មនុស្ស ៥៨នាក់ស្លាប់ និងជាង ៦០នាក់រងរបួសក្នុងការវាយប្រហាររបស់កងទ័ពស៊ីរីលើទីក្រុង Khan Sheikhoun
សារព័ត៌មាន Cambodia News/
ស៊ីរី (០៦ មេសា ២០១៧) ៖ រូបភាពវីដេអូដែលគេបានបញ្ជូនតាមប្រព័ន្ធអ៊ីនធឺណេតកាលពីថ្ងៃអង្គារ មានបំណងចង់ឲ្យឃើញអំពីលទ្ធផលនៃការមន្ទិលសង្ស័យ ពីការវាយប្រហារដោយអាវុធគីមីលើទីក្រុង Khan Sheikhoun ក្នុងខេត្តអ៊ីតលីប ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម។
ក្នុងរូបភាពនេះក៏បានឲ្យឃើញអំពីសកម្មភាពក្រុមការពារជនស៊ីវិលស៊ីរី ដែលគេបានស្គាល់ថាជាក្រុមមួកស បានបាញ់ទឹកទៅលើអ្នកដែលគេជឿថាជាជនរងគ្រោះដោយការវាយប្រហារ។
ស្របពេលជាមួយនេះកុមាររាប់សិបនាក់ ក៏ត្រូវគេមើលឃើញស្ថិតក្នុងចំណោមមនុស្សដេករណូករណែលនៅលើដី ខណៈក្រុមសង្គ្រោះចែកចាយជំនួយជាលើកដំបូង។ ក្រុមអង្កេតផ្នែកសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅអង់គ្លេសឲ្យដឹងថា ការវាយប្រហារដែលគេសង្ស័យថាជាអាវុធគីមីធ្វើឡើងដោយរដ្ឋាភិបាលស៊ីរី និងយន្តហោះចម្បាំងរបស់រុស្ស៊ីបានសម្លាប់មនុស្ស ៥៨នាក់ក្នុងនោះមានទាំងកុមារ ១១នាក់ផងដែរ។
ក្រុមអង្កេតការបន្តថា ការវាយប្រហារចុងក្រោយនេះក៏បានធ្វើឲ្យមនុស្សជាង ៦០នាក់រងរបួសផងដែរ។ ចំណែកប្រភពពីយោធាស៊ីរីបានបដិសេធថា មិនបានប្រើប្រាស់អាវុធគីមីនោះទេ។ ក្រុមអង្កេតការស៊ីរីបន្តទៀតថា ការវាយប្រហារនេះបណ្ដាលឲ្យមនុស្សជាច្រើនថប់ដង្ហើម និងទន់ខ្លួនប្រាណគ្មានកម្លាំង ខ្លះទៀតបែកពពុះមាត់ សញ្ញានេះហើយបានជាគេសន្មតថានេះជាការវាយប្រហារដោយអាវុធគីមីនោះ៕