសហគ្រាសមួយចំនួនតូច មិនទាន់បានជ្រាបច្បាស់ ពីការអនុវត្តការតព្វកិច្ច ។
ក្រសួងសេដ្ឋកិច្ចបន្តថា ក្នុងពេលកំពុងចុះត្រួតពិនិត្យ ប្រសិនបើឃើញមានបារី ដែលដាក់នៅក្នុងឃ្លាំងស្តុក ឬកំពុងតាំងលក់ បិទតែមប្រិ៍អាករប្រភេទចាស់ មិនមានបិទតែមប្រិ៍អាករ ឬបិទតែមប្រិ៍អាករក្លែងក្លាយ នឹងធ្វើការឃាត់ទុក និងគ្រប់គ្រងបារីទាំងនោះ ហើយតម្រូវឲ្យអ្នកផលិតបារី អ្នកនាំចូលបារី ឬម្ចាស់បារីទាំងនោះ ទទួលខុសត្រូវចំពោះមុខច្បាប់៕