សម្តេចតេជោ ៖ សម រង្ស៊ី ទៅលួចចុះហត្ថលេខាកាត់ទឹកដីឲ្យវៀតណាមជារឿងក្បត់ជាតិមិនតូចទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិនា ២០១៨) ៖ ក្រោយមានការបែកធ្លាយនូវឯកសារវីដេអូ ដែលលោក សម រង្ស៊ី បានទៅលួចចុះហត្ថលេខាកាត់ទឹកដីឱ្យវៀតណាម តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រឿងនេះ ជារឿងក្បត់ជាតិ មួយទៀតមិនតូចទេ ហើយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ក៏កំពុង បើកការស៊ើបអង្កេតឱ្យបានម៉ត់ចត់ និងត្រឹមត្រូវតាមច្បាប់។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះប៉ែន ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
សម្តេចក៏បានមានប្រសាសន៍ ចាត់វិធានការទៅលើ លោក សម រង្ស៊ី ដែលបានទៅលប លួចចុះហត្ថលេខាជាមួយមេដឹកនាំ ជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ដែលគេថា នៅពេលគេឈ្នះឆ្នោត គេនឹងកាត់ទឹកដី ខេត្តចំនួន៤ របស់កម្ពុជាឱ្យជនជាតិភាគតិច វៀតណាម ។
តាមរយៈឯកសារបែកធ្លាយថ្មីៗនេះ លោក សម រង្ស៊ី បានទៅលួចចុះហត្ថលេខាជាមួយ លោក កុក ស ដែលជាមេដឹកនាំ ជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា ដោយបានសម្រេចកាត់ទឹកដីខេត្តចំនួន៤ របស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ឱ្យទៅភាគីវៀតណាម ជនជាតិភាគតិច ម៉ុងតាញ៉ា រស់នៅដោយស្របច្បាប់ ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត៕