ចេញ​ពី​ផឹក​ស៊ី​ស្រ​វឹង​ជិះ​ម៉ូតូ​ទៅ​បុក​គូ​ទ​រថយន្ត​ចត​នៅ​ក្នុង​យាន​ដ្ឋាន​

ភ្នំពេញ ៖ បុរស២ នាក់ ជិះម៉ូតូចេញពីផឹកស៊ីនៅកន្លែងលក់សាច់ឆ្កែ ស្រាប់តែបើកម៉ូតូឆ្លងផ្លូវ ទៅបុកគូទរថយន្តកូរ៉ូឡា ចតនៅក្នុងយានដ្ឋានជួសជុលរថយន្តគឹម ឈុន មានទីតាំង នៅទល់មុខគ្នានោះ តាមផ្លូវលេខ១៧៣ កែង៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន នៅវេលាម៉ោង៦ និង៣០ នាទីយប់ថ្ងៃទី២២ វិច្ឆិកា ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុបុរស២ នាក់ បាននាំគ្នាទៅផឹកស៊ី នៅកន្លែងលក់ឆ្កែ ដែលនៅទល់មុខនឹងយានដ្ឋានជួសជុលរថយន្តគឹម ឈុននោះ លុះពេលផឹកស៊ីស្រវឹង ហើយបាននាំគ្នាឡើងជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ត្រឡប់ទៅកន្លែងស្នាក់នៅវិញ។

ដោយសារតែស្រវឹងខ្លាំងពេក បានជិះម៉ូតូពីខាងស្តាំជ្រុល ទៅបុកចូលក្នុងយានដ្ឋានជួសជុលរថយន្តនៅខាងឆ្វេងដៃ បណ្តាលឲ្យបុកគូទរថយន្តកូរ៉ូឡា ពណ៌ស្លែ ចតនៅក្នុងយានដ្ឋាន ធ្វើឲ្យបែកស្តុប និងរលាត់ថ្នាំ តែបុរសទាំង២ នាក់ នោះ មិនមានរងរបួសទេ ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត បានទាមទារសំណងជួសជុលរថយន្ត ២០ដុល្លារ តែបុរសទាំងពីរនាក់ បានអង្វរម្ចាស់រថយន្តថា ពួកគេអត់មានលុយទេ មានតែ ១០ដុល្លារ។ ទោះបីអង្វរយ៉ាងណា ក៏ម្ចាស់រថយន្តមិនព្រម បានប្តឹងប៉ូលិសឲ្យយកម៉ូតូទៅរក្សាទុក តែដោយសារមានការអង្វរខ្លាំងពេក ម្ចាស់រថយន្ត បានឲ្យប៉ូលិសយកអត្តសញ្ញាណប័ណ្ណរក្សាទុកសិន រង់ចាំយកលុយមកឲ្យ ១០ដុល្លារទៀត ទើបប្រគល់អត្តសញ្ញាណប័ណ្ណនោះវិញ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close