អាកាសធាតុ​នឹង​ផ្ដើម​ត្រជាក់​ខ្លាំង​ចាប់ពី​ពាក់កណ្ដាល​ខែធ្នូ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (៣០ វិច្ឆិកា ២០១៧) ៖ សីតុណ្ហភាព​ដែល​រៀង​រាល់​ចុងឆ្នាំ​ធ្លាប់តែ​ ១៩​ ឬ​ ២០​អង្សា​សេ​តែ​នៅ​ចុងឆ្នាំ​ឆ្នាំ​២០១៧​និង​ដើមឆ្នាំ​២០១៨​ សីតុណ្ហភាព​នឹង​ចាប់ផ្ដើម​ត្រជាក់​ខ្លាំង​ជាង​រាល់​ឆ្នាំ​ អាច​នឹង​ធ្លាក់​ដល់​ខ្ទង់​ជាង​ ១០​អង្សា​សេ​ ក្នុង​តំបន់​ជួរ​ភ្នំ​ និង​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។​

​តាម​ការ​ឲ្យ​ដឹង​ពី​ លោក​ ចាន់​ យុ​ត្ថា​ អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ អំឡុង​ចុងខែ​វិច្ឆិកា​ ដល់​ដើមខែ​ធ្នូ​ ឆ្នាំ​២០១៧​នេះ​ អាកាសធាតុ​មាន​ស្ថានភាព​ធម្មតា​ ដែល​មិន​ត្រជាក់​ខ្លាំង​ពេក​ទេ​ បើ​ទោះជា​មាន​អ័ព្ទ​ច្រើន​នៅ​ពេល​ព្រឹក​ ហើយ​នៅ​មាន​ភ្លៀង​តិច​តូច​ដោយ​តំបន់​ក្ដី​។​ ក៏​ប៉ុន្ដែ​ចាប់ពី​ពាក់កណ្ដាល​ខែធ្នូ​ ឆ្នាំ​២០១៧​ ដល់​ចុង​ខែមករា​ និង​ចូល​ដល់​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ អាកាសធាតុ​នឹង​ត្រជាក់​ខ្លាំង​ដល់​ជាង​ ១០​អង្សា​សេ​។​

លោក​បញ្ជាក់​ថា​ តំបន់​ដែល​នឹង​មាន​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ដូចនេះ​ រួម​មាន​តំបន់​ជួរ​ភ្នំ​ដងរែក​ ជួរ​ភ្នំ​ក្រ​វ៉ា​ញ​ និង​តំបន់​ទំនាប់​កណ្ដាល​ភាគ​ពាយ័ព្យ​ ដែល​មាន​ដូច​ជា​ខេត្ដពោធិ៍សាត់​ បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ និង​ខេត្ដសៀមរាប​។​

លោក​ ចាន់​ យុ​ត្ថា​ អំពា​វា​នាវ​ដល់​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ឲ្យ​ហើយ​ ដើម្បី​ការពារ​សុខភាព​នៅ​ពេល​ដែល​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​ឈាន​មក​ដល់​ ពិសេស​គឺ​មនុស្ស​ចាស់​ ដែល​ងាយ​នឹង​ប្រឈម​ប​ញ្ហ​សុខភាព​មុនគេ​៕

1

 

 

 

Related Articles

Back to top button
Close
Close