ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖ សង្គ្រាមបញ្ចប់ទាំងស្រុងដោយបាតដៃខ្មែរ មិនមែនបរទេសទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៦ មិនា ២០១៨) ៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លុវជាតិលេខ៥ ពីបាត់ដំបងទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រវែងជិត៨៥គីឡូម៉ែត្រ នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមនៅកម្ពុជាបានបញ្ចប់ទាំងស្រុង ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់ថ្នាក់ដឹកនាំកម្ពុជា មិនមែនតាមរយៈកិច្ចព្រមព្រៀងក្រុងបារីសនោះទេ ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា៖ «ប៉ុន្តែមិនត្រូវភ្លេចថា ដំណាក់កាលចុងក្រោយបញ្ចប់សង្គ្រាមទាំងស្រុង គឺបាតដៃខ្មែរ ។ មិនមែនបាតដៃបរទេសទេ» ។ សម្តេចបន្ថែមថា បរទេសគេសរសេរត្រឹមអនុវត្តកិច្ចព្រមព្រៀងក្រុងបារីស តែគេមិនបានសរសេរថា សន្តិភាពចុងក្រោយ បានមកពីអ្នកណានោះទេ ។ ជាពិសេសអ្នកសរសេរប្រវត្តិសាស្ត្រភាគច្រើន គឺបរទេស អញ្ចឹងគេសរសេរតែអ្វីដែលជាស្នាដៃរបស់គេតែប៉ុណ្ណោះ ។
នាយករដ្ឋមន្ត្រីកម្ពុជាបានរម្លឹកថា ដើម្បីបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជាសម្តេចបានសម្រេច ប្រកាសចេញនូវ៣ ចំនុច ទី១- ធានាអាយុជីវិត និងរូបកាយអ្នកផ្តាច់ខ្លួនទាំងអស់ (អតីតទាហានខ្មែរក្រហម) , ទី២ – ធានាអាជីព នឹងមុខរបរ ដែលមានន័យថាដើម្បីធានាថា ពួកគេបន្តធ្វើទាហានបន្តទៀត ដែលកត្តានេះ «ប្រទេសផ្សេងឥតហ៊ានធ្វើទេ» តែថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានអនុវត្តដោយប្រគល់កងពលឲ្យខ្មែរក្រហម មេខ្មែរក្រហមនៅដដែល ជាមួយកូនទាហានមានប៉ុន្មាន កាំភ្លើងប៉ុន្មានទុកឲ្យទាំងអស់ គឺគ្រាន់តែដោះអាវខ្មែរក្រហមចេញ ពាក់អាវរាជរដ្ឋាភិបាល អនុវត្តច្បាប់ និងបទបញ្ជារាជរដ្ឋាភិបាល ខណៈគ្រូបង្រៀនបន្តធ្វើគ្រូបង្រៀន តែដាក់កម្មសិក្សារបស់រដ្ឋាភិបាល ។ ទី៣ – ធានាដល់កម្មសិទ្ធទាំងអចលទ្រព្យ និងចលទ្រព្យ ៕