ប្រឡងបាក់ឌុបឆ្នាំនេះ ACU ដាក់សង្កេតការណ៍ស្ម័គ្រចិត្ត៥ពាន់នាក់
សារព័ត៌មាន Cambodia News/
រាជធានីភ្នំពេញ (១៥ សីហា ២០១៨) ៖ ប្រធានអង្គភាពប្រឆាំងអំពើពុរលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រកាសថា អង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត៥ពាន់នាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្រទៅនៅថ្ងៃទី២០-២១ ខែសីហាឆ្នាំ២០១៨ខាងមុខនេះ។
លោកទេសរដ្ឋមន្រ្តីថ្លែងបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងណែនាំដល់អ្នកសង្កេតការណ៍ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាលពីរសៀលម្សិលមិញនៅសាលាតិចណូ (សាលសម្ដេចតេជោ ហ៊ុន សែន) រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងស្ថាប័នពាក់ព័ន្ធ រួមទាំងអ្នកសង្កេតស្ម័គ្រចិត្តជាច្រើនផងដែរ។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានលើកឡើងថា ការសម្រេចបានគុណភាពនៃការប្រឡងសញ្ញាបត្រទុតិយភូមិចំនួន ៦លើកគឺជាការរួមចំណែករបស់យុវជន និងអ្នកអង្កេតការណ៏ ដែលបានធ្វើឲ្យការប្រឡងសញ្ញាបត្រទុតិយ ភូមិទទួលបានជោគជ័យយ៉ាងធំ ក្នុងការធ្វើកំណែទម្រង់ វិស័យអប់រំឲ្យមាន គុណភាពដែលជាមោទន ភាពកម្ពុជា។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំ២០១៨នេះ នឹងត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់២១ ខែសីហា ឆ្នាំ២០១៨ ដោយមានសិស្សានុសិស្សប្រឡងចំនួន១១៧,០៦១នាក់ ចែកចេញជា២ក្រុមរួមមានថ្នាក់វិទ្យាសាស្ត្រចំនួន៥១.៧ភាគរយ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤៨.៣ភាគរយ ក្នុងនោះមានមណ្ឌលប្រឡងចំនួន១៩៥ មណ្ឌលមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន៩៩មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦មណ្ឌល៕