ច្បាប់គ្រប់គ្រងអ៊ីនធើរណិតនៅម៉ាឡេស៊ីរងការរិះគន់
លោក Najib Razak នាយករដ្ឋមន្រ្ដីម៉ាឡេស៊ីមានប្រសាសន៍ថា លោកនឹងសើរើច្បាប់ចម្រូងចម្រាសក្រោយពីអ្នករិះគន់ បានធ្វើបាតុកម្មមួយថ្ងៃបំបិទមិនឲ្យមានការប្រើប្រាស់អ៊ីនធើរណិតកាលពី ម្សិលមិញដោយពួកគេអះអាងថា ច្បាប់នោះ គំរាមដល់សិទ្ធិ បញ្ចេញមតិដោយសេរី។
ច្បាប់នេះ ចែងថា ពលរដ្ឋម៉ាឡេស៊ីនឹងមានទោសប្រសិនបើមាតិការឿងបរិហារកេរិ៍្ដណាមួយ ត្រូវគេបោះផ្សាយចេញ ពីកុំព្យូទ័រ, ទូរស័ព្ទចល័ត និងប្រព័ន្ធអ៊ីនធើរណិត ទោះបីជាឧបករណ៍ទាំងនេះត្រូវគេលួចវាយលុកចូលប្រព័ន្ធដោយខុស ច្បាប់ក៏ដោយ។
អាជ្ញាធរនិយាយថា ច្បាប់នេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើរណិត ប៉ុន្ដែបណ្ដាសកម្មជនបានពិពណ៌នាច្បាប់នេះថាជាការប៉ុនប៉ងរបស់ រដ្ឋាភិបាលក្នុងការបំបិទមាត់អ្នករិះគន់។
សម្រាប់លោក នាយករដ្ឋមន្រ្ដីម៉ាឡេស៊ីដែលកំពុងតែប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំង ឡើងមុនការបោះឆ្នោតមក ដល់ក្នុង ពេលឆាប់ៗនេះ ប្រព័ន្ធអ៊ីនធើរណិតគឺជាឧបសគ្គមួយសម្រាប់លោកដោយសារតែក្រុមបក្ស ប្រឆាំងបានប្រើប្រព័ន្ធ នេះ យ៉ាងទូលំទូលាយដើម្បីបញ្ជូនសារដល់ បណ្ដាជន៕ (Radio Australia)