ហិង្សាក្នុងសង្គមតាមរយៈប្រព័ន្ធផ្សព្វផ្សាយ

កាត់​បន្ថយ​ហិង្សា​ក្នុង​សង្គម​ដោយ​កាត់​បន្ថយ​ខ្លឹម​សារ​ហិង្សា​រ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​

មានការស្រាវជ្រាវ​ជាច្រើនបង្ហាញ​ថាប្រព័ន្ធផ្សព្វផ្សាយបានឆ្លុះបញ្ចាំងពីតំលៃវប្បធម៍ និងសង្គម និង​មាន​ឥទ្ធិពលលើសាធារណៈជាទូទៅ​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន។​ មាន​ការ​បង្ហាញ​ថា​ អំពើហិង្សា​តាម​ទូរ​ទស្សន៍​​មាន​ឥទ្ធិពល​អវិជ្ជមាន​លើ​អ្នក​ទស្សនា​ ជាពិសេស​កុមារ​ដែល​ការ​បង្ហាញ​នោះ​ធ្វើឲ្យ​ពួក​គេ​ធ្វើ​តម្រាប់​​តាម។ ការស្រាវជ្រាវ​ទាំង​នោះរកឃើញថា កម្មវិធីទូរទស្សន៍ដែលផ្ទុកខ្លឹមសារហិង្សាពីដៃគូ​ស្និទ្ធ​​ស្នាល​អាចមាន​ឥទ្ធិពលអវិជ្ជមានដល់អ្នកទស្សនាដូចជា ៖ (១) ធ្វើឲ្យអ្នកទស្សនាយល់ថាអំពើហិង្សា​ជារឿងធម្មតា ហើយ​​វាមិនសូវមានការយកចិត្តទុកដាក់ពីសង្គម។​ (២) ជំរុញឲ្យសង្គម និងជនរងគ្រោះ​ទទួល​យក​នូវ​អំពើ​​ហិង្សាពីដៃគូស្និទ្ធស្នាល​ និង​​ (៣)​ ជំរុញឲ្យមានការកើនឡើងនូវអាកប្បកិរិយាហិង្សា​ (មើល TAF ២០១៥)។​

បើ​តាមការវិភាគ​ឡើង​វិញ​ដោយ​អង្គការ​មូលនិធិអាស៊ី​ឆ្នាំ​២០១៥​លើ​ទិន្នន័យ​នៃ​ការ​អង្កេត​របស់​​ក្រសួង​កិច្ចការ​នារី​ឆ្នាំ​២០០៥​ រកឃើញ​ថា​អ្នក​ទស្សនា​ងាយ​នឹង​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​នៃ​អំពើហិង្សាលើ​ដៃគូ​សិ្នទ្ធស្នាល​​ដល់​ទៅ​១៧៨%ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ទស្សនា​ទូរទស្សន៍។​​

ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹងយុទ្ធសាស្រ្តទី​១ លទ្ធផល​ទី​៨ នៃ​​ផែន​ការ​សកម្មភាព​ជាតិស្ដី​ពីការ​ទប់​ស្កាត់​អំពើ​ហិង្សា​​លើស្រ្តីទី២ ២០១៤-២០១៨​ ចែង​ថាត្រូវ​បង្កើន​ការលើក​កម្ពស់​ការ​ផ្សព្វផ្សាយ​ដែល​អហិង្សា​និង​មាន​សមធ៌ម​យេនឌ័រ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​បាន​រៀប​ចំសកម្មភាពមួយ​ចំនួន​ក្នុង​គោល​បំណង​ជម្រុញ​ឲ្យ​មាន​ការ​ចូលរួម និង​ពន្លឿន​ការ​រៀប​ចំ​ក្រម​សីល​ធ៌ម​ និង​យន្ដ​ការ​ផ្សេង​ៗពី​ស្ថាប័ន​ពាក់ព័ន្ធ​​ក្នុង​ការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ខ្លឹម​សារ​ហិង្សា​ក្នុង​កម្មវិធី​ទូរទស្សន៍។

សកម្មភាព​សម្រាប់​យុទ្ធ​នាការ​១៦​ថ្ងៃ ក្នុង​ការ​បញ្ឈប់​អំពើហិង្សា​លើ​ស្រ្តី និងក្មេងស្រី​ឆ្នាំ​២០១៦​ រួម​មាន​ យុទ្ធ​នា​ការ​អន​ឡាញ មិន​មែន​អនឡាញ ការ​ប្រកួត​ប្រជែង​​​​ ដែលទទួល​បាន​​គាំ​ទ្រ​ថវិកា​ពី​ក្រសួង​ការ​បរទេស​និង​ពាណិជ្ជកម្ម​អូស្រ្តាលី​តាម​រយៈអង្គការ​​មូលនិធិ​អាស៊ី​ និង​កិច្ច​សហការ​ជាមួយ​អង្គការ​ស្រ្តី​ខ្មែរ អង្គការ​យេនឌ័រ​​និង​អភិវឌ្ឍដើម្បី​កម្ពុជា និង​បណ្ដាញ​ពង្រឹង​សិទ្ធិ​អំណាច​ស្រ្តី​វ័យក្មេង​នៅ​កម្ពុជា។​ គោល​បំណង​នៃ​យុទ្ធនាការ​នេះ​គឺ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​របស់​ខ្លឹមសារ​​ហិង្សា​លើ​ស្ត្រី​ឬ​ដៃគូស្និទ្ធស្នាល​ក្នុង​កម្មវិធីទូរទស្សន៍។​

សាធារណៈជន​ដែល​ចាប់​អារម្មណ៍​យុទ្ធ​នាការ​នេះ អ្នក​ចូលរួម​អាច​ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ក្នុង​ការ​ បង្ហោះ(Post)​រូប​ថត​ឬ​វី​ដេអូ​ខ្លី​ ចែករំលែក (Share ) និង បញ្ចេញមតិ (Comment) ដែលភ្ជាប់ជាមួយការពន្យល់ពីផលប៉ះពាល់​អវិជ្ជមាន​នៃ​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ឬ​ដៃគូស្និទ្ធស្នាលក្នុង​កម្ម​វិធីទូរទស្សន៍។ អ្នក​ចូលរួម​អាច​ទាយ​យក​វី​ដេអូ​ខ្លី​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ និង​សម្ភារៈ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​តាម​តំណ​ http://goo.gl/DVkjU9​។ រាល់ការបង្ហោះរូប​ថត​ឬ​វី​ដេអូ​ខ្លី​ ចែករំលែក និង បញ្ចេញមតិ​សូម​វាយ​ #16endipv។​ ជាមួយ​គ្នា​នេះ​ដែរអ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​នឹង​ទទួល​បាន​រង្វាន់​ជា​ការ​លើក​ទឹក​ចិត្ត​ចំនួន​១០​រង្វាន់​ផង​ដែរដែល​ការ​ប្រកាស​ពី​ជ័យ​លាភី​នឹង​រៀប​ចំ​នៅ​សាលប្រជុំ​កិច្ច​សហ​ប្រតិបត្តិ​ការ​កម្ពុជា​-កូរ៉េ ​(CKCC) ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១៦។​

ក្រៅ​ពី​យុទ្ធ​នា​ការ​តាម​រយៈ​អ័ន​ឡាញ​ជា​ប្រចាំថ្ងៃរយៈ​ពេល​១៦​ថ្ងៃ​នេះ អ្នក​ចូលរួម​អាច​ផ្ដល់​​ការ​គាំទ្រការ​បញ្ឈប់​អំពើ​ហិង្សា​ពីដៃគូ​ស្និទ្ធ​​ស្នាលដោយ​ការ​ចូលទៅ​កាន់​តំណ http://goo.gl/B2afQd​។ ក្រៅ​ពី​នេះ​សាធារណៈជន​នឹង​អាចទទួល​បាន​សារ​ជាគន្លឹះ​ស្ដី​ពី​ការ​មិន​គាំ​ទ្រ​កម្មវិធី​ទូរទស្សន៍​ដែល​មាន​បង្ហាញ​ខ្លឹម​សារ​លើ​ដៃ​គូ​ស្និទ្ធ​ស្នាល តាម​ការ​ចែក​ជូន​នូវ​ស្លាក និង​ញ្ញាតិ​គាំ​ទ្រ​ផង​ដែរ។​​

Related Articles

Back to top button
Close
Close