ផ្ទុះហ្គាសរោងចក្រផលិតទឹកកកចេញឧស្ម័នពុលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ វិច្ឆិកា ២០១៦) ៖ នៅព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៦ នេះ មានករណីធ្លាយធុងហ្គាសរោងចក្រផលិតទឹកកកនៅខាងមុខផ្សារ PC សង្កាត់បឹងទំពន់ខណ្ឌមានជ័យនោះ រឿងកាន់តែអាក្រក់នោះហើយ គឺដោយសារតែបានភាយចេញឧស្ម័នពុលធំក្លិនខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ និងសិស្សសាលា នៅក្បែរនោះផងដែរ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មានមន្ត្រីនគរបាលម្នាក់បានសន្លប់ និងកម្មករ ២នាក់ សន្លប់បាត់ស្មារតី ហើយក្លិនឧស្ម័នកាន់តែភាយ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ដូច្នេះបានឱ្យចាកចេញសិន ខណ:កម្លាំងសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយអន្តរាគមន៍។
គួររំលឹកថា មានករណីអគ្គិភ័យមួយកើតឡើង នៅក្នុងរោងសិប្បកម្មផលិតទឹកកកមុខផ្សារ PC បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង១០នាទីព្រឹកថ្ងៃទី០៨ វិច្ឆិកា ២០១៦ នេះ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
ចំពោះមូលហេតុត្រូវគេសង្ស័យថា អាចបណ្តាលមកពីផ្ទុះធុងហ្គាស ហើយក្នុងហេតុការណ៍នោះ ក៏មានមនុស្ស២-៣នាក់បានរងរបួសផងដែរ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងជួយអន្តរាគមន៍ ៕ ដោយ៖ ហេង នាង