សម្ដេចតេជោ ៖ ប្រសិនបើគ្មានសង្គ្រាមកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កក្កដា ២០១៧) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងនៅថ្ងៃទី៦ ខែកក្កដានេះថា កម្ពុជាបានឆ្លងកាត់សង្គ្រាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹងនិងយល់ច្បាស់នូវលទ្ឋផលសង្គ្រាមពិតណាស់គឺកម្ពុជាឆ្អែតនឹងសង្គ្រាមប្រសិនបើគ្មានសង្គ្រាម និងរបបប្រល័យពូជសាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។
ម្យ៉ាងទៀតដោយសារសង្គ្រាមជាច្រើនទសវត្សកន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើន កប់ក្រោមដី ដែលធ្វើឲ្យប្រជាពលរដ្ឋបានស្លាប់ និងរបួស ពិការ ទន្ទឹមនឹងនេះគ្រាប់មីនគឺបានរារាំងដល់ការដាំដុះ ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ ផងដែរ។
សម្ដេចតេជោបានសរសេរ ក្នុងបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ថា “ហេតុដូច្នេះហើយបានជាយើងត្រូវរួមគ្នាខិតខំថែរក្សាការពារសន្តិភាព អោយបានគង់វង្ស ដើម្បីយើងមានឱកាស កសាងប្រទេសអោយរីកចម្រើន។ អ្វីដែលបានកើតឡើងនៅកម្ពុជា គឺយើងមិនចង់ អោយកើតមានឡើង នៅក្នុងប្រទេសនានាឡើយ។ ទាំងកម្ពុជា និងប្រទេសក្នុងពិភពលោក គឺយើងត្រូវ ការសន្តិភាព”។
សម្ដេចបានសរសេរបន្ថែមថា កន្លងមកគឺមាន មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា Cambodian Mines Action Center -CMAC បាន ធ្វើការបោសសំអាតគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះឲ្យអស់ ដើម្បីប្រជាពលរដ្ឋរស់នៅ និង ប្រកបរបរកសិកម្ម ដោយគ្មានការភ័យខ្លាច។ មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា មិនត្រឹមតែបោសសំអាតមីននៅកម្ពុជាទេ ប៉ុន្តែពេលនេះកំពុងជួយបោសសំអាតមីននៅប្រទេសនានា ក្រោមបេសកកម្មអង្គការ សហប្រជាជាតិផងដែរ។
សម្ដេចបានសរសេរបន្តទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា បានបង្កើតសារមន្ទីរមីន និងគ្រាប់មិនទាន់ផ្ទុះមួយ ដែលមានឈ្មោះថា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” ដែលទទួលបាន ការគាំទ្រ និងឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សារមន្ទីរនេះ មានទីតាំងស្ថិតនៅក្នុង ទីបញ្ជារការស៊ីម៉ាក់CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។
សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ ដូចជា រថយន្តដោះមីនគ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ ប្រមាណ១២លានដុល្លារ អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ៕